ការ​ព្រមាន​​​របស់​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​កំពូល​របស់​រដ្ឋាភិបាល​ លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ថា​ វិបត្តិ​កូវីដ​នឹង​ត្រូវ​បន្ត​​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ ២០២២ ដរាប​ណា​ប្រជាជន​អាមេរិក​ដែល​នៅ​​មាន​ការ​​មន្ទិល​រឿង​វ៉ាក់សាំង​ផ្លាស់ប្តូរ​គំនិត​ពួក​គេ​វិញ​។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​សារព័ត៌មាន CNN។

ការ​ប្រកាស​នេះ​ក៏​មាន​ន័យ​ថា ​ផែនការ​របស់​លោក ចូ បៃដិន​ ​ក្នុង​ការ​យក​ឈ្នះ​លើ​ជំងឺ​រាតត្បាត​ និង​ជំរុញ​រលក​សេដ្ឋកិច្ច​ចូល​​ទៅ​ក្នុង​យុទ្ធនាការ​សម្រាប់​លទ្ធផល​បោះឆ្នោត​សភា​នៅ​ខែ​វិច្ឆិកា ឆ្នាំ​ក្រោយ​ អាច​នឹង​ត្រូវ​រង្គោះរង្គើ​ដូច​គ្នា​​។ ជំងឺ​រាតត្បាត​ដែល​រីក​រាលដាល​ស្ទើរ​ ​២ ឆ្នាំ​ពេញ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​។ ​លោក បៃដិន ត្រូវ​ពឹង​ផ្អែក​ផែនការ​​ស្ដារ​ឡើង​វិញ​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ជា​ទូទៅ និង​បង្ក​ឱ្យ​មាន​អារម្មណ៍​ជូរ​ចត់​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ដែល​អាច​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​លោក​​នៅ​អាណត្តិ​ក្រោយ​​។ យោង​តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន​ NBC និង CBS ​នាពេល​ថ្មីៗ​​នេះ​ការ​​វាយ​តម្លៃ​​​លើ​ការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​របស់​លោក​ Biden ​កំពុង​ធ្លាក់​ចុះ​។

យោង​តាម​ការ​ស្ទង់មតិ​របស់​សារព័ត៌មាន​ NBC មនុស្ស​ពេញ​វ័យ​ ៤៩ ភាគរយ ​គាំទ្រ​លើ​ការ​ដឹកនាំ​របស់​លោក បៃដិន ទូទៅ​ ខណៈ ៤៨ ​ភាគរយ​មិន​គាំទ្រ​។ ការ​ស្ទង់​មតិ​បាន​​បង្ហាញថា​ ជនជាតិ​អាមេរិក​ចំនួន ៥៣ ភាគរយ​ គាំទ្រ​ដំណោះ​​ស្រាយ​របស់​ប្រធានាធិបតី​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ឆ្លង​ពោល​ គឺ​មាន​ការ​ធ្លាក់​ចុះ ១៦ ពិន្ទុ​ ចាប់​ពី​ខែ​មេសា​ មក។

ជំងឺ​រាតត្បាត​ដែល​អាច​គ្រប​ដណ្តប់​រហូត​​ដល់​​ដើម​ខែ​ដើម​ឆ្នាំ​ ២០២២ ​នឹង​ធ្វើ​ឱ្យ​វា​កាន់​តែ​ពិបាក​ដល់​លោក បៃដិន ក្នុង​ការ​រក្សា​សីលធម៌​សាធារណៈ និង​ការ​ប្តេជ្ញា​ចិត្ត​លើ​វិធាន​ការពារ​រួម​មាន​ការ​ដាក់​កំហិត​ឱ្យ​ពាក់​​ម៉ាស់​​ និង​ផ្នត់​គំនិត​នយោបាយ​បំពុល​ផ្សេង​ទៀត​ ដែល​កាន់​តែ​ធ្វើ​ឱ្យ​​វិធាន​ទប់ស្កាត់​ការ​រីក​រាលដាល កាន់​តែ​ពិបាក​បន្ថែម​ទៀត​។

ប្រសិន​បើ​វិបត្តិ​នេះ ​បន្ត​កាន់​តែ​យូរ​ នោះ​វា​នឹង​កាន់​តែ​ផ្តល់​ឱកាស​ដល់​គណបក្ស​សាធារណរដ្ឋ​ ដែល​កំពុង​រង់ចាំ​ឱកាស​កាន់​តំណែង​ប្រធានាធិបតី​ និង​កំពុង​តែ​ចាប់​កំហុស​រឿង​ការ​ភៀស​ខ្លួន​ដ៏​វឹកវរ​នៃ​ប្រជាជន​អាហ្វហ្គានីស្ថាន​ ដើម្បី​លាបពណ៌​នៃ​​ការ​ធ្លាក់​ចុះ​នៃ​នយោបាយ​របស់​លោក​ បៃដិន​ បន្ថែម​។

