បេសកជន​ពិសេស​ចិន​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​លោក​ Sun Guoxiang បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​សប្តាហ៍​មុន​ ដើម្បី​ពិភាក្សា​ជា​មួយ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់​ម៉ា​។

នៅ​ក្នុង​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពី​ថ្ងៃ​ទី​ ២១​ ដល់​ថ្ងៃ​ទី​ ២៨​ សីហា​ លោក​ Sun​ បាន​ជួប​ជា​មួយ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​ លោក​ Min Aung Hlaing ក៏​ដូច​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស លោក​​ Wunna Maung Lwin និង​រដ្ឋ​មន្ត្រី​នៃ​ការិយាល័យ​រដ្ឋាភិបាល លោក​ Yar Pyae ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​ជា​មួយ​ពួក​គេ​អំពី​ទិដ្ឋភាព​នយោបាយ​នៅ​មីយ៉ាន់ម៉ា​និង​ប្រទេស​ចិន។

រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​ លោក​ Wang Yi បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទី​ក្រុង​ប៉េកាំង​ថា​ប្រទេស​ចិន​នឹង​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ដើរ​តួនាទី​ស្ថាបនា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មីយ៉ាន់ម៉ា​ដើម្បី​ស្តារ​ស្ថិរភាព​សង្គម។

ដោយ​ឡែក​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ប្រកាស​បើក​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​ដែល​ត​ភ្ជាប់​កំពង់​ផែ​យ៉ាំងហ្គោន​នៅ​មហាសមុទ្រ​ឥណ្ឌា​ទៅ​ខេត្ត​ Yunnan​ ជាប់​ព្រំដែន​ចិន​ និង​តាម​ផ្លូវ​ដែក​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Chengdu នៅ​ភាគ​និរតី​តំបន់​ Sichuan៕