
វ៉ាក់សាំង Covishield។ រូបថត AFP
សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំងជាច្រើនដូស ត្រូវបានអាជ្ញាធររឹបអូសនៅប្រទេសឥណ្ឌា និងអាហ្វ្រិក នៅចន្លោះខែកក្កដា និងសីហា។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន BBC។
វិទ្យាស្ថានផលិតវ៉ាក់សាំងឥណ្ឌា សេរ៉ូមក៏បានបញ្ជាក់ថា វ៉ាក់សាំង ដែលបានរឹបអូសសុទ្ធតែជាវ៉ាក់សាំងក្លែងក្លាយ។ អង្គការសុខភាពពិភពលោកបានព្រមានថា វ៉ាក់សាំងក្លែងក្លាយទាំងនេះ «បង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនៅទូទាំងពិភពលោក»។ អង្គភាពដដែល ក៏បានអំពាវនាវឱ្យមានការបិទចរាចរណ៍វ៉ាក់សាំងទាំងនេះជាបន្ទាន់ផងដែរ។
ទោះយ៉ាងណាមិនទាន់ មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ចេញពីរដ្ឋាភិបាលឥណ្ឌាទេ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រសួងសុខាភិបាលរបស់ខ្លួន កំពុងស៊ើបអង្កេតលើបញ្ហានេះ។
មន្រ្តីសុខាភិបាលដែលមិនស្គាល់អត្តសញ្ញាណម្នាក់បានប្រាប់គេហទំព័រព័ត៌មាន Mintថា៖ «ទោះបីជា យើងមានប្រព័ន្ធរឹងមាំ ដើម្បីការពារករណីបែបនេះក៏ដោយ អ្វីដែលយើងចង់បាន គឺការធានាបានថា គ្មានជនជាតិឥណ្ឌាទទួលវ៉ាក់សាំងក្លែងក្លាយទេ»។
គួរបញ្ជាក់ផងដែរថា វ៉ាក់សាំង Covishield គឺជាវ៉ាក់សាំងរបស់ AstraZeneca ដែលផលិតនៅឥណ្ឌា និងជាវ៉ាក់សាំងដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសឥណ្ឌា និងបានដាក់ឱ្យប្រើប្រាស់ជាង ៤៨៦ លានដូសហើយ រហូតមកដល់ពេលនេះ។
វិទ្យាស្ថានសេរ៉ូម ក៏បានផ្គត់ផ្គង់វ៉ាក់សាំង Covishield រាប់លានដល់បណ្តាប្រទេសនៅអាស៊ីអាហ្វ្រិក និង អាមេរិកខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាផ្នែកមួយនៃគម្រោងចែកចាយវ៉ាក់សាំងសកល Covax និងបានផ្កត់ផ្គង់ទៅដល់ប្រទេសជិតខាងផងដែរ ស្របតាមគោលនយោបាយរបស់ប្រទេសនេះ៕