
បុគ្គលិកសុខាភិបាលអ៊ីស្រាអែលចាក់វ៉ាក់សាំង Pfizerដូសទី៣ឱ្យស្ត្រីម្នាក់នៅមណ្ឌលសេវាសុខភាព Maccabiកាលពីថ្ងៃទិ២០ សីហា។ AFP
បើទោះជា យុទ្ធនាការវ៉ាក់សាំងរបស់អ៊ីស្រាអែល មានលឿនជាងគេនៅលើពិភពលោកក្ដីគេសង្កេតឃើញករណីឆ្លងក្នុងប្រទេសនេះ មានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយសារការរីករាលដាលនៃវ៉ារ្យ៉ង់ដែលតា។
អ៊ីស្រាអែល ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបានចាក់វ៉ាក់សាំងប្រជាជនភាគច្រើន ហើយនៅខែមីនា ប្រជាជនអ៊ីស្រាអែលភាគច្រើនបានយកឈ្នះលើកូវីដទៅហើយ ហើយបើគិតត្រឹមខែមិថុនា ប្រទេសបានបន្ធូរបន្ថយវិធានការរឹតបន្តឹងមួយចំនួន រួមទាំងការពាក់ម៉ាស់ផងដែរ លើកលែងតែការរឹតបន្តឹងព្រំដែនចេញចូលប្រទេសប៉ុណ្ណោះ។
ប៉ុន្តែ ឥឡូវនេះអត្រាឆ្លងបានកើនឡើងដល់ ៥,៤ ភាគរយ ហើយនាយករដ្ឋមន្រ្តីប្រទេសនេះ គឺលោក Naftali Bennett បាននិយាយថា លោកនឹងចាត់វិធានការគ្រប់បែបយ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីបន្ថយអត្រាឆ្លង និងចៀសវាងការបិទខ្ទប់ប្រទេសជាលើកទី៤។
អ្នកជំនាញផ្នែកសុខភាព បាននិយាយថា មានមូលហេតុសំខាន់២យ៉ាងដែលធ្វើឱ្យវ៉ារ៉្យង់ដែលតានេះរីករាលដាលខ្លាំងក្នុងប្រទេសនេះ គឺការកាត់បន្ថយវិធានការពាក់ម៉ាស់កាលពីចុងខែមិថុនា និងការប្រសិទ្ធ ភាពរបស់វ៉ាក់សាំងក្នុងប្រទេស ដែលប្រើប្រាស់វ៉ាក់សាំង Pfizer ដែលមានប្រសិទ្ធភាពទាបជាងវ៉ាក់សាំង Moderna។
សាស្ត្រាចារ្យ Cyril Cohen អនុប្រធានព្រឹទ្ធសភាវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bar Ilan និងជាសមាជិកនៃការប្រឹក្សាវ៉ាក់សាំងការពារជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «វាជាការពិតណាស់ដែលថាវ៉ាក់សាំង Moderna ការពារមនុស្សពីការឆ្លងមេរោគបានល្អជាងវ៉ាក់សាំង Pfizer ប៉ុន្តែវ៉ាក់សាំងទាំង ២ នេះ មានប្រសិទ្ធភាពស្ទើរតែដូចគ្នាក្នុងការប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ»។
ប្រភពដដែលបានបន្ថែមថា៖ «អ្វីដែលសំខាន់វ៉ាក់សាំងទាំង២ សុទ្ធតែជួយទប់ស្កាត់ករណីចូលមន្ទីរពេទ្យដូចគ្នា»។
ទោះយ៉ាងណា អ្នកជំនាញជាច្រើនក៏បានជឿជាក់ថា វ៉ាក់សាំងដូសទី៣ ដែលប្រទេសនេះ កំពុងចែកចាយអាចនឹងមានប្រសិទ្ធភាពក្នុងការការពារវ៉ារ៉្យង់ដែលតា។ អ៊ីស្រាអែល បង្ហាញពីសញ្ញានៃការបង្រ្កាបវ៉ារ៉្យង់ដែលតា ដោយគេឃើញប្រទេសនេះ ចាប់ផ្ដើមបើកចំហសេដ្ឋកិច្ចវិញ និងបានទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃសល់ត្រឹម ៧ ៥០០ ករណីប្រចាំថ្ងៃ និងស្ទើរគ្មានករណីស្លាប់ទាល់តែសោះ។
អ្នកវិទ្យាសាស្ត្រ បានបន្ថែមថា ក្រៅពីកត្តាវ៉ាក់សាំងដូសទី៣ កត្តាផ្សេងទៀត ក៏ទំនងជារួមចំណែកដល់ការថយចុះនៃករណីទាំងនេះផងដែរ។
លោក Eran Segal អ្នកវិទ្យាសាស្ត្រទិន្នន័យនៅវិទ្យាសា្ថន Weizmann បាននិយាយថា៖ «បើទោះចំនួនឆ្លងនៅខ្ពស់នៅឡើយក្ដី ប៉ុន្តែអ្វីដែលយើងមើលឃើញថាមានការផ្លាស់ប្តូរនោះគឺ ការកើនឡើងខ្ពស់នៃអត្រាឆ្លងនិងករណីធ្ងន់ធ្ងរ ពោលគឺមានការថយចុះជាខ្លាំង»។
លោក Segal បានឱ្យដឹងថា៖ «នេះទំនងជាដោយសារតែការចាក់វ៉ាក់សាំងលើកទី៣ បើមិនវ៉ាក់សាំងនេះទេ ចំនួនករណីឆ្លងអាចកើតដល់ ១០ ម៉ឺននាក់ ក្នុង ១ សប្ដាហ៍ ប៉ុន្តែសំណាងល្អហើយ ដែលយើងមានភាពស៊ាំជាសហគមន៍»។
នៅថ្ងៃទី ៣០ ខែកក្កដា ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ ដល់មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ និងក្លាយជាប្រទេសដំបូង ដែលចាប់ផ្ដើមយុទ្ធនាការនេះ។
ហើយកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ប្រទេសនេះ បានពង្រីកសិទ្ធិទទួលបានវ៉ាក់សាំង ដល់មនុស្សអាយុ ៤០ ឆ្នាំឡើងទៅ ដោយវ៉ាក់សាំងដូសទី២ ត្រូវមានគម្លាតយ៉ាងហោចណាស់ ៥ ខែ។ យ៉ាងណាមិញ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ជំងឺរាតត្បាតកំពុងវាយលុកលើក្រុមមនុស្សនេះជាង១លាននាក់ដែល បានទទួលថ្នាំបង្ការលើកទី៣។ នេះយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែលនិងអ្នកវិទ្យាសាស្ត្រ។
ដោយឡែក អត្រានៃការរីករាលដាលនៃជំងឺក្នុងចំណោមមនុស្ស ដែលទទួលវ៉ាក់សាំង ចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅថ្ងៃទី ១៣ ខែសីហា ហើយបានធ្លាក់ចុះជាសញ្ញាណបង្ហាញថា វ៉ាក់សាំងដូសទី៣ ពិតជាមានប្រសិទ្ធភាព៕