
លោកប្រធានាធិបតី ចូ បៃដិន។ AFP
មន្រ្តីអាមេរិកបាននិយាយនៅក្នុងសេចក្តីសង្ខេបកាលពីថ្ងៃសុក្រថា សហគមន៍ចារកម្មអាមេរិកមិនអាចដោះស្រាយអាថ៌កំបាំងប្រភពកូវីដ ដោយធ្វើការជែកវែកញែកថាតើឧបទ្ទវហេតុមន្ទីរពិសោធន៍ចិនជាប្រភពនៃកូវីដ ១៩ ឬយ៉ាងណានោះទេ ប្រសិនបើចិនមិនព្រមផ្ដល់ព័ត៌មានបន្ថែម។
មន្រ្តីអាមេរិកបាននិយាយថា មានតែប្រទេសចិនទេដែលអាចជួយដោះស្រាយបញ្ហាអំពីប្រភពដើមពិតនៃមេរោគដែលបានសម្លាប់មនុស្ស ៤,៦ លាននាក់នៅទូទាំងពិភពលោក។ មន្ត្រីដដែល បាននិយាយថា៖ «កិច្ចសហប្រតិបត្តិការរបស់ចិន ទំនងជាត្រូវការដើម្បីឈានដល់ការវាយតម្លៃសន្និដ្ឋានអំពីប្រភពដើមនៃជំងឺកូវីដ ១៩»។
ប្រធានាធិបតី ចូ បៃដិន ដែលទទួលបានរបាយការណ៍ដាច់ដោយឡែកមួយនៅសប្តាហ៍នេះ បានធ្វើសេចក្ដីសង្ខេបការស៊ើបអង្កេតដែលលោកបានបញ្ជានោះថា ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួននឹងបន្ត សង្កត់ចិនដើម្បីរកចម្លើយ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព័ត៌មានសំខាន់អំពីដើមកំណើតនៃជំងឺរាតត្បាតនេះ មាននៅក្នុងសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែតាំងពីដំបូងមកមន្រ្តីរដ្ឋាភិបាលនៅក្នុងប្រទេសចិនបានធ្វើការរារាំងអ្នកស៊ើបអង្កេតអន្តរជាតិ និងសមាជិកនៃសហគមន៍សុខភាពសាធារណៈពិភពលោក មិនឱ្យទទួលបានឯកសារទាំងនេះ»។
សេចក្តីសង្ខេបដែលចេញផ្សាយដោយការិយាល័យនាយកចារកម្មជាតិត្រូវបានកំណត់ ដើម្បីបង្កើនភាពមិនចុះសម្រុងគ្នារវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅពេលដែលទំនាក់ទំនងស្ថិតនៅចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នៅសហរដ្ឋអាមេរិកសកម្មជនព្រួយបារម្ភថាការស៊ើបអង្កេតនេះក៏អាចលើកទឹកចិត្តអំពើហឹង្សាលើជនជាតិអាមេរិកដើមកំណើតអាស៊ីផងដែរ។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏បានចេញសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះ បាននិយាយខុសថា ចិនបានបន្តរារាំងការស៊ើបអង្កេតហើយបានបន្ថែមថា៖ «របាយការណ៍ដែលប្រឌិតដោយសហគមន៍ចារកម្មអាមេរិកមិនគួរឱ្យជឿតាមបែបវិទ្យាសាស្ត្រទេ»៕