កាល​ពី​ថ្ងៃ​អាទិត្យ​ កងទ័ព​អាកាស​កោះ​តៃវ៉ាន់ ​បាន​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ បន្ទាប់​ពី​យន្តហោះ​យោធា​ចិន​ដី​គោក​ចំនួន​ ១៩ គ្រឿង ដែល​រួម​មាន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ បាន​ហោះ​ចូល​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​របស់​កោះ​នេះ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កោះ​តៃវ៉ាន់​ បាន​ប្រឈម​នឹង​បេសកកម្ម​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​កង​ទ័ព​អាកាស​ចិន​ ដែល​ជា​ញឹកញាប់​ធ្វើ​ឡើង​នៅ​ភាគ​និរតី​នៃ​តំបន់​ការពារ​អាកាស​ក្បែរ​កោះ​មួយ​គ្រប់គ្រង​ដោយ

​តៃវ៉ាន់​។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​និយាយ​ថា​បេសកកម្ម​ចិន​ដី​គោក​ចុង​ក្រោយ​នេះ​ មាន​ការ​ចូល​រួម​ពី​យន្តហោះ​ចម្បាំង​ J-16 ចំនួន​ ១០ គ្រឿង យន្តហោះ​ចម្បាំង​ Su-30 ចំនួន​ ៤ គ្រឿង​ ព្រម​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ H-6 ចំនួន​ ៤ គ្រឿង​ ដែល​មាន​សមត្ថភាព​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ​ និង​យន្តហោះ​ប្រឆាំង​នាវា​មុជ​ទឹក ១ ​គ្រឿង​។

ក្រសួង​នេះ​និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រលាន​យន្តហោះ​ចិន​ដី​គោក ហើយ​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែន​អាកាស​ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​តាម​ដាន​សកម្មភាព​យន្តហោះ​ទាំង​នេះ​។

តំបន់​ដែល​យន្តហោះ​ចិន​ធ្វើ​បេសកកម្ម​គឺ​មាន​ចម្ងាយ​ជិត​ឆ្នេរ​សមុទ្រ​ចិន​ដី​គោក​ ជាង​ឆ្នេរ​សមុទ្រ​កោះ​តៃវ៉ាន់​។

ប្រទេស​ចិន​ តែង​តែ​ធ្វើ​បេសកកម្ម​បែប​នេះ​ ដើម្បី​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ចំពោះ​អ្វី​ធំដុំ​ដែល​កោះ​តៃវ៉ាន់​បាន​ធ្វើ​ ឬ​ការ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កោះ​នេះ ​ជា​ពិសេស​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ធំ​ជាង​គេ​សម្រាប់​កោះ​នេះ​។ គេ​មិន​ដឹង​ច្បាស់​ថា​តើ​អ្វី​បាន​ជំរុញ​ចិន​ឱ្យ​ធ្វើ​បេសកកម្ម​លើក​នេះ​ទេ​?

ប្រទេស​ចិន​ បាន​មើល​ឃើញ​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ ដែល​នៅ​ពេល​អនាគត​ត្រូវ​តែ​រួបរួម​គ្នា​វិញ​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ ​រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង​បើ​សិន​ចាំ​បាច់​៕