កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ៥ កញ្ញា ​ក្រសួង​សុខាភិបាល​ប្រទេស​វៀតណាម​ បាន​ប្រកាស​ថា​ ចំណុច​កណ្ដាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ​ទីក្រុង​ហូជីមិញ​ និង​រដ្ឋធានី​ហាណូយ​ ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ពេញ​វ័យ​របស់​ពួកគេ​ទាំង​អស់ ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ​១ ​ដូស ​នៅ​ត្រឹម​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​។

ប្រទេស​វៀតណាម​ មាន​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ ១៩​ ទាប​ជាង​គេ​នៅ​ក្នុង​តំបន់​ ដោយ​មាន​ត្រឹម​តែ​ ៣,៣ ភាគរយ​នៃ​ប្រជាជន​សរុប​ ៩៨ លាន​នាក់ ​បាន​ទទួល​វ៉ាក់សាំង​គ្រប់​ ២​ ដូស​ ខណៈ​ពេល​ដែល​ត្រឹម​តែ​ ១៥,៤ ភាគរយ​បាន​ទទួល​វ៉ាក់សាំង​ ១ ​ដូស​។

ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ឆ្លង​ជំងឺ​កូវីដ ១៩​ ដ៏​អាក្រក់​មួយ​ ដោយ​ករណី​ឆ្លង​ជាង​ ៥២០ ០០០ ករណី​ និង​ការ​ស្លាប់​ជាង​ ១៣ ០០០ នាក់​ ដែល​ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​សរុប​ និង​ជាង​ ៨០ ភាគរយ​នៃ​ការ​ស្លាប់​សរុប​បាន​កើត​ឡើង​នៅ​ទីក្រុង​ហូជីមិញ​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រទេស​នេះ​។

ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ៨៨ ​ភាគរយ​នៃ​ប្រជាជន​ពេញ​វ័យ​របស់​ទីក្រុង​ហូជីមិញ​ចំនួន ៦,៩៧ លាន​នាក់​ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ចំនួន​ ១ ដូស​។ អត្រា​នេះ​គឺ ស្មើ​នឹង​ចំនួន ​៥៣ ភាគរយ​សម្រាប់​ប្រជាជន​ពេញវ័យ​នៅ​ទីក្រុង​ហាណូយ​ចំនួន ៥,៧៥ លាន​នាក់។

មក​ដល់​ពេល​នេះ​វៀតណាម​បាន​ទទួល​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ ចំនួន ៣៣ លាន​ដូស ហើយ​រដ្ឋាភិបាល​រំពឹង​ថា​នឹង​ទទួល​បាន ១៧ លានដូស​​បន្ថែម​ទៀត​នៅ​ចុង​ខែ​នេះ​៕