កាល​ពី​ថ្ងៃ​សៅរ៍ ទី ​៤ សីហា ​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​បាតុកម្ម​របស់​ស្ត្រី​នៅ​ក្រុង​កាប៊ុល ខណៈ​ពេល​ដែល​នៅ​ជាង​ ១០០ ​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​រដ្ឋធានី​ ការ​ប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​នៅ​ជ្រលង​ភ្នំ​ប៉ានជសៀរ​ ជាមួយ​កងកម្លាំង​ប្រឆាំង​ដែល​ជា​អតីត​សមាជិក​នៃ​កងទ័ព​ និង​កង​ជីវពល​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

ស្ត្រី​ជា​ច្រើន​ ដែល​បាន​ចូលរួម​បាតុកម្ម​ទាមទារ​ឱ្យ​រួម​បញ្ចូល​ស្ត្រី​ទៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​ ត្រូវ​យុទ្ធជន​វាយ​ប្រហារ​ទៅ​លើ​ខ្លួន​ប្រាណ​ ដែល​ក្នុង​ចំណោម​ភ័ស្តុតាង​ដំបូង​ដែល​បង្ហាញ​ក្រុម​នេះ​នៅ​តែ​មិន​គោរព​សិទ្ធិ​ស្ត្រី​។

ចាប់​តាំង​ពី​ចូល​កាន់​អំណាច​មក​ តាលីបង់​បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ​ ដើម្បី​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ អង្គការ​ផ្ដល់​ជំនួយ​ និង​ប្រជាជន​អាហ្វហ្គានីស្ថាន​ថា​ ការ​ដឹកនាំ​ផ្ដាច់​ការ​ដូច​កាល​​ពី​ពួក​គេ​អំណាច​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៦ ដល់​ ២០០១​ គឺ​ជា​រឿង​អតីតកាល​ហើយ​ពួក​គេ​នឹង​ផ្លាស់​ប្ដូរ​របៀប​ការ​​ដឹកនាំ​របស់​ពួក​គេ​។

អ្នក​ចូល​រួម​បាតុកម្ម​អាយុ​ ២៤ ឆ្នាំ ១ រូប ​​បាន​ប្រាប់​កាសែត​ញូវយ៉ក​ថាមស៍​តាម​​ទូរស័ព្ទ​ថា​ ក្រុម​តាលីបង់​ បាន​ព្យាយាម​រារាំង​ការ​ប្រមូល​ផ្ដុំ​ស្ត្រី​ប្រហែល​ ១០០ នាក់​ ដោយ​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​ការ​វាយដំ​ដោយ​ស្វ័យ​កាំភ្លើង និង​ដំបង​ដែក​។ នាង​និយាយ​ថា ​នាង​ត្រូវ​រង​ការ​ដេរ​ ៥ ថ្នេរ​ នៅ​លើ​របួស​ក្បាល បន្ទាប់​ពី​ការ​វាយដំ​ដោយ​ឧបករណ៍​លោហៈ​មួយ​ដែល​ធ្វើ​ឱ្យ​នាង​បាត់បង់​ស្មារតី​។

វីដេអូ​មួយ​នៃ​ការ​បាតុកម្ម​នេះ ដែល​ចុះ​ផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​អាហ្វហ្គានីស្ថាន​ បង្ហាញ​រូបភាព​សមាជិក​តាលីបង់​ ១ ​រូប​ អម​ដោយ​ខ្មាន់​កាំភ្លើង​ជា​ច្រើន​នាក់​ កំពុង​បញ្ជា​ឱ្យ​ក្រុម​ស្ត្រី​រំសាយ​ការ​បាតុកម្ម​របស់​គេ​តាមរយៈ​ការ​​ស្រែក​លើ​មេក្រូហ្វូន ដែល​ក្រោយ​មក​បាន​ឆក់​ចេញ​ពី​ដៃ​បុរស​រូប​នេះ​ដោយ​ស្ត្រី ១ ​រូប​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ តាលីបង់​បាន​ចាប់​ផ្ដើម​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ ដើម្បី​បង្ក្រាប​កង​កម្លាំង​ប្រឆាំង​នៅ​ជ្រលង​ភ្នំ​ប៉ានជសៀរ​ដឹកនាំ​ដោយ​លោក​ អាម៉ាដ ម៉ាស៊ូដ ​កូន​ប្រុស​របស់​មេ​ដឹកនាំ​ដ៏​ល្បីល្បាញ​លោក​ អាម៉ាដ សា ម៉ាស៊ូដ​ដែល​បាន​ទប់ទល់​ការ​ឈ្លាន​ពាន​របស់​តាលីបង់​ និង​សហភាព​សូវៀត​ កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​។

កាល​ពី​ថ្ងៃ​សុក្រ​ មាន​ការ​រាយការណ៍​ថា​ តាលីបង់​បាន​ចូល​កាន់កាប់​ជ្រលង​ភ្នំ​នេះ​ទាំង​មូល ធ្វើ​ឱ្យ​សមាជិក​តាលីបង់​នៅ​ក្រុង​កាប៊ុល​បាញ់​កាំភ្លើង​ទៅ​លើ​មេឃ​ជា​ការ​អបអរ​សាទរ​ ដោយ​គ្រាប់​សំណ​ធ្លាក់​មក​វិញ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៧ ​នាក់​។ ប៉ុន្តែ​ការ​រាយការណ៍​អំពី​ការ​ដួល​រលំ​នេះ​ ត្រូវ​បាន​ច្រាន​ចោល​ដោយ​ក្រុម​ប្រឆាំង​ដែល​និយាយ​ថា ​ការ​រាយការណ៍​នេះ​គឺ «គ្មាន​មូលដ្ឋាន​»។

ភាគី​ទាំង ២ បាន​អះអាង​ថា​ មាន​អានុភាព​ក្នុង​ជ្រលង​ភ្នំ​ប៉ានជសៀរ​ ប៉ុន្តែ​មិន​អាច​បង្ហាញ​ភ័ស្តុតាង​ ដើម្បី​បញ្ជាក់​បាន​ទេ។ ការ​លើក​ឡើង​ផ្ទុយ​គ្នា​ដោយ​ភាគី​ទាំង​ ២​ បាន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​សម្រាប់​អ្នក​ឃ្លាំមើល​ខាង​ក្រៅ​ក្នុង​ការ​តាម​ដាន​ទីតាំង​នៃ​សមរភូមិ​។

អ្នក​នាំពាក្យ​តាលីបង់ ១ ​រូប ​ឈ្មោះ​ប៊ីឡាល់ ខារីមី​ និយាយ​ថា ​ពួក​គេ​បាន​ចូល​កាន់កាប់​ស្រុក​ចំនួន​ ២ ​បន្ថែម​ទៀត​ ដែល​ផ្ដល់​ឱ្យ​តាលីបង់​នូវ​ការ​គ្រប់គ្រង​ស្រុក​ចំនួន​ ៤ ក្នុង​ចំណោម​ស្រុក​ចំនួន​ ៧ នៃ​ខេត្ត​នេះ​។

ប៉ុន្តែ​រណសិរ្ស​តស៊ូ​ជាតិ​ (NRF) របស់​លោក​ ម៉ាស៊ូត ​បាន​និយាយ​ថា​ ពួ​កគេ​បាន​ឡោមព័ទ្ធ​ «ភេរវករ​រាប់​ពាន់​នាក់​» នៅ​ច្រក​ចូល​ជ្រលង​ភ្នំ​ប៉ានជសៀរ ហើយ​ធ្វើ​សមាជិក​តាលីបង់​បោះបង់​រថយន្ត និង​ឧបករណ៍​ជាច្រើន​នៅ​ទីនោះ​។ អ្នក​នាំពាក្យ​ NRF លោក​ ហ្វាហ៊ីម ដាសទី​ បាន​​​អះអាង​ថា​ ចាប់​តាំង​ពី​ការ​ប៉ះទង្គិច​កើត​​ឡើង ពួក​គេ​​បាន​សម្លាប់​សមាជិក​ក្រុម​តាលីបង់​ជាង​ ៦០០ ​នាក់ ហើយ​យ៉ាង​​ហោច​ណាស់ ១ ០០០ នាក់​ផ្សេង​ទៀត​​ ​បាន​ចុះចាញ់ ឬ​ត្រូវ​បាន​ចាប់​ខ្លួន។

ប្រធាន​អគ្គ​សេនាធិការ​ចម្រុះ ​កង​ប្រដាប់​អាវុធ​អាមេរិក ​នាយ​ឧត្ដមសេនីយ៍ ​ម៉ាក មីលលី​ បាន​គូស​បញ្ជាក់​អំពី​ស្ថានភាព​នៅ​អាហ្វហ្គានីស្ថាន​ថា​៖ «ការ​ប៉ាន់ស្មាន​យោធា​របស់​ខ្ញុំ គឺ​ថា​លក្ខខណ្ឌ​បច្ចុប្បន្ន​ទំនង​នឹង​វិវឌ្ឍទៅ​រក​សង្គ្រាម​ស៊ីវិល​។ ខ្ញុំ​មិន​ដឹង​ថា ​តើ​តាលីបង់​អាច​បង្រួប​បង្រួម​អំណាច​ហើយ​បង្កើត​រដ្ឋាភិបាល​បាន​ ឬ​ទេ​?»។

ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​ផ្លាស់ប្ដូរ​ពី​ក្រុម​ឧទ្ទាម​ទៅ​ជា​អ្នក​គ្រប់គ្រង​ប្រទេស​តាលីបង់ ​ហាក់បី​ដូចជា​ប្ដេជ្ញា​កម្ចាត់​ចលនា​ប្រឆាំង​នៅ​ជ្រលង​ភ្នំ​ប៉ានជសៀរ​មុន​ពេល​ប្រកាស​រចនាសម្ព័ន្ធ​នៃ​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន​។

ប៉ុន្តែ​​ជ្រលង​ភ្នំ​ប៉ានជសៀរ​ ដែល​មាន​ប្រវត្តិសាស្ត្រ​តតាំង​នឹង​ការ​ឈ្លាន​ពាន​អស់​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ ដោយ​សហភាព​សូវៀត​ និង​ដោយ​តាលីបង់​ កាល​ពី​ឆ្នាំ​ ១៩៩៦ ដល់​ ២០០១​ ឥឡូវ​នេះ​នៅ​តែ​មិន​ព្រម​ចុះចាញ់​តាលីបង់​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា ​គោល​បំណង​ចម្បង​នៅ​ពេល​នេះ​របស់​មេដឹកនាំ​ចលនា​តស៊ូ​ គឺ​ការ​ទប់ទល់​ក្រុម​តាលីបង់​ឱ្យ​បាន​ដល់​ចុង​ខែ​តុលា​ នៅ​ពេល​ការ​ធ្លាក់​ព្រិល​លើ​ភ្នំ​នឹង​រារាំង​គ្រប់​ប្រតិបត្តិការ​យោធា ហើយ​ផ្ដល់​រយៈពេល​ប្រមាណ​ ៥ ​ខែ ​ទិញ​អាវុធ​បន្ថែម​ ឬ​ធ្វើ​ការ​ទាក់ទាញ​ជំនួយ​ពី​ខាង​ក្រៅ​លោក​ឧត្ដមសេនីយ៍​មីលលី​និយាយ​ថា​ ប្រសិន​បើ​តាលីបង់​មិន​អាច​សម្រេច​គោលដៅ​រួបរួម​អំណាច ​និង​បង្កើត​រដ្ឋាភិបាល​បាន​ទេ​ នោះ​នឹង​ «នាំ​ឱ្យ​មាន​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ក្រុម​អាល់កៃដា ឬ​ការ​រីក​ចម្រើន​របស់​អាយស៊ីស (ISIS-​K) ឬ​ក្រុម​ភេរវករ​ជា​ច្រើន​ផ្សេង​ទៀត» ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​៕