
បុគ្គលិកសុខាភិបាលធ្វើតេស្តអ្នកដំណើររកជំងឺកូវីដ ១៩ ក្នុងទីក្រុងម៉ៃអាមី រដ្ឋហ្វ្លរីដា កាលពីថ្ងៃទី ៣០ សីហា។ AFP
អាមេរិកកំពុងប្រឈមនឹងកង្វះមន្ទីរពេទ្យ និងអុកស៊ីហ្ស៊ែន ខណៈមេរោគកូវីដ ១៩ បន្តរាតត្បាតលើរដ្ឋមួយចំនួនក្នុងប្រទេស ដោយសារប្រជាជនអាមេរិកមួយចំនួននៅមិនព្រមទទួលវ៉ាក់សាំង និងឥទ្ធិពលនៃវ៉ារ្យ៉ង់ដែលតាកំពុងរាតត្បាតលើប្រជាជនរាប់លាននាក់នៅអាមេរិក។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន CNN។
មន្ទីរពេទ្យជាច្រើននៅរដ្ឋហ្វ្លរីដា រដ្ឋខារ៉ូលីណាខាងត្បូង រដ្ឋតិចសាស់ និងទីក្រុងល្វីស្យាណា កំពុងជួបបញ្ហាកង្វះអុកស៊ីហ្ស៊ែន។ យោងតាមមន្រ្តីសុខាភិបាលរដ្ឋនិងអ្នកប្រឹក្សាមន្ទីរពេទ្យអ្នកខ្លះប្រឈមនឹងហានិភ័យដែលត្រូវប្រើការផ្គត់ផ្គង់អុកស៊ីហ្ស៊ែនភ្លាមៗ។ ដោយសារ ការបន្តកើនឡើងនៃករណីកូវីដ ១៩ តម្រូវការអុកស៊ីហ្ស៊ែនបានកើនឡើងកាន់តែច្រើនឡើងហើយមន្ទីរពេទ្យមិនអាចផ្គត់ផ្គង់តម្រូវការទាំងនេះទាន់។ នេះបើតាមឱ្យដឹងពីលោក Donna Cross នាយកជាន់ខ្ពស់ផ្នែកបរិក្ខារនិងសំណង់នៅវិទ្យាស្ថាន Premier ទទួលខុសត្រូវផ្នែកបរិក្ខារមន្ទីរពេទ្យ។
លោកបានឱ្យដឹងថា៖«ជាធម្មតាធុងអុកស៊ីហ្ស៊ែនពេញប្រហែល ៩០ ភាគរយ ហើយអ្នកផ្គត់ផ្គង់នឹងអនុញ្ញាតឱ្យគេបញ្ជូលអុកស៊ីសែនវិញនៅពេលវាមានកម្រិតធ្លាក់ចុះដល់ ៣០-៤០ ភាគរយដែលអាចទុកពេលដល់អ្នកផ្គត់ផ្គង់ពី ៣ ទៅ ៥ ថ្ងៃ ដើម្បីបញ្ចូលអុកស៊ីហ្ស៊ែន។ អ្វីដែលកំពុងកើតឡើងនៅពេលនេះគឺថាមន្ទីរពេទ្យសល់អុកស៊ីហ្ស៊ែនប្រហែល ១០-២០ ភាគរយ ដែលអាចប្រើប្រាស់បានក្នុងរយៈពេលតែ ១ ទៅ ២ ថ្ងៃទៀតប៉ុណ្ណោះ»។
លោកបានបន្ថែមថា៖ «ហើយបើទោះបីជា គេបញ្ចូលអុកស៊ីហ្ស៊ែនវិញហើយក៏ដោយ ក៏គ្រប់តែ ៥០ ភាគរយ ប៉ុណ្ណោះ។ ដូច្នេះ ស្ថានភាពនេះ វាប្រថុចញុចណាស់»។
វេជ្ជបណ្ឌិត Ahmed Elhaddad ជាវេជ្ជបណ្ឌិតប្រចាំមណ្ឌលថែទាំនៅរដ្ឋផ្លរីដាបានប្រាប់ទូរទស្សន៍ CNN នៅថ្ងៃសៅរ៍ថា៖ «គាត់មានការខកចិត្តនិងធុញទ្រាន់នឹងការឃើញមនុស្សស្លាប់និងរងទុក្ខដោយសារតែពួកគេមិនបានចាក់វ៉ាក់សាំងណាស់។ វ៉ារ្យ៉ង់ដែលតា កំពុងស៊ីសួតមនុស្សទាំងនេះហើយ ចុងក្រោយមានតែដួល»។
វិជ្ជបណ្ឌិតដដែលបាននិយាយថា៖ «យើងកំពុងមើលឃើញថាអ្នកជំងឺស្លាប់លឿនណាស់ដោយសារវ៉ារ្យ៉ង់ដែលតានេះ។ លើកនេះយើងឃើញអ្នកជំងឺក្មេងជាងវ័យអាយុប្រមាណ ៣០-៤០-៥០ ឆ្នាំ។ ពួកគេកំពុងត្រូវការអុកស៊ីហ្ស៊ែន ហើយពួកគេនឹងស្លាប់លឿនជាងមុនទៀត ព្រោះខ្វះអុកស៊ីហ្ស៊ែន»។
អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលលោកវេជ្ជបណ្ឌិត Anthony Fauci បានប្រាប់ទូរទស្សន៍ Jake Tapper របស់ CNN ថា៖ «សហរដ្ឋអាមេរិកអាចនឹងមានករណីស្លាប់ចំនួន ១០ ម៉ឺននាក់បន្ថែមទៀត បើគិតដល់ខែធ្នូឆ្នាំនេះ ដូចដែលបានព្យាករដោយគំរូរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន»។
លោក Fauci បានមានប្រសាសន៍ថា៖ «អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាការព្យាករទាំងស្រុង ប៉ុន្តែក៏អាចការពារបានទាំងស្រុង ហើយអ្វីដែលយើងអាចធ្វើបាននោះ គឺត្រូវចែកចាយវ៉ាក់សាំងឱ្យដល់មនុស្សគ្រប់គ្នា»។
លោក Elhaddad បានកត់សម្គាល់ថា នៅបន្ទប់ ICU លោកមិនមានឃើញអ្នកជំងឺកូវីដណាម្នាក់ដែលធ្លាប់ចាក់វ៉ាក់សាំងហើយទេ សុទ្ធតែជាអ្នកមិនចាក់វ៉ាក់សាំងទាំងអស់ ហើយលោកក៏មិនបានឃើញមនុស្ស ដែលទទួលវ៉ាក់សាំងហើយស្លាប់ដោយសារកូវីដដែរ»។
លោក Fauci បានឱ្យដឹងថា ជនជាតិអាមេរិកចំនួន ៨០លាននាក់ដែលមានសិទ្ធិទទួលវ៉ាក់សាំង មិនមកទទួលយកវ៉ាក់សាំងទេ។យើងអាចបង្វែរស្ថានភាពមកល្អវិញប្រសិនបើមនុស្សទាំងនេះមកទទួលវ៉ាកសាំងការពារ»។
បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានបង្ហាញកាលពីថ្ងៃសៅរ៍ថា រដ្ឋហ្វ្លរីដា មានប្រជាជនចាក់វ៉ាក់សាំងពេញលេញ ៥២,៤ ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ខណៈនៅរដ្ឋខារ៉ូលីណាខាងត្បូងរដ្ឋតិចសាសនិងល្វីស្យាណាមានប្រជាជនចាក់វ៉ាក់សាំងតិចជាង ៥០ ភាគរយទៀតព្រមទាំងប្រឈមនឹងកង្វះអុកស៊ីហ្ស៊ែនថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ប្រជាជនអាមេរិកប្រមាណ ៥២,១ ភាគរយទូទាំងប្រទេសទទួលបានវ៉ាក់សាំងពេញលេញ គិតត្រឹមថ្ងៃសៅរ៍ថ្មីៗនេះ។ បើតាមទិន្នន័យរបស់ CDC។ កាលពីថ្ងៃអាទិត្យសាកលវិទ្យាល័យ Johns Hopkins បានរាប់ទិន្នន័យអ្នកស្លាប់នៅអាមេរិក ឃើញមានចំនួនជិត ៦៣៧ ០០០ នាក់។
ដោយឡែក ករណីចូលមន្ទីរពេទ្យជាមធ្យមប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកឥឡូវនេះមានច្រើនជាង ១០ ម៉ឺននាក់ ក្នុង ១ ថ្ងៃ ដែលជាចំនួនគណនាក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ ពោលគឹកើនឡើងខ្ពស់ជាងពេលមុនរដូវរងា នៅពេលដែលជនជាតិអាមេរិកភាគច្រើនមិនទាន់បានទទួលវ៉ាក់សាំងទៅទៀត៕