ការ​រីក​រាលដាល​នៃ​មេរោគ​ថ្មីៗ ដែល​បណ្ដាល​មក​ពី​វ៉ារ៉្យង់​ដែលតា​ កាន់​តែ​រីក​រាលដាល​ខ្លាំង ​ដោយសារ​នៅ​មាន​ប្រជាជន​អាមេរិក​នៅ​រដ្ឋ​ភាគ​ខាង​ត្បូង​ដែល​នៅ​មាន​គំនិត​អភិរក្ស​និយម​ និង​សង្ស័យ​លើ​ដំបូន្មាន​ និង​វិទ្យាសាស្ត្រ​រដ្ឋាភិបាល។​

ការ​សង្ស័យ​ទាំង​នេះ គាំទ្រ​ដោយ​មេ​ដឹកនាំ​នយោបាយ​អភិរក្ស​បូក​ផ្សំ​នឹង​ការ​ឃុបឃិត​ដែល​ជំរុញ​ឱ្យ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ខាង​ស្តាំ​និយម​ អាច​នឹង​បង្កើន​ប្រជាប្រិយភាព​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​សភា​នៅ​ឆ្នាំ​ក្រោយ​។

បើ​ទោះ​ជា​ការ​ព្យាករ​របស់​អ្នក​ជំនាញ​ថា វិបត្តិ​នេះ​នឹង​បន្តដល់​ពាក់​កណ្ដាល​ឆ្នាំ​ ២០២២ នេះ​មិន​មែន​មាន​ន័យ​ថា​ វិបត្តិ​នេះ​នឹង​បញ្ចប់​ភ្លាម​តាម​ការ​ព្យាករ​នោះ​ទេ ពោល​គឺ​អាច​នឹង​យូរ​ជាង​នេះ​ ដែល​ការ​ពន្យារ​នេះ ​ស្ទើរ​តែ​មិន​បាន​ទុក​ពេល​ដល់​រដ្ឋបាល​លោក​ បៃដិន​ ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ និង​សាង​ស្នាដៃ​ និង​ទំនុក​ចិត្ត​ដល់​ការ​បោះ​ឆ្នោត​សភា​ខាង​មុខ។

ការ​រង់ចាំ​ឱ្យ​មាន​ការ​អនុម័ត​វ៉ាក់សាំង Pfizer/BioNTech ​ពី​​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក​ដែល​អាច​នឹង​ជំរុញ​ប្រជាជន​អាមេរិក​ដែល​សង្ស័យ​លើ​វ៉ាក់សាំង​ឱ្យ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ខ្លួន​វិញ​ ហាក់​ដូច​ជា​យឺត​ពេល​ខ្លាំង​ ដោយសារ​ការ​​រីក​រាលដាល​នៃ​វ៉ារ៉្យង់​ដែលតា​បាន​រីក​រាលដាល​ពាសពេញ​ទៅ​ហើយ។

បន្ថែម​ពី​បញ្ហា​វិបត្តិ​កូវីដ និង​បញ្ហា​អាហ្វហ្គានីស្ថាន​ បញ្ហា​ដោយ​ឡែក​មួយ​ទៀត​ ដែល​ក្លាយ​ជា​ឧបសគ្គ​ដល់​​ការ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ បៃដិន​ គឺ​​ច្បាប់​ទ្វេ​ភាគី​ដែល​មាន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ស្ដីពី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​ និង​ផែនការ​​ថវិកា​តម្លៃ ៣,៥ ទ្រីលាន​ដុល្លារ។

លោក David Axelrod ​អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​សេតវិមាន លោក​ អូបាម៉ា​ បាន​និយាយ​នៅ​ក្នុង​​បទសម្ភាសមួ​យ​ថា​៖ «​ខ្ញុំ​គិត​ថា​ ផែនការ​​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​យក​រថយន្ត​សឺមី​ធំ​មួយ​ទៅ​ចត​កន្លែង​ចត​តូច​ ១ ​អ៊ីចឹង​។ យើង​ត្រូវ​សេរ៉េ​ទៅ​ឆ្វេង​បន្តិច​ ស្ដាំ​បន្តិច ម្ដង​បន្តិចៗ​ទម្រាំ​ចូល​ចត​បាន​ត្រឹមត្រូវ​»៕