
ទិដ្ឋភាពទូទៅនៃទឹកជំនន់បណ្តាលមកពីព្យុះអ៊ីដានៅរដ្ឋ Louisiana ភាគអាគ្នេយ៍។ AFP
ក្រុមហ៊ុន Entergy Louisiana បានឱ្យដឹងថា តំបន់មួយចំនួននៅរដ្ឋ Louisiana ដែលត្រូវរងគ្រោះដោយ ព្យុះសង្ឃរា Ida អាចនឹងត្រូវការពេលពី ២ ទៅ ៣ សប្តាហ៍ ក្នុងការស្ដារថាមពលអគ្គិសនីមកវិញអាចនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី ២៩ ខែកញ្ញា។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន CNN។
កាលពីរសៀលថ្ងៃអាទិត្យ ១សប្តាហ៍បន្ទាប់ពីព្យុះសង្ឃរា Ida បានចុះចតនៅឆ្នេរសមុទ្រ ឈូងសមុទ្រ Gulf Coast ដែលមានប្រជាជនជាង ៥៩៨ ពាន់នាក់ ត្រូវទទួលរងបញ្ហាគ្មានថាមពលប្រើ។ នេះបើយោងតាមវេសាយរដ្ឋាភិបាល PowerOutage.us ។
ក្រុមហ៊ុន Entergy Louisiana ដែលផ្តល់សេវាកម្មអគ្គិសនីដល់អតិថិជនជាង ១ លាននាក់ បានប៉ាន់ប្រមាណថាថាមពលអគ្គិសនី នឹងត្រូវបានស្តារឡើងវិញដល់អតិថិជនភាគច្រើននៅត្រឹមថ្ងៃពុធសប្ដាហ៍នេះ។
អភិបាលរដ្ឋ Louisiana លោក John Bel Edwards បាននិយាយកាលពីថ្ងៃសៅរ៍ថា៖«អគ្គិសនី គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលយើងកំពុងជួបប្រទះនៅទូទាំងរដ្ឋ Louisiana ភាគអាគ្នេយ៍។ ឥឡូវនេះ យើងអត់ទាន់ឃើញមានការស្តារឡើងវិញច្រើននៅឡើយទេ»។
ចំនួនប្រជាជនដែលគ្មានថាមពលប្រើប្រាស់ នៅពាក់កណ្តាលថ្ងៃ សៅរ៍មានចំនួន ៧១៨ ៥៥៩ នាក់ ដែលរួមបញ្ចូលទាំងផ្ទះនិងអាជីវកម្មដែលស្មើនឹងមនុស្សច្រើន។ ប្រជាជនប្រមាណ ១,១ លាននាក់ នៅរដ្ឋនេះត្រូវទទួលរងការខ្វះថាមពលប្រើប្រាស់ភ្លាមៗ ក្រោយមានព្យុះបក់បោកនៅរដ្ឋ Louisiana នេះ។
គួរបញ្ជាក់ផងដែរថា មនុស្ស ១៣ នាក់ បានស្លាប់នៅរដ្ឋ Louisiana ក្រោយករណីខ្យល់ព្យុះនេះដោយមនុស្ស ៤ នាក់ ស្លាប់មកពីការពុលកាបូនម៉ូណូអុកស៊ីត បណ្ដាលឱ្យរដ្ឋាភិបាលអំពាវនាវដល់ប្រជាជនឱ្យប្រុងប្រយ័ត្នជាងមុននៅពេលប្រើម៉ាស៊ីនភ្លើង៕