កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ២២​ សីហា​ មនុស្ស​យ៉ាង​តិច​ ២២​ នាក់​ និង​ជាង​ ៥០​​ នាក់​ទៀត​ បាន​បាត់​ខ្លួន​ បន្ទាប់​ពី​មាន​​គ្រោះ​ទឹក​ជំនន់​បាន​ហូរ​កាត់​តំបន់​ជន​បទ​នៅ​តាម​តំបន់​ទន្លេ​ ស្ទឹង​និង​ព្រៃ​ប្រហែល​ ៩០​ នាទី​ នៅ​ភាគ​ខាង​លិច​ទី​ក្រុង​ Nashville​ រដ្ឋ​ Tennessee​ សហរដ្ឋ​អាមេរិក​​។

ទី​ភ្នាក់​ងារ​គ្រប់​គ្រង​អាសន្ន​នៅ​រដ្ឋ​Tennessee​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖«ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឱ្យ​​មាន​ទឹក​ជំនន់​ដ៏​គ្រោះ​ថ្នាក់​នៅភាគ​កណ្តាល​នៃ​​រដ្ឋ​Tennessee»។​

សេវាកម្ម​អាកាសធាតុ​ជាតិ​ក៏​បាន​រំឭក​ប្រជាជន​នៅ​តំបន់​នោះ​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នៅ​តាម​បណ្តា​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋ​នេះ​។ ទីភ្នាក់​ងារ​ប្រព័ន្ធ​អាកាសធាតុ​ជាតិ ​បាន​និយាយ​ថា​៖ «សូម​កុំ​ចេញ​ក្រៅ​យប់​នេះ​ បើ​មិន​មាន​ការ​ចាំ​បាច់​។ ទឹក​ជំនន់​មាន​គ្រោះ​ថ្នាក់​ជា​ពិសេស​នៅ​ពេល​យប់​»។

លោក​ Chris​ Davis​ មេ​បញ្ជាការ​នៅ ​Humphreys ​បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​ NS WSMV​ នៃ​រដ្ឋ ​Nashville ​ថា ​នៅ​ក្នុង​គ្រោះ​ទឹក​ជំនន់​នេះ​ បាន​បង្កឱ្យ​​មាន​អ្នក​ស្លាប់​ និង​អ្នក​ដែល​កំពុង​បាត់​ខ្លួន​មួយ​ចំនួន​ដែល​នៅ​ក្នុង​ចំណោម​​អ្នក​ដែល​ស្លាប់មាន​ ២ ​នាក់​ ជា​ទារក​ភ្លោះ​ដែល​ត្រូវ​បាន​ឃ្លាត​ចេញ​ពី​ឪពុក​របស់​ពួក​គេ​កំឡុង​ពេល​ដែល​ទឹក​ជំនន់​ហូរ​កាត់​នៅ​តំបន់​ប្រជុំ​ជន​។ លោក​ Davis​ បាន​និយាយ​ថា​ សាក​សព​របស់​បង​ប្អូន​បង្កើត​ទាំង ​២ នាក់​​នោះ​ ត្រូវ​បាន​រក​ឃើញ​ហើយ​។

ការ​កើន​ឡើង​នៃ​ទឹក​ជំនន់​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី ​២២​ សីហា​នេះ ​ខណៈ​​ដែល​ទឹក​ភ្លៀង​បាន​ធ្វើ​អោយ​ជន់​លិច​ទោះ​បី​ជា​តំបន់​នោះ​មាន​បឹង​ ស្ទឹង​ និង​ទន្លេ​ដែល​ជា​ប្រព័ន្ធ​សម្រាប់​ទឹក​ហូរ​ក៏​ដោយ​។ នៅ​តំបន់​ទី​ប្រជុំជន​ McEwen​ ដែល​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត​នៃ​តំបន់​ Humphreys County។​

អំឡុង​ពេល​ភ្លាម​ៗ​នោះ​ផ្លូវ​ថ្នល់​ត្រូវ​បាន​ទឹក​ហូរ​កាត់​ខ្លាំង​ដែល​បង្កជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​រស់​នៅ​តំបន់​នោះ​ត្រូវ​បាន​ព័ទ្ធ​ដោយ​ទឹកទាំង​​នៅ​ខាង​ក្នុង​ផ្ទះ​របស់​ពួក​គេ​។​ អ្នក​ខ្លះ​ត្រូវ​​តោង​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​តាម​បង្អួចចេញ​ទៅ​ខាង​លើ​ផ្ទះ​ដើម្បី​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​ចេញ​ពីតំបន់​គ្រោះ​ថ្នាក់​នេះ​។ អ្នក​ផ្សេង​ទៀត​ជាប់​នៅ​ក្នុង​រថយន្ត​របស់​ពួក​គេ​អ្នក​បើក​បរ​ឡាន​ដឹក​ទំនិញ​ម្នាក់​ បាន​និយាយ​ថា​ លោក​បាន​ជាប់​នៅ​ក្នុង​ទឹក​ជំនន់​អស់​រយៈ​ពេល​ ៨​ ម៉ោង​។​

អ្នក​រស់​នៅ​តំបន់​នោះ​បាន​និយាយ​ថា ​មាន​ការ​ព្រមាន​ពី​គ្រោះ​ថ្នាក់​នេះ​ជា​ផ្លូវ​ការ​តាម​រយៈ​សារ​ជា​អក្សរ​ និង​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ពី​មិត្ត​ភក្តិ​របស់​ពួក​គេ​ទាក់​ទង​នឹង​លទ្ធភាព​ដែល​អាច​មាន​ការ​ជន់​លិច​នៅ​តំបន់​ដែល​ពួក​គេ​រស់​នៅ​។ ប៉ុន្តែ​អ្នក​ខ្លះ​និយាយ​ថា ​ពួក​គេ​មិន​បាន​ដឹង​ពី​ភាព​បន្ទាន់​ដែល​អាច​នឹង​មក​ដល់​នោះទេ​។ សម្រាប់​អ្នក​ផ្សេង​ទៀត​ពួក​គេ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់ដើម្បី​​រៀប​ចំ​អ្វី​ឡើយ​។

លោក​ Rob​ Edwards​ អនុ​ប្រធាន​ការិយាល័យ​ប៉ូលិស​នៅ ​Humphreys​ បាន​និយាយ​តាម​អ៊ីមែល​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​នេះ​អាច​នឹង​កើន​ឡើង​បន្ថែមទៀត​​៕