
បុគ្គលិកសុខាភិបាលឥណ្ឌូនេស៊ីត្រួតពិនិត្យវ៉ាក់សាំង Moderna ផ្តល់ដោយអាមេរិក។ AFP
ការសិក្សាថ្មីៗជាច្រើនបានបង្ហាញថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពការពារមេរោគកូវីដ ១៩ បានយូរជាងវ៉ាក់សាំង Pfizer ខណៈពេលរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រកំពុងជជែកវែកញែកថា តើត្រូវប្រើវ៉ាក់សាំងមួយណាធ្វើជាដូសជំរុញ និងត្រូវចាក់ពេលណា។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Financial Times។
លោក Paul Burton ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ក្រុមហ៊ុនវ៉ាក់សាំង Moderna បាននិយាយថា៖ «ការសិក្សាដែលមានទំនុកចិត្តបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានបង្ហាញថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពយូរហើយអាចប្រឆាំងនឹងវ៉ារ្យ៉ង់ដែលតា (Delta) ហើយថែមទាំងអាចជួយមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយទៀតផង»។
ការស្រាវជ្រាវបោះពុម្ពផ្សាយនៅសប្តាហ៍នេះ នៅក្នុងទិនានុប្បវត្តិសមាគមវេជ្ជសាស្ត្រអាមេរិកបានរកឃើញថា បុគ្គលិកថែទាំសុខភាពបែលហ្ស៊ិក ដែលទទួលបានវ៉ាក់សាំង Moderna មានចំនួនអង្គបដិបក្ខប្រាណច្រើនជាងអ្នកទទួលបានវ៉ាក់សាំង Pfizer ដល់ទៅ ២ ដងក្នុងរយៈពេល ២ ខែ បន្ទាប់ពីការចាក់ដូសទី២។
លោកស្រី Deborah Steen sels អ្នកនិពន្ធម្នាក់នៃការស្រាវជ្រាវនេះ បាននិយាយថា កម្រិតអង្គបដិបក្ខប្រាណខ្ពស់ បន្ទាប់ពីការចាក់វ៉ាក់សាំងគួរតែនាំឱ្យមានការការពាររយៈពេលវែង និងកាន់តែធន់ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីរបស់កូវីដ។
ខណៈដែលអ្នកវិទ្យាសាស្ត្រ មិនទាន់អាចវាស់វែងចំនួនអង្គបដិបក្ខប្រាណប៉ុនណា ដែលអាចគ្រប់គ្រាន់ប្រឆាំងនឹងវ៉ារ៉្យង់ថ្មី ប៉ុន្តែភ័ស្ដុតាងដែលមានស្រាប់អាចគ្រប់គ្រាន់ទ្រទ្រង់ទ្រឹស្តីដែលមានស្រាប់ហើយ។
លោកស្រីបានបន្ថែមថា៖ «វ៉ាក់សាំងទាំងអស់សុទ្ធតែមានប្រសិទ្ធភាពនៃការការពារមនុស្សពីជំងឺធ្ងន់ធ្ងរ និងមរណភាពខ្ពស់ហើយនោះ គឺជាគោលដៅសំខាន់នៃវ៉ាក់សាំង។ ប៉ុន្តែសម្មតិកម្មរបស់យើង គឺថា រយៈពេលការការពារប្រឆាំងនឹងករណីស្រាលឱ្យមានរយៈពេលយូរនោះ យើងត្រូវការអង់ទីគ័រដែលខ្ពស់ជាងនេះ បន្ទាប់ពីការចាក់វ៉ាក់សាំង»។
ការសិក្សាមួយផ្សេងទៀតនៅសប្តាហ៍នេះ ចេញពីសាកលវិទ្យាល័យវឺជីនៀ បានរកឃើញថា អ្នកទទួលវ៉ាក់សាំង Moderna មានអង្គបដិបក្ខប្រាណច្រើនជាងវ៉ាក់សាំង Pfizer ដោយមានភាពខុសគ្នាទាំងនេះ គេសង្កេតមើលឃើញនៅលើមនុស្សចាស់។ ការរកឃើញនេះបានឆ្លុះបញ្ចាំងពីឯកសារសេចក្តីព្រាង កាលពីខែមុន ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូរ៉ុនតូស្ដីពីការវាយតម្លៃ ពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក្នុងចំណោមអ្នករស់នៅមណ្ឌលថែទាំរយៈពេលវែង។
