
នាយកអង្គការ WHO ប្រចាំអឺរ៉ុបលោក Hans Kluge ធ្វើសន្និសីទកាសែតអំពីការផ្ទុះឡើងជំងឺកូវីដ ១៩ នាពេលកន្លងទៅ។ AFP
អង្គការសុខភាពពិភពលោក (WHO) បានរំឭកនៅថ្ងៃចន្ទថា មានមនុស្សប្រមាណ ២៣៦ ០០០ នាក់ទៀត អាចនឹងស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅទ្វីបអឺរ៉ុបនៅត្រឹមថ្ងៃទី ១ ខែធ្នូ ដែលការព្រមាននេះធ្វើឡើងក្រោយករណីឆ្លងនៅទ្វីបនេះ កំពុងកើនឡើងខ្លាំង ខណៈអត្រាចាក់វ៉ាក់សាំងនៅទាបនៅឡើយ។
លោក Hans Kluge នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា៖ «កាលពីសប្តាហ៍មុន គេឃើញករណីឆ្លងកើនឡើងចំនួន ១១ ភាគរយនៃចំនួនអ្នកស្លាប់នៅក្នុងតំបន់ ដែលនេះគឺជាការព្យាករមួយ ដែលអាចជឿទុកចិត្តបាន។ ការព្យាករដដែលបានបង្ហាញថា ទ្វីបនេះនឹងរកឃើញករណីស្លាប់ដល់ទៅ ២៣៦ ០០០ នាក់ នៅអឺរ៉ុប គិតត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំនេះ»។
គិតមកទល់បច្ចុប្បន្ន អឺរ៉ុបបានរកឃើញករណីស្លាប់ប្រមាណ ១,៣ លាននាក់។ លោក Kluge បាននិយាយថា ក្នុងចំណោមប្រទេសទាំង ៥៣ នៅអឺរ៉ុប ៣៣ ប្រទេសមានករណីស្លាប់កើនឡើងច្រើនជាង ១០ ភាគរយ ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។ ភាគច្រើន គឺជាប្រទេសក្រីក្រ។
អត្រាឆ្លងកើនឡើងខ្ពស់នៅទូទាំងទ្វីបអឺរ៉ុប បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងជាពិសេសស្របពេល ដែលអត្រានៃការចាក់វ៉ាក់សាំងលើប្រជាជនអាទិភាពនៅក្នុងប្រទេសមួយចំនួននៅមានអត្រាទាបនៅឡើយ។
លោក Kluge បានបន្តថា៖ «វ៉ារ្យ៉ង់ដែលតានេះ គឺជាកត្តា ដែលបង្កឱ្យមានកំណើនទាំងនេះ រួមបញ្ចូលទាំងការបន្ធូរបន្ថយការរឹតបន្តឹង និងវិធានការនានា ខណៈពេលមានការធ្វើដំណើរនៅរដូវក្តៅកើនឡើងខ្លាំងក្នុងរដូវនេះ។ ក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយនេះ អត្រាចាក់វ៉ាក់សាំងបានធ្លាក់ចុះ ១៤ ភាគរយ ដោយសារបញ្ហាកង្វះវ៉ាក់សាំងនៅក្នុងប្រទេសខ្លះ និងកង្វះការទទួលយកវ៉ាក់សាំងនៅក្នុងប្រទេសផ្សេងទៀត»។
គួរបញ្ជាក់ផងដែរថា មានតែប្រជាជន ៦ ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមនៅអឺរ៉ុប ដែលទទួលបានវ៉ាក់សាំងពេញលេញ ហើយប្រទេសខ្លះទៀតទើបតែបានចែកចាយវ៉ាក់សាំងលើក្រុមមន្ត្រីសុខាភិបាលក្នុងអត្រា ១ ក្នុងចំណោម ១០ នាក់ប៉ុណ្ណោះ។
លោក Kluge បានបន្ថែមទៀតថា៖ «ការជាប់គាំងក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងតំបន់របស់យើង បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយខ្ញុំសូមជំរុញឱ្យប្រទេសនានាបង្កើនផលិតកម្មចែកចាយវ៉ាក់សាំង និងពន្លឿនដំណើរការចែកចាយវ៉ាក់សាំងផង»។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលអង្គការសុខភាពពិភពលោក និងយូនីសេហ្វ បានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុប ដាក់ក្រុមគ្រូបង្រៀនជាក្រុមអាទិភាពក្នុងការចាក់វ៉ាក់សាំង ដូច្នេះសាលារៀនអាចនៅបើកដំណើរការបាន។
អង្គភាពដដែលនេះ ក៏បានលើកឡើងពីសារៈសំខាន់នៃវិធានការក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសាលារៀនក្នុងអំឡុងពេលមានជំងឺរាតត្បាតរួមទាំងការបើកចំហបន្ទប់រៀនឱ្យមានខ្យល់ចេញ-ចូលបានល្អ បើទំហំថ្នាក់តូចត្រូវរក្សាគម្លាតសង្គម និងការធ្វើតេស្តរកមេរោគកូវីដជាប្រចាំសម្រាប់កុមារ និងបុគ្គលិក។
ទន្ទឹមនឹងនេះដែរ លោក Kluge ក៏បានលើកឡើងអំពីវ៉ាក់សាំងដូសទី៣ (ដូសជំរុញ) គឺគ្រាន់តែជាមធ្យោបាយមួយ ដែលជួយរក្សាសុវត្ថិភាពដល់ជនងាយរងគ្រោះបំផុត និងមិនមែនជាដូសចំបាច់សម្រាប់មនុស្សគ្រប់គ្នាឡើយ។
អង្គការសុខភាពពិភពលោក ក៏ធ្លាប់លើកឡើងកាលពីដើមខែនេះថា ទិន្នន័យមួយចំនួនមិនបានបង្ហាញពីតម្រូវការចំបាច់នៃការចាក់ថ្នាំបង្ការរោគនោះទេ ខណៈដែលការចាក់វ៉ាក់សាំងដល់បុគ្គលទទួលបានវ៉ាក់សាំងហើយកាន់តែពង្រីកគម្លាតវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសមានប្រាក់ចំណូលទាបថែមទៀត៕