នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​​ Armin Laschet​, Olaf Scholz​ និង​ Annalena Baerbock ​បាន​ពិភាក្សា អំពី​ដំណោះស្រាយ​ការ​ប្រែប្រួល​​អាកាសធាតុ​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អធិការបតី ​កាន់​តែ​ខិត​ជិត​មក​ដល់​។

លោក​ស្រី​ Baerbock​ បាន​និយាយ​ថា ​​គណបក្ស​របស់​លោក​ស្រី​ នឹង​ប្រើ​ប្រាស់​ដី​អាល្លឺម៉ង់​ចំនួន​ ២​ ភាគ​រយ​ដើម្បី​ដាក់​ទួរប៊ីនខ្យល់ ហើយ​ផ្ទះ​ដែល​ទើប​សាង​សង់ថ្មី​ នឹង​ត្រូវ​មាន​បន្ទះ​សូឡា​នៅ​លើ​ដំបូល​ ហើយ​អនុញ្ញាត​ឱ្យ​លក់​​តែ​រថយន្ត​ដែល​គ្មាន​ការ​បំភាយ ​ចាប់​ពី​ឆ្នាំ ​​២០៣០​។ ប៉ុន្តែ​លោក Laschet បាន​និយាយ​ថា​​ ការ​ធ្វើ​បែ​ប​នេះ​ គឺជា​​ការ​ដាក់​សម្ពាធ​ទៅ​លើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​។

អ្នក​ទាំង​៣ហាក់​ដូច​ជាស្រប​គំនិត​គ្នា​ច្រើន​ដូច​ជា​លើ​បញ្ហា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ និងជំ​ងឺ​​រាត​ត្បាត​កូវីដ ១៩​។ ប៉ុន្តែ​ពួកគេ​មាន​គំនិត​ខ្វែង​គ្នា​តែ​ទៅ​លើ​ប្រធាន​បទ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​។

អ្នក​ទាំង​ ៣​ ​ក៏​មិន​យល់​ស្រប​លើ​គោល​នយោបាយ​ពន្ធ​ផង​ដែរ​ដោយ​លោក​ Scholz​ បាន​អំពាវនាវឱ្យ​ ​ដំឡើង​ពន្ធ​លើ​ប្រាក់​ចំណូល​លើ​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់។ ​ប៉ុន្តែ​លោក ​Laschet​ ដែល​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋ​នៅ​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​ North Rhine-Westphalia បាន​បដិសេធ​ការ​ដំឡើង​ពន្ធ​នេះ​។ លោក​បាន​និយាយ​ថា​ ការ​ដំឡើ​ង​ពន្ធ​ជា​វិធីសាស្រ្ត​មួយ​មិន​សម​ស្រប​ក្នុង​អំ​ឡុង​ពេល​​សេដ្ឋកិច្ច​បែប​នេះ​៕