អ្នកវិទ្យាសាស្ត្រខ្លះណែនាំថា វ៉ាក់សាំង Moderna អាចប្រសិទ្ធភាពយូរនេះ គឺដោយសារតែកម្រិត mRNA របស់វាដែលជាកូដហ៊ែ្សនជួយដល់ប្រព័ន្ធភាពស៊ាំឱ្យស្គាល់ប្រូតេអ៊ីនកូរ៉ូណាវីរុស ដែលកំពុងកើនឡើង ដែលមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំង Pfizer ៣ ដង។ កត្តាមួយទៀតអាចជាពេលវេលារវាងដូសដែលត្រូវបានណែនាំ ពោលគឺវ៉ាក់សាំង Moderna ត្រូវការរយៈពេល ៤ សប្តាហ៍ រវាងដូសនីមួយៗ ប៉ុន្តែវ៉ាក់សាំង Pfizer ត្រូវការតែ ៣ សប្ដាហ៍ប៉ុណ្ណោះ។
លោក Eric Topol នាយកវិទ្យាស្ថានបកប្រែភាសា Scripps បាននិយាយថា វ៉ាក់សាំងកូវីដទាំងអស់ហាក់ដូចជាមានប្រសិទ្ធភាពជាងនៅក្នុងប្រទេសដែលមានគម្លាតចាក់វ៉ាក់សាំងឆ្ងាយៗ ដូចជាចក្រភពអង់គ្លេស និងកាណាដាជាងនៅសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Tim Spector សហស្ថាបនិក Zoe និងសាស្ត្រាចារ្យនៅ King''s College London បានព្រមានថា បើទោះជាការសិក្សាបឋមមើលឃើញពីប្រសិទ្ធភាពនៃវ៉ាក់សាំងទាំង ២ យ៉ាងណាក្ដី យើងមិនទាន់មានភ័ស្តុតាងណាផ្សេងដែលបង្ហាញពីភាពខុសគ្នារវាងវ៉ាក់សាំងនៅឡើយទេ ដោយសារទិន្នន័យសំខាន់នឹងមកដល់ក្នុងរយៈពេល ៦ ខែ ខាងមុខនេះ។
លោក Paul Hunter អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ East Anglia បានព្រមានអំពីការពឹងផ្អែកខ្លាំងលើការសិក្សាពេក ដោយលោកបានលើកឡើងថា ការរកឃើញដែលមិនបានរំពឹងទុកទាំងនេះ តែងតែកើតឡើងនៅក្នុងពេលមានជំងឺរាតត្បាត។
លោកបាននិយាយថា៖ «ប្រាកដច្បាស់ ឬអត់ថា ការប្រៀបធៀបនេះ គឺជាការប្រៀបផ្លែប៉ោមនឹងផ្លែប៉ោម មិនមែនប្រៀបធៀបក្រូចនឹងផ្លែប៉ោម? អ្វីដែលយើងបានសិក្សារកឃើញមកនេះ គ្មានឱ្យធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ជំរុញការចាក់វ៉ាក់សាំង mRNA ទាំង ២ នេះទេ»។
យ៉ាងណាមិញវិនិយោគិននៅមិនទាន់កំណត់តម្លៃវ៉ាក់សាំងទាំង ២ ឱ្យខុសគ្នាក្នុងទីផ្សារនៅឡើយទេ ដោយសារទាំងរដ្ឋាភិបាលទាំងក្រុមហ៊ុនផលិតសុទ្ធតែកំពុងជួបបញ្ហាកង្វះវ៉ាក់សាំង។ ទន្ទឹមនឹងនេះដែរ ផែនការរបស់ក្រុមហ៊ុនវ៉ាក់សាំង Moderna និង Pfizer សម្រាប់ការផលិតដូសជំរុញនៅតែបន្តទៅមុខជានិច្ច ដោយក្រុមហ៊ុនទាំង ២ កំពុងបង្កើតវ៉ាក់សាំង ដែលត្រូវនឹងវ៉ារ្យ៉ង់ដែលតា ក្នុងករណីដែលពួកគេត្រូវការចាំបាច់ហើយបញ្ជូនទិន្នន័យកម្រិតទី៣ ទៅឱ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