
លោកនាយករដ្ឋមន្ត្រី Yoshihide Suga ថតរូបនៅការិយាល័យរបស់លោកបន្ទាប់ពីសន្និសីទកាសែតនៅស្នាក់ការគណបក្ស LDP នៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី៣ កញ្ញា។ AFP
ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍នៅថ្ងៃអាទិត្យថា រដ្ឋមន្ត្រីទទួលបន្ទុកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជប៉ុនត្រូវបានគេមើលឃើញថាជាបេក្ខជនដែលស័ក្តិសមបំផុត ក្នុងការក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ខណៈដែលអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងស្ត្រីម្នាក់គឺ លោកស្រី SanaeTakaichi បានធានាគាំទ្រចំពោះការឈរឈ្មោះរបស់រដ្ឋមន្ត្រីនេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Reuters។
នាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសនៅថ្ងៃសុក្រថា លោកនឹងចុះចេញពីតំណែង និងចាប់ផ្ដើមរៀបចំការបោះឆ្នោតថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅថ្ងៃទី ២៩ ខែកញ្ញា ដោយអ្នកឈ្នះនឹងទទួលបានតំណែងជានាយករដ្ឋមន្ត្រី។
ទីភ្នាក់ងារព័ត៌មាន Kyodo បាននិយាយថា អ្នកឆ្លើយសំណួរជិត ១ ភាគ ៣ ក្នុងការស្ទង់មតិតាមទូរស័ព្ទដែល ខ្លួនបានធ្វើនៅចុងសប្តាហ៍នេះបាននិយាយថា រដ្ឋមន្រ្តីទទួលបន្ទុកចាក់វ៉ាក់សាំង គឺលោក Taro Kono គឺស័ក្តិសមបំផុតក្នុងការស្នងតំណែងលោក Suga ធ្វើជានាយករដ្ឋមន្ត្រី។
លោក Kono មិនបានបញ្ជាក់ពីបំណងរបស់លោកក្នុងការស្វែងរកការដឹកនាំក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចនោះទេ ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា លោកគ្រាន់តែចង់ពិគ្រោះជាមួយមិត្តរួមការងាររបស់គណបក្សមុននឹងសម្រេចចិត្ត។
ប៉ុន្តែទូរទស្សន៍ TBS បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយមិនបានដកស្រង់ប្រភពថា លោកមានបំណងឈរឈ្មោះក្នុងការប្រកួតប្រជែងដោយបើកចំហ។ លោកទទួលបានការជំរុញពីសំណាក់រដ្ឋមន្ត្រីធំៗ ក្នុងនោះមានទាំងលោក Suga ដែលសន្យាថា លោកនឹងគាំទ្រលោក Kono ប្រសិនបើលោកឈរឈ្មោះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Nippon News Network កាលពីថ្ងៃសៅរ៍៕