
កុមារលេងហ្គេមតាមអនឡាញ នាពេលកន្លងទៅ។ រូបថត AFP
និយតករវីដេអូហ្គេមរបស់ចិន បាននិយាយថា អ្នកលេងហ្គេមអនឡាញដែលមានអាយុក្រោម ១៨ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យលេងតែ១ម៉ោងប៉ុណ្ណោះនៅថ្ងៃសុក្រ ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
រដ្ឋបាលសារព័ត៌មាននិងការបោះពុម្ពផ្សាយជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានXinhua ថា ការលេងហ្គេមនឹងត្រូវបានអនុញ្ញាតនៅចន្លោះម៉ោង៨ យប់ដល់ម៉ោង ៩យប់ប៉ុណ្ណោះ។ គោលការណ៍នេះ ក៏បានណែនាំដល់ក្រុមហ៊ុនហ្គេមកុំឱ្យក្មេងៗលេងនៅខាងក្រៅពេលដែលបានណែនាំនេះ។
កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដាក់ឈ្មោះហ្គេមអនឡាញថា«អាភៀនខាងវិញ្ញាណ»។ក្រុមហ៊ុនហ្គេមតាមអ៊ីនធឺណិត ក៏នឹងចាប់ផ្ដើមតាមដាន និងត្រួតពិនិត្យលើពេលវេលានៃការលេងហ្គេមរបស់កុមារទៅតាមគោលការណ៍ដែលកំណត់ផងដែរ។
ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការលេងហេ្គមហួសប្រមាណលើ យុវជន និងកុមារ។
គួរបញ្ជាក់ផងដែរថា ១ខែមុនពេលមានការរឹតត្បិតនេះ អត្ថបទ១ដែលចុះផ្សាយដោយព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃគ្រប់គ្រងដោយរដ្ឋ បានអះអាងថា ក្មេងជំទង់ជាច្រើន បានញៀននឹងហ្គេមអនឡាញហើយវាជះឥទ្ធិពលអវិជ្ជមានដល់ពួកគេ។អត្ថបទនេះ បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្គេមអនឡាញធំៗ មួយចំនួនរបស់ប្រទេសចិន៕