កាល​ពី​ថ្ងៃ​ចន្ទ​​ ទី ​៣០​ សីហា​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​ជំរុញ​ក្រុម​តាលីបង់​អនុញ្ញាតឱ្យ​​ប្រជាជន​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ បាន​ដក​កង​កម្លាំង​របស់​ខ្លួន​ចេញ​​ពីប្រទេស​នេះ​។

ក្រោយ​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ឯក​​អគ្គ​រដ្ឋ​ទូត​រង​បារាំង​ លោក​ Nathalie Broadhurst បាន​និយាយ​ថា​ ប្រជាជន​អាហ្វហ្គានីស្ថាន​ទាំង​អស់​ កំពុង​រងចាំ​មើល​ក្រុម​ប្រឹក្សា​នេះ ​ហើយ​ពួក​គេ​រំពឹង​ថា ​នឹង​មាន​ការ​ជួយ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។ លោក​បាន​បន្ត​និយាយ​ថា​ ការ​ខ្វះ​សាមគ្គីភាព​ គឺ​ជា​ការ​ខក​ចិត្ត​មួយ​សម្រាប់​ប្រជាជន​អាហ្វហ្គានីស្ថាន​។​

ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ចិន​ លោក​ Geng​ Shuang ​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​បាន​បន្សល់​ទុក​នូវ​មហន្តរាយ​ធំ​មួយ​ ដែល​ពួក​គេបាន​បង្កើត​ឡើង​ ហើយ​ទម្លាក់​​​ការ​ស្តីប​ន្ទោស​និង​ការទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​ និង​ក្រុម​ប្រឹក្សា​សន្តិសុខ​។

កាល​ពី​ថ្ងៃ​ទី​ ២៩​ សីហា​ ក្រុម​តាលីបង់​ បាន​និយាយ​ថា​ ពួក​គេ​​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ធម្មតា​វិញ​ បន្ទាប់​ពី​ទ័ព​របស់​អាមេរិក​ចាក​ចេញ​ពី​​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ ហើយ​ពួក​គេ​ផ្តល់​ការ​ធានា​ថា ​អ្នក​ដែល​មាន​ឯកសារ​ធ្វើ​ដំណើរ​ នឹង​នៅ​តែ​អាច​ចាក​ចេញ​ពី​ប្រទេស​នេះ​បាន​៕