ក្រុម​មេ​ដឹក​នាំ​អាហ្វហ្គានីស្ថាន​ជើង​ចាស់ ​១ ក្រុម កំពុង​ជជែក​គ្នា​ជា​មួយ​ក្រុម​តាលីបង់ ​ហើយ​គ្រោង​នឹង​ជួប​គ្នា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ ដើម្បី​​​ចរចា​ស្តី​​ពី​រដ្ឋាភិបាល​បន្ទាប់​របស់​ប្រទេស​នេះ​។

លោក​ Khalid​ Noor​ កូន​ប្រុស​របស់​លោក​ Atta​ Mohammad​ Noor ​ដែល​ជា​អភិបាលនៅ​ខេត្ត​ Balkh​ ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា​ ក្រុម​នេះ​រួម​មាន​មេដឹក​នាំ​ជន​ជាតិ​ភាគ​តិច​អ៊ូសបេក ​លោក ​Abdul​ Rashid​ Dostum ​និង​អ្នក​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​ការ​ចូល​កាន់​កាប់​របស់​តាលីបង់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​​។

លោក​​ Khalid​​ Noor​ អាយុ​ ២៧ ​ឆ្នាំ ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ថា​៖ «យើង​ចូល​ចិត្ត​​ចរចារួម​​គ្នា​ ព្រោះ​វា​មិន​មែន​ថា​បញ្ហា​អាហ្វហ្គានីស្ថាន ​ត្រូវ​ដោះ​ស្រាយ​ដោយ​យើង​ម្នាក់​ទេ​»។ លោក​បាន​បន្ត​ថា​ ការ​ចរចាមាន​សារៈ​សំខាន់​សម្រាប់​សហគមន៍​នយោបាយ​ទាំង​មូល​របស់​ប្រទេស​ ជាពិសេស​​មេ​ដឹក​នាំ​ដែល​មាន​អំណាច​ដោយ​មាន​ការ​គាំ​ទ្រ​ពី​សាធារណជន​៕