
លោក Greg Abbott ( ឆ្វេង) ជួបលោក ដូណាល់ ត្រាំ នាពេលកន្លងទៅ។ AFP
ព្រឹទ្ធសភារដ្ឋតិចសាស ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ បានអនុម័តច្បាប់មួយ ដើម្បីកែសម្រួលការបោះឆ្នោតរបស់រដ្ឋយកឈ្នះគណបក្សប្រជាធិបតេយ្យ ដែលបានធ្វើឱ្យរដ្ឋនេះក្លាយជារដ្ឋមួយ ពិបាកបំផុតក្នុងការបោះឆ្នោតនៅក្នុងប្រទេស។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The New York Times។
ការរឹតបន្តឹងការបោះឆ្នោត គឺជាជ័យជម្នះដ៏សំខាន់នៅក្នុងការជំរុញការបោះឆោ្នតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋក្នុងការរឹតបន្តឹងច្បាប់បោះឆ្នោត និងផ្លាស់ប្តូរការគ្រប់គ្រងដំណើរការបោះឆ្នោត បន្ទាប់ពីមានការអះអាងមិនពិតអំពីសុចរិតភាពនៃការប្រកួតប្រធានាធិបតីឆ្នាំ ២០២០ ។ លោក Greg Abbott មកពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងចុះហត្ថលេខាលើច្បាប់នេះ។
ច្បាប់នេះ មានគោលបំណងរឹតបន្តឹងសង្កាត់ Harris County ដែលជាសង្កាត់មានប្រជាប្រិយភាពខាងគណបក្សប្រជាធិបតេយ្យ ដែលរួមបញ្ចូលសង្កាត់ Houston ដែលជាតំបន់មានប្រជាជនច្រើនជាងគេលំដាប់ទី៣ របស់ប្រទេសនេះ។ ច្បាប់ថ្មីនេះ ហាមឃាត់វិធីបោះឆ្នោត ដែលសង្កាត់បានណែនាំកាលពីឆ្នាំមុន ដើម្បីធ្វើឱ្យការបោះឆ្នោតមានភាពងាយស្រួលក្នុងអំឡុងពេលមានជំងឺរាតត្បាត រួមទាំងការបើកឱ្យមានការជិះឆ្លងក្នុងមណ្ឌល ដើម្បីបោះឆ្នោត និងកន្លែងបោះឆ្នោតបើក ២៤ ម៉ោងព្រមទាំងទីតាំងបោះឆ្នោតបណ្តោះអាសន្នផងដែរ។
ច្បាប់ដដែលនេះ ក៏បានរារាំងមន្រ្តីរៀបចំការបោះឆ្នោតពីការបញ្ជូនពាក្យសុំសន្លឹកឆ្នោតអវត្តមាន ដែលមិនចាំបាច់ និងការលើកកម្ពស់ការបោះឆ្នោត តាមសារសំបុត្រផងដែរ។ ច្បាប់នេះ ផ្តល់អំណាចយ៉ាងខ្លាំងដល់អ្នកឃ្លាំមើលការបោះឆ្នោត ដោយបង្កើតការដាក់ទណ្ឌកម្មព្រហ្មទណ្ឌ និងស៊ីវិលថ្មី សម្រាប់អ្នកបោះឆ្នោត និងបង្កើតឧបសគ្គសម្រាប់អ្នក ដែលត្រូវការជំនួយបកប្រែសម្រាប់ការបោះឆ្នោតជាដើម។
បើរាប់ទាំងរដ្ឋតិចសាស់ផងនោះ រដ្ឋចំនួន ១៨ នៅទូទាំងប្រទេសនេះ បានអនុម័តច្បាប់ជាង ៣០ នៅឆ្នាំនេះ ដែលរឹតត្បិតការបោះឆ្នោត ជាចំនួនច្រើនសម្បើម គិតចាប់តាំងពីច្បាប់ស្តីពីសិទ្ធិបោះឆ្នោតអនុម័តក្នុងឆ្នាំ ១៩៦៥។ ការដាក់កំហិតពីច្បាប់បោះឆ្នោតទាំងនេះ បានបង្កើនសម្ពាធលើគណបក្សប្រជាធិប តេយ្យនៅក្នុងសភា ដែលកំពុងមានសង្ឃឹមតិចតួចក្នុងការរារាំងការអនុម័តច្បាប់បោះឆ្នោតថ្មីនេះ។
គណបក្សប្រជាធិបតេយ្យ ក្រុមសិទ្ធិបោះឆ្នោត និងមេដឹកនាំសិទ្ធិមនុស្ស បានប្រឆាំងចំពោះច្បាប់របស់រដ្ឋតិចសាស ដែលហៅថាព្រឹទ្ធសភាប៊ីល ១ ដោយលើកឡើងថា បានផ្ដល់ផលប៉ះពាល់ និងបង្កើតឱ្យមានភាពមិនស្មើគ្នាលើអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ និងឡាទីន។
អ្នកតំណាង និងជាប្រធានសភាគណបក្សប្រជាធិបតេយ្យ លោក Chris Turner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ អង្គារ ថា៖« យើងដឹងថា យើងនឹងមិនបញ្ឍប់មិនឱ្យមានថ្ងៃគេអនុម័តបានរហូតទេ។ ឥឡូវនេះ ថ្ងៃនេះ បានមកដល់ហើយ យើងត្រូវការព្រឹទ្ធសភាអាមេរិក ដើម្បីចាត់សកម្មភាពភ្លាមៗ»។
ទោះជាយ៉ាងណា ខាងគណបក្សសាធារណរដ្ឋនៅរដ្ឋតិចសាស បានអះអាងថា ច្បាប់នេះ គឺជាការចាំបាច់ ដើម្បីបង្កើតទំនុកចិត្តលើប្រព័ន្ធបោះឆ្នោត និងដោះស្រាយបញ្ហាលទ្ធភាពនៃការលួចបន្លំ ដោយអ្នកបោះឆ្នោត។
តាមរយៈការជជែកវែកញែកទាំងនៅក្នុងសភា និងព្រឹទ្ធសភា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានចង្អុលបង្ហាញពីភាគដាច់ ដោយឡែកនៃអ្វីដែលពួកគេបានពិពណ៌នាថា ជាការបោះឆ្នោតមិនត្រឹមត្រូវ និងក្លែងបន្លំ បើទោះបីទម្រង់នោះ មិនមែនជាប្រភេទនៃការបន្លំសន្លឹកឆ្នោតជាប្រព័ន្ធ ដែលអាចផ្លាស់ប្តូរលទ្ធផលបោះឆ្នោតក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គណបក្សសាធារណរដ្ឋតិចសាសដទៃទៀត នប្រើភាសាទូលំទូលាយ ដើម្បីចាត់ថ្នាក់សំណើរបស់ពួកគេជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការជឿទុកចិត្ត និងជំនឿលើដំណើរការបោះឆ្នោត និងលទ្ធផល ទោះបីជាពួកគេស្ថិតក្នុងចំណោមសំឡេងលេចធ្លោក្នុងរដ្ឋនេះយ៉ាងណា
ក្ដី។
ទោះយ៉ាងណា ការអនុម័តច្បាប់នេះត្រូវបានគេមើលឃើញថាជាការបង្ហាញពីភាពលេចធ្លោផ្នែកនយោបាយនៅរដ្ឋតិចសាស របស់គណបក្សសាធារណរដ្ឋ ដែលសង្ឃឹមថា ខ្លួននឹងក្តាប់អំណាចនៅក្នុងរដ្ឋធំបំផុតរបស់ប្រទេសនេះ៕