កាល​ពី​ថ្ងៃ​អាទិត្យ​ ​នាយក​រដ្ឋ​មន្រ្តី​ស៊ុយ​អែត​បាន​ប្រកាស​ថា ​លោក​នឹងលា​លែង​ចេញ​ពី​តំណែង​មុន​​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ ដើម្បី​ផ្តល់​ឱកាស​ដល់​អ្នក​ស្នង​តំណែង​របស់​លោក​ក្នុង​ការ​កែ​លម្អ​ជំហរ​របស់​គណបក្ស​ប្រជាធិបតេយ្យ​។

​នាយក​រដ្ឋ​មន្រ្តី​ស៊ុយ​អែត លោក​ Stefan​ Lofven​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ថា​៖ ​«នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​នឹង​ដឹក​នាំ​ដោយ​អ្នក​ផ្សេង​ក្រៅ​ពី​ខ្ញុំ​។ អ្វី​គ្រប់​យ៉ាង​មាន​ទី​បញ្ចប់​ហើយ​ខ្ញុំ​ចង់​ផ្តល់​ឱ្យ​​អ្នក​ស្នង​តំណែង​របស់​ខ្ញុំ​នូវ​លក្ខខណ្ឌ​ល្អ​បំផុត​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Lofven នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ​ ហើយ​ការ​បោះ​ឆ្នោត​ជា​សកល​ គឺ​នឹង​ធ្វើ​ឡើង​ នៅ​ខែ​កញ្ញា​ ឆ្នាំ ២០២២​។

លោក​ស្រី​ Jenny Madestam អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Sodertorn​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ុយ​អែត​ថា​ អ្នក​ស្នង​តំណែង​លោក ​Lofven ​អាច​មានរដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​លោក​ស្រី ​Magdalena Andersson។ លោក​ស្រី​ក៏​បាន​និយាយ​បន្ថែម​ថា​ រដ្ឋ​មន្រ្តី​នៃ​ក្រសួង​ថាមពល​ លោក Anders Ygeman រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ លោក Morgan Johansson រដ្ឋ​មន្ត្រី​ក្រសួង សហគ្រាសនិងនវានុវត្តន៍ លោក Ibrahim Baylan និង​​​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​ លោក​ស្រី​ Lena​Hallengren​ ក៏​អាច​ជា​បេក្ខជន​ដែល​អាច​ស្នង​តំណាង​របស់​លោក​ Lofven ផង​ដែរ​៕

​​