ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍ ក្រោយ​រដ្ឋ​អារីហ្សូណា​ អនុញ្ញាត​ឱ្យ​បើក​សាលា​រៀន​វិញ​ដោយ​មិន​បាន​គោរព​ទៅ​តាម​សេចក្ដី​ណែនាំ​ការពារ​កូវីដ និង​លុប​បំបាត់​គោលការណ៍​ពាក់​ម៉ាស់​ សិស្សានុសិស្ស និង​គ្រូ​បង្រៀន​រាប់​ពាន់​នាក់​ ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ក្រោយ​មាន​ការរាត​ត្បាត​ជំងឺ​កូវីដ​នៅ​ជុំវិញ​ទីក្រុង Phoenix ក្នុង​រដ្ឋ​​នេះ​។

សារព័ត៌មាន​ញូវយ៉កថែមស៍​បាន​ឱ្យ​ដឹង​ថា ​ឥឡូវ​នេះ​ ជំងឺ​រាតត្បាត​បាន​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ពេញ​រដ្ឋ​​អារីហ្សូណា​ ដោយ​អាណាព្យាបាល​បាន​​​បញ្ឆេះ​​កំហឹង​នយោបាយ​ដល់​​រដ្ឋបាល​​ ​ក្រោម​ការ​ដឹកនាំ​អភិបាល​រដ្ឋ​ដោយ​​លោក​ Doug Ducey និង​មេ​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត​ ដែល​បាន​លុប​បំបាត់​គោលការណ៍​ការពារ​កូវីដ​ទាំង​នេះ។ ភាព​ច្របូកច្របល់​នេះ បាន​គូស​បញ្ជាក់​ពី​ការ​​សម្រេច​ចិត្ត​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ស្ដី​អំពី​ការ​អនុវត្ត​តាម​វិធានការ​សុវត្ថិភាព​កូវីដ ១៩​ និង​សេរីភាព​ផ្ទាល់​ខ្លួន​។​

លោក Ducey ជា​​អភិបាល​រដ្ឋ​​​មក​ពី​​គណបក្ស​សាធារណរដ្ឋ ត្រូវ​ទទួល​រង​ការ​រិះ​គន់​ពី​វិធានការ​ប្រឆាំង​នឹង​ម៉ាស់​ដែល​អនុម័ត​ ដោយ​​​សភា​នីតិកាល​​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​របស់​អារីហ្សូណា​ កាល​ពី​ពេល​ថ្មីៗ​នេះ​។ លោក​ក៏​បាន​បដិសេធ​ផ្ដល់​​​​ប្រាក់​​រាប់​​លាន​ដុល្លារ​ពី​កញ្ចប់​​​ជួយ​​​សង្គ្រោះ​​​ជំងឺ​​រាត​ត្បាត​សហព័ន្ធ​ដល់​​សាលា​រៀន​ណា​ ដែល​អនុម័ត​​​គោលការណ៍​ពាក់​ម៉ាស់​​ប្រឆាំង​​​នឹង​ច្បាប់​រដ្ឋ​ចូល​ជា​ធរមាន​នៅ​ចុង​ខែ​កញ្ញា។

លោក​ក៏​បាន​​ផ្តល់​បណ្ណ​ ដែល​មាន​ចំនួន​ទឹក​ប្រាក់​ ៧​ ០០០ ដុល្លារ ​ដល់​គ្រួសារ​ណា​ដែល​​ចង់​ចាកចេញ​ពី​សង្កាត់​ណា ដែល​តម្រូវ​ឱ្យ​ពាក់ម៉ាស់​​។ លោក​បាន​និយាយ​ថា ការ​​សម្រេច​​ចិត្ត​ក្នុង​ការ​ពាក់ម៉ាស់​ គឺ​ជា​ជម្រើស​របស់​អាណាព្យាបាល មិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​មន្រ្តី​នៅ​ក្នុង​វិស័យ​អប់រំ​ទេ​។​

លោក Ducey បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​ នេះ​ថា៖ «នៅ​អារីហ្សូណា​យើង​ គឺ​ជា​អ្នក​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ឪពុក​ម្ដាយ​​។ ខ្ញុំ​ចង់​ឱ្យ​ពួក​គាត់​សម្រេច​ចិត្ត​​លើ​អ្វី​ដែល​ពួក​គេ​គិត​ថា​ ជា​រឿង​ត្រឹមត្រូវ​»។

នៅ​ជាយ​​ក្រុង Phoenix ក្រុម​ប្រឹក្សា​សាលា​បាន​កោះ​ប្រជុំ​បន្ទាន់​នៅ​ខែ​សីហា​ ដើម្បី​​សម្រេច​ថា​ តើ​សិស្ស និង​បុគ្គលិក​គួរ​តែ​ត្រូវ​ពាក់​ម៉ាស់ ឬ យ៉ាងណា​? មន្រ្តី​សាលា​បាន​និយាយ​ថា ការ​រំលោភ​​ច្បាប់​រដ្ឋ​ អាច​រារាំង​សង្កាត់​នេះ​ពី​​កា​រ​ទទួ​ល​បាន​ប្រា​ក់​ ១១ លាន​ដុល្លារ ដើម្បី​ជួល​បុគ្គលិក​ និង​​ជួយ​សិស្ស​ ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​​ក្រោ​យ​​ពី​ការ​បិទ​សាលា​អស់​រយៈ​ពេល​យ៉ាង​យូរ​​។

