កិច្ចការ​ស្រាវ​ជ្រាវ​មួយនៅ​អាហ្រ្វិក​ខាង​ត្បូង​បាន​ចេញ​ផ្សាយ​នៅ​ខែ​នេះ​ បាន​ពណ៌នា​ពី​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ ដោយ​អ្នក​វិទ្យាសាស្ត្រ​បាន​កត់​សម្គាល់​ថា​ វីរុស​បំប្លែង​ប្រភេទ​នេះ ​បង្ក​ហានិភ័យខ្លាំង​។​

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ​ផ្តោត​លើ​វ៉ារ្យ៉ង់ ​C.1.2​ នៃ​វីរុស​ SARS-CoV-2​ ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ខែ​ឧសភា ​ឆ្នាំ​​នេះ​។ នៅ​ក្នុង​កិច្ច​ការ​ស្រាវ​ជ្រាវ​នេះ​ អ្នក​ស្រាវ​ជ្រាវបាន​សរសេរ​ថា ​វ៉ារ្យ៉ង់ ​C.1.2 មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​លើស​ពី​​វីរុស​ប្រភេទ​ដើម​ដែល​បាន​រក​ឃើញ​ដំបូង​។

​វ៉ារ្យ៉ង់ ​C.1.2 ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ខេត្ត ​Mpumalanga​ និង​ Gauteng​ នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។ ចាប់​តាំង​ពី​ពេល​នោះ​មក​ វីរុស​បំប្លែង​ប្រភេទ​នេះ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្តមួយ​ចំនួន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ក៏​ដូច​ជា​នៅ​ប្រទេស​អង់គ្លេស​ ចិន​ កុងហ្គោ​ ម៉ូរីស​ នូវែលសេឡង់​ ព័រទុយហ្កាល់​ និង​ស្វ៊ីស៕