មហាសេដ្ឋី ជេក ម៉ា ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិនឈ្មោះថា Alibaba គ្រោងនឹងបរិច្ចាគប្រាក់រាប់ពាន់លានដុល្លារសម្រាប់ការផ្គត់ផ្គង់ចង្វាក់ម្ហូបអាហារផ្ទាល់ខ្លួននៅក្នុងឧទ្យានដីសើមជាតិសម្រាប់ទីក្រុងហាំងចូវ (Hangzhou) ដែលជាស្រុកកំណើតរបស់លោក។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Financial Times។

យ៉ាងណាមិញ តំបន់នេះគ្រាន់តែជាផ្នែកមួយនៃការកាន់កាប់ដែនដីដ៏ធំសម្បើមរបស់លោកក្នុងទីក្រុងនេះប៉ុណ្ណោះ។ មន្រ្តីរដ្ឋាភិបាលចូលនិវត្តន៍ម្នាក់ដែលបានធ្វើការជាមួយក្រុមហ៊ុននេះអស់រយៈពេលជាង ១ ទសវត្សរ៍ បាននិយាយថា៖«គេគ្រប់គ្នាហៅទៅទីក្រុងនេះថា ពាក់កណ្តាលទីក្រុងម៉ា»។

លោកបានបន្ថែមថា ការកាន់កាប់នេះផ្នែកខ្លះគឺលោក ម៉ា អ្នកទិញ ហើយផ្នែកខ្លះទៀត គឺជាអំណោយពីរដ្ឋាភិបាល បន្ទាប់ពីលោកបានបរិច្ចាគរួច។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលឧកញ៉ាចិនជាច្រើន បានឆក់យកអចលនទ្រព្យថ្លៃៗបំផុតនៅក្នុងពិភពលោករួមមានដូចជា កំពូលភ្នំវីកទ័ររបស់ហុងកុង សួនច្បារខេនស៊ីងតុនផាលស៍របស់ទីក្រុងឡុងដ៍ និងតំបន់ប៉ែកខាងលើនៃទីក្រុងញូវយ៉កផងដែរ។ ឧកញ៉ាដទៃទៀត បានប្រមូលទិញក្លឹបបាល់ទាត់ល្បីៗពីអង់គ្លេស ចម្ការទំពាំងបាយជូរ Bordeaux ស្ទូឌីយោហូលីវូដនិងសារព័ត៌មានអន្តរជាតិដទៃទៀត។

ឥឡូវនេះ លោក ម៉ា និងក្រុមមហាសេដ្ឋីបច្ចេកវិទ្យានានា កំពុងចាប់ផ្ដើមស្មារតីសង្គមនិយមរបស់ខ្លួន តាមរយៈការបរិច្ចាគនិងសប្បុរសធម៌ជាសាធារណៈ ដែលទទួលបានជាថ្នូរពីរដ្ឋាភិបាលមកវិញ។សេចក្តីសប្បុរសទាំងនេះ បានចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលឥស្សរជនសាជីវកម្ម ដែលមានប្រាក់និងមានអំណាចបំផុតរបស់ប្រទេសនេះ ព្យាយាមផ្គាប់ចិត្តប្រធានាធិបតីចិន លោក ស៊ី ជីន ភីង។

ហេតុដូចនេះហើយទើប វិស័យសប្បុរសធម៌ដែលកំពុងលូតលាស់របស់ចិន បង្កើតឱ្យមានមន្ទិលលាយឡំជាមួយនឹងការភ័យខ្លាច នឹងការពង្រីកអំណាច ការរឹតត្បិតវិស័យនេះបន្ថែមក្នុងប្រទេសនេះ។ វិស័យសប្បុរសធម៌នេះ កើតឡើងជាបន្តបន្ទាប់ ក្រោយមានការរាំងស្ទះបទប្បញ្ញត្តិនិងការទប់ស្កាត់គោលនយោបាយ ដែលផ្តោតលើបច្ចេកវិទ្យាពីទីក្រុងប៉េកាំង ដែលជាការបង្រ្កាបយ៉ាងទូលំទូលាយនាពេលថ្មីៗ ដែលបានបំផ្លាញទឹកប្រាក់រាប់សិបពាន់លានដុល្លាររបស់អាជីវកម្មធំៗ និងស្ថាបនិកមួយចំនួនរបស់ប្រទេស។

នាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌ធំមួយនៅទីក្រុងប៉េកាំង បាននិយាយថា៖«អ្វីដែលគួរឱ្យខ្លាចបំផុត(សម្រាប់អ្នកបរិច្ចាគ)នោះគឺ ថាពួកគេមិនដឹងថា ត្រូវបន្តបរិច្ចាគប៉ុនណាទើបគ្រប់គ្រាន់ទេ។ អ្វីដែលពួកគេអាចធ្វើបានគឺ ត្រូវមើលគេមើលឯងថាតើគេបានបរិច្ចាគប៉ុន្មាន ហើយព្យាយាមបរិច្ចាគឱ្យបានប្រហែលគ្នា»។

គណបក្សកុម្មុយនីស្តចិន ចាប់ផ្ដើមយកចិត្តទុកដាក់លើការជួយសង្គមកាន់តែខ្លាំងនៅខែនេះ បន្ទាប់ពីគណបក្សដដែលនេះបានអំពាវនាវឱ្យមានបទបញ្ជាតឹងរ៉ឹងលើ«ការជំរុញដល់ក្រុមហ៊ុនប្រាក់ចំណូលខ្ពស់ហួសប្រមាណឱ្យផ្ដល់ជំនួយសង្គមវិញកាន់តែច្រើន»។

នេះបើតាមការឱ្យដឹងពីសន្ទរកថា របស់គណបក្សនេះ បន្ទាប់ពីកិច្ចប្រជុំរៀបចំផែនការសេដ្ឋកិច្ចកម្រិតខ្ពស់កាលពីសប្តាហ៍មុន ដែលលើកឡើងអំពីសារៈសំខាន់នៃគោលការណ៍ «វិបុលភាពរួម» ក្នុងសង្គម។

ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសរបស់គណបក្សនេះ ក្រុមហ៊ុន Tencent ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមហ្គេមនិង FinTech ដ៏ធំបំផុតរបស់ចិនបានប្រកាសថា ខ្លួនបរិច្ចាគ ៧,៧ ពាន់លានដុល្លារ សម្រាប់ «កម្មវិធីវិបុលភាពរួម» របស់រដ្ឋាភិបាល។

នៅសប្តាហ៍នេះផងដែរ លោក Chen Lei នាយកប្រតិបត្តិនៃក្រុមហ៊ុន Pinduoduo ដែលជា វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកធំបំផុតមួយរបស់ប្រទេសចិន ក៏បានចូលរួមក្នុងការសន្យាមួយថានឹងរួមចំណែក ១,៥ ពាន់លានដុល្លារនៃប្រាក់ចំណូលនាពេលអនាគតរបស់ក្រុមហ៊ុន ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មកសិកម្មនិងការធ្វើឱ្យប្រសើរឡើងនៅជនបទ។

ក្រុមហ៊ុនផ្សេងៗទៀត ក៏បានប្រកាសពីការរួមចំណែកសង្គមថ្មីនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះជាបន្តបន្ទាប់រួមមាន ក្រុមហ៊ុនមូលបត្រឯកជនរបស់លោក Zhang Lei និងក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ Meituan របស់លោក Xing Wang ផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមទាំង ក្រុមហ៊ុន Alibaba ក្រុមហ៊ុនសេវាកក់ជិះរថយន្ត Didi, ក្រុមហ៊ុន Tencent និងក្រុមហ៊ុន Pinduoduo ទាំងអស់បានបរិច្ចាគប្រាក់រាប់សិបលានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ហឺណានដែលបង្កឱ្យមានការស្លាប់មនុស្សកាលពីខែមុន។

បើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវ Hurun ដែលជាក្រុមស្រាវជ្រាវមានមូលដ្ឋាននៅប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនសាច់ប្រាក់ដែលបរិច្ចាគប្រចាំឆ្នាំ ដោយសហគ្រិនកំពូលទាំង ១០ របស់ចិនបានកើនឡើងជិត ៣ ដង។ ទិន្នន័យដែលចងក្រងដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ការបរិច្ចាគពីសំណាក់មហាសេដ្ឋីចិននៅឆ្នាំនេះគឺខ្ពស់ជាង ២០ ភាគរយឆ្នាំ ២០២០។

យោងតាមមន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុចិនម្នាក់ ការបរិច្ចាគនេះតែងត្រូវបានគេលើកទឹកចិត្តជាយូរមកហើយ ដែលការផ្តល់អំណោយសប្បុរសធម៌នេះត្រូវបានគេហៅថាការបែងចែកប្រាក់ចំណូលទី៣ ហើយឥឡូវនេះវាស្ថិតនៅជួរមុខនៃរបៀបវារៈគោលនយោបាយរបស់គណបក្សទៅហើយ។

បច្ចុប្បន្ន គេសង្កេតឃើញមានការដាក់សម្ពាធកាន់តែខ្លាំងឡើង ចំពោះក្រុមហ៊ុននិងឧកញ៉ានានាដើម្បីផ្លាស់ប្តូរសកម្មភាពសប្បុរសធម៌របស់ពួកគេជាជំហានៗ ជាមួយគណបក្សកុម្មុយនីស្តចិនដែលជាការផ្លាស់ប្តូរនេះ អ្នកជំនាញបាននិយាយថា ជាការគំរាមកំហែងដល់បំណងល្អរបស់ក្រុមហ៊ុនទាំងនេះ៕