ការ​សម្រេច​ចិត្ត​តាម​រយៈ​ការបោះ​ឆ្នោត​ថា ​តើ​ត្រូវ​ពាក់​ម៉ាស់​ ឬ​អត់​? ត្រូវ​ទទួល​បរាជ័យ​ ដោយការ​បោះឆ្នោត​គាំទ្រ​មិន​ឱ្យ​មាន​ការ​ពាក់​ម៉ាស់​មាន ៣​ សំឡេង​ និង​ការ​គាំទ្រ​ឱ្យ​មានការពាក់​ម៉ាស់​ទទួល​បាន​ ២ សំឡេង។ ​

យ៉ាងណាមិញ អាណាព្យាបាល​ដែ​ល​គាំទ្រ​គោល​ការណ៍​ពាក់​ម៉ាស់​បាន​អស់​សង្ឃឹម​ចំពោះ​ក្រុមប្រឹក្សាភិបាលទាំង​នេះ ហើយ​បាន​និយាយ​ថា៖ «ក្រុម​​​នេះ​​​បាន​ដាក់​លុយ​នៅ​នឹង​មុខសំខាន់​ជាង​សុខភាព​កូនៗ​របស់​ពួក​គេ​ទៀត​»​។​

អ្នកស្រី Sandy Kirby ដែល​ជា​អាណាព្យាបាល និង​​គិលានុបដ្ឋាយិកា​ម្នាក់​​និយាយ​ថា៖ «ពួក​គេ​មិន​បាន​ការពារ​កូនៗ​របស់​យើង​ទេ»។​​ ប៉ុន្តែ អ្នកស្រី Kelli Wilson ជា​អ្នកគាំទ្រ​លោក Donald Trump និង​មាន​កូន​ប្រុ​ស​អា​យុ​ ១៣ ឆ្នាំ​ ដែល​មិន​​​បាន​ចាក់​​វ៉ាក់សាំង​ហើយ​មិន​ពាក់​ម៉ាស់​ទៅ​សាលា​រៀន​បាន​និយាយ​ថា អ្វី​ដែល​រដ្ឋ​នេះ​បាន​​សម្រេច​ជា​អ្វី​ដែល​ត្រឹមត្រូវ​។

ក្រុម​អ្នក​នៅ​ក្នុង​វិស័យ​អប់រំ​បាន​ប្តឹង​ឱ្យ​លុប​ចោល​បម្រាម​មិន​ឱ្យ​​ពាក់ម៉ាស់​​ ហើយ​សាលារៀន​ក្នុង​សង្កាត់​ចំនួន​ ១២ នៅ​ទូទាំង​រដ្ឋ​អារីហ្សូណា​បាន​អនុវត្ត​គោលការណ៍​ពាក់​ម៉ាស់ បើ​ទោះ​បី​ជាមាន​កា​រ​ហា​ម​ឃាត់​មិន​ឱ្យ​ពាក់​ក៏​ដោយ​។ រដ្ឋបាល​លោក Joe Biden បាន​ព្រមាន​អភិបាលរដ្ឋ​ដូច​ជា​លោក Docey និង​លោក Ron DeSantis នៃរ​ដ្ឋហ្វ្លរី​ដាថា មិ​ន​ត្រូ​វ​រាំ​ង​កញ្ចប់​​ថ​វិ​កា​សហព័ន្ធ​ពី​សាលា​រៀន​ ដែល​អនុវត្ត​គោលការណ៍​ពាក់​ម៉ាស់​​ឡើយ។

មន្ទីរពេទ្យ​ដែល​មាន​អ្នក​ជំងឺ​ជា​មធ្យម​ប្រមាណ ៥២០ នាក់​ កាល​ពី​​​ដើម​ខែ​កក្កដា ឥឡូវ​នេះ​បាន​ហក់​ឡើង​ប្រហែល​ ២ ០០០ នាក់​ហើយ​ទាំង​អាណាព្យាបាល សហជីព​គ្រូ​បង្រៀន និង​មន្រ្តី​សុខាភិបាល​សាធារណៈ​ជា​ច្រើន​បាន​និយាយ​ថា​ សកម្មភាព​របស់​លោក Docey ​បាន​ដាក់​ទណ្ឌកម្ម​សាលារៀន​ ដែល​ធ្វើ​តាម​ការ​ណែនាំ​វិទ្យាសាស្ត្រ។​ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) ក៏​បាន​ណែនាំ​ជារឿយៗ​ឱ្យ​គោរព​តាម​គោលការណ៍​​ពាក់​ម៉ាស់​សម្រាប់​សិស្ស​និស្សិត និង​អ្នក​នៅ​ក្នុង​សាលារៀន​​ទាំង​អស់។

លោក Jann-Michael Greenburg ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សាលា Scottsdale Unified School District បាន​និយាយ​ថា​៖​ «ការ​ដាក់​កំហិត​នេះ​ បាន​ដាក់​ជីវិត​មនុស្ស​នៅ​ក្នុង​​ហានិភ័យ​​។ ខ្ញុំ​កំពុង​តែ​​ឆ្ងល់​ថា តើ​យើង​នឹង​ឈ្នះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​ទេ? បើ​រដ្ឋាភិបាល​បញ្ចេញ​ឥរិយាបថ​បែប​នេះ?»៕