ប្រទេស​ចិន ​បាន​ចេញ​ច្បាប់​ថ្មី​ ដែល​កំណត់​ពេលវេលា​សម្រាប់​ការ​លេង​ហ្គេម​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ក្រោម​ ១៨ ឆ្នាំ​។​ ការ​ហាម​ឃាត់​នេះ ​ត្រូវ​បាន​ធ្វើ​​ឡើង​ បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​​ពាល់​ ដែល​អាច​មាន​ទៅ​លើ​កុមារ​ទាំង​​នោះ ​ដោយសារ​ចំណាយ​ពេល​លើ​ការ​លេង​ហ្គេម​នេះ ​ហួស​ប្រមាណ​។​

គោលការណ៍​ថ្មី​នេះ ​ត្រូវ​បាន​ចេញ​ផ្សាយ​​កាល​ពី​​ចុង​ខែ​សីហា​ អំពាវនាវ​ឱ្យ​​ក្រុមហ៊ុន​ហ្គេម​កំណត់​ក្មេង​ដែល​​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ឱ្យ​​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​តែ​ពី​ម៉ោង​ ៨ ​យប់ ​ដល់ ​៩ ​យប់ ​រាល់​​ថ្ងៃ​ចុង​សប្តាហ៍​ និង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ប៉ុណ្ណោះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា ​ចលនា​នេះ​ធ្វើ​​ឡើង​ដើម្បី​ការពារ​សុខភាព​ផ្លូវ​ចិត្ត​ និង​កាយ​​របស់​អនីតិជន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ចិន​បាន​​អនុវត្ត​ប្រព័ន្ធ​ចុះ​បញ្ជី​ដែល​តម្រូវ​ឱ្យ ក្រុមហ៊ុន​ហ្គេម​កំណត់​ឈ្មោះ​​អ្នក​ប្រើប្រាស់​​ដោយ​តម្រូវ​ឱ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ​​​ចុះ​ឈ្មោះ​ ដោយ​ប្រើប្រាស់​​ឈ្មោះ​ពិត​​។

អ្នក​លេង​ហ្គេម​ វ័យ​ ១៦ ​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ហឺណាន​ភាគ​កណ្តាល​ប្រទេស​ចិន ​បាន​និយាយ​ថា​ រូប​គេ​បាន​ប្រើ​គណនី​របស់​បង​ប្រុស​រួច​ហើយ​ ដើម្បី​លេង​ហ្គេម​នេះ​ ដូច្នេះ​គេ​នឹង​ប្រើ​គណនី​របស់​បង​ប្រុស​គេ​នៅ​ពេល​គោល​ការណ៍​ថ្មី​នោះ​ ចាប់​ផ្តើម​ចូល​ជា​ធរមាន​​។ គេ​បាន​និយាយ​ថា​៖ «បទបញ្ជា​ថ្មី​នេះ​ ត្រូវ​បាន​​ដាក់​ឡើង​ ដោយសារ​តែ​អាណាព្យាបាល​ស្អប់​ការ​លេង​ហ្គេម​»។

អ្នក​ប្រើ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន​ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា ​កីឡា​​អេឡិចត្រូនិក​នឹង​មិន​មាន​ការ​រីក​ចម្រើន​ឡើយ​នៅ​ប្រទេស​ចិន​ ដោយ​ក្មេងៗ​​នៅ​ប្រទេស​ផ្សេង​ទៀត​ នឹង​ឈ្នះ​លើ​ការ​ប្រកួត​ជើងឯក​ពិភព​លោក​នៅ​អាយុ​ ១៧ ​ឆ្នាំ​ ខណៈ​ដែល​​ក្មេង​នៅ​ប្រទេស​ចិន ​ទើប​ចាប់​ផ្តើម​លេង​ហ្គេម​នៅ​អាយុ​ ១៨ ​ឆ្នាំ​។

សេចក្តី​ប្រកាស​ដែល​ជា​ការ​ផ្លាស់​ប្តូរ​បទប្បញ្ញត្តិ​ចុង​ក្រោយ​បង្អស់​ប្រឆាំង​នឹង​វិស័យ​បច្ចេកវិទ្យា​បាន​​ធ្វើ​ឱ្យ​តម្លៃ​ទី​ផ្សារ​របស់​ក្រុមហ៊ុន​ Tencent​ និង​​ Net Ease ​មាន​​ការ​ធ្លាក់​ចុះ​។

ក្រុមហ៊ុន​ទាំង ២ ​​ទទូច​ថា ​ពួក​គេ​នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទេ​ ចំពោះ​ការ​​រឹត​បន្តឹង​នេះ​។ តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Financial Times​ លោក​ William​ Ding​ ស្ថាបនិក​ក្រុមហ៊ុន​ Netease ​បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​​នេះ​ថា៖​ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​ យើង​បាន​កត់​សម្គាល់​ថា​ មាន​ហ្គេម​​​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​នេះ​ បាន​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​កុមារ​»។

លោក​ William​ បាន​និយាយ​បន្ត​ថា​ ដូច្នេះ​លោក​គិត​ថា ​បទប្បញ្ញត្តិ​ថ្មី​នេះ​ នឹង​​ធ្វើ​ឱ្យ​​ក្មេង​ជំទង់​អាច​កាត់​បន្ថយ​ការ​ចំណាយ​ពេល​លើ​ការ​លេង​ហ្គេម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហ្គេម​​នេះ​ បាន​កត់​សម្គាល់​ថា ​ប្រាក់​ចំណូល​របស់​ពួក​គេ​ពី​អនីតិជន​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គេ​មាន​តិច​តួច​ប៉ុណ្ណោះ​ ហើយ​ភាគ​ហ៊ុន​របស់​ពួក​​គេ​បាន​កើន​ឡើង​មក​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​៕