ប្រទេស​អូស្ត្រាលី​ កំពុង​ត្រៀម​បើក​ដំណើរការ​ទិដ្ឋាការ​ថ្មី​ដែល​បង្កើត​ដើម្បី​បង្កើន​ចំនួន​ជន​បរទេស​មក​ធ្វើ​ការ​នៅ​កសិដ្ឋាន​អូស្ត្រាលី​។

ក្នុង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សម្រាប់​ទិដ្ឋាការ​ថ្មី​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​លោក​ David​ Littleproud ​បាន​និយាយ​ថា​ រដ្ឋាភិបាល​នឹង​ផ្តោត​លើ​ប្រទេស​ដែល​មាន​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ជា​យូរ​មក​ហើយ​ដូច​ជា​ប្រទេស​ហ្វីលីពីន​ ថៃ​ សិង្ហបុរី​ វៀតណាម​ កូរ៉េខាងត្បូង​ ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ អាស៊ាន​)។​

ទិដ្ឋាការ​ថ្មី​នេះ​នឹង​ផ្តល់​ជូន​ដល់​កម្មករ​ និង​និយោជិត​ទូទាំង​វិស័យ​កសិកម្ម​ វិស័យ​ជលផល​ និង​ព្រៃ​ឈើ​។ ទិដ្ឋាការ​សម្រាប់​វិស័យ​កសិកម្ម​នៅ​អូស្រ្តាលី​ជា​វិធីសាស្រ្ត​ព្យាយាម​ផ្តល់​នូវ​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​កង្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​ប្រហែល​ ៣​ ភាគរយ​ទិន្នផល​សរុប​របស់​ប្រទេស​អូស្ត្រាលី​។

វិធីសាស្រ្ត​​ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​​ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​អូស្ត្រាលី​ រយៈពេល​ ៣ ​ឆ្នាំ​ ដោយ​មាន​តម្រូវ​ការ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​រយៈពេល​ ៣ ​ខែ​ជា​រៀង​រាល់​ឆ្នាំ​។ ប្រសិន​បើ​ជន​ចំណាក​ស្រុក​ដែល​មក​ធ្វើ​ការ​នៅ​ប្រទេស​អូស្រ្តាលី​ យល់ព្រម​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ដែល​បាន​អនុញ្ញាត​លើស​ពី​ ៣ ឆ្នាំ​ ពួក​គេ​​ក៏​អាច​ដាក់​ពាក្យ​សុំ​ស្នាក់នៅ​អចិន្រៃ្តយ៍៍​បាន​ដែរ​។

តាម​តួ​លេខ​ស្ទង់​មតិ​ផ្ទាល់​របស់​សហព័ន្ធ​កសិករ​អូស្ត្រាលី​កសិករ​ប្រហែល​​ ៨០​ ភាគរយ​ បាន​ជួប​ប្រទះ​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្វែងរក​កម្មករ​។

ទិដ្ឋាការ​នេះ​ក៏​ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​នឹង​ការ​កើន​កម្លាំង​ពលករ​កម្មករ​ដោយ​និយោជិត​ដែល​​អាច​នឹង​ផ្តល់​ប្រាក់​ទាប​ជាង​​តម្លៃ​ទីផ្សារ​ ដោយសារ​កំណើន​នៃ​ជន​ចំណាក​​ស្រុក​​មក​ប្រទេស​អូស្ត្រាលី​ ផង​ដែរ​។

ប្រធាន​សហព័ន្ធ​កសិករ​អូស្ត្រាលី​ លោក​ Fiona​ Simson​ បាន​និយាយ​ថា​៖ «អ្វី​ដែល​ត្រូវ​ការ​ គឺ​ទិដ្ឋាការ​ដែល​អាច​បត់បែន​បាន​ និង​អាច​ឱ្យ​ពួក​គេ​ចល័ត​បាន​ ដើម្បី​អាច​ឱ្យ​កម្មករ​ផ្លាស់​ប្តូរ​ពី​កសិដ្ឋាន​ ១ ទៅ​កសិដ្ឋាន​ ១»។ លោក​បាន​និយាយ​បន្ថែម​ថា​ កសិដ្ឋាន​លក្ខណៈ​គ្រួសារ​តូចៗ​ជា​ច្រើន​មិន​អាច​ផ្តល់​ការងារ​ទៅ​កម្មករ​ដែល​ត្រូវ​ការ​ក្រោម​ទិដ្ឋាការ​ជាក់​លាក់​បាន​នោះ​ទេ​។​

ទោះ​យ៉ាង​ណា ​អ្នក​ស្រាវជ្រាវ​វិស័យ​កសិកម្ម​ខ្លះ​ជឿ​ជាក់​ថា​ ទិដ្ឋាការ​ដែល​ផ្តោត​សំខាន់​លើ​បណ្តា​ប្រទេស​អាស៊ី ​គឺ​មិន​ផ្អែក​តែ​ទៅ​លើលទ្ធភាព​នៃ​​ចំនួន​ពលករ​ចំណាក​ស្រុក​តាម​បណ្តា​ប្រទេស​នីមួយៗ​នេះ​ទេ។​

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​ ២០១៨​ អ្នក​ជំនាញ​ខាង​វិស័យកសិកម្ម​លោក​ Joanna​ Howe ​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​ Adelaide ​បាន​សរសេរ​ថា​ និយោជក​មាន​ទំនោរ​ជ្រើសរើស​កម្មករ​ផ្អែក​លើ​ការ​យល់​ឃើញ​ថា ​កម្មករ​ទាំង​នោះ​ងាយ​ស្រួល​គ្រប់គ្រង​ និង​មាន​តម្លៃ​ពលកម្ម​ទាប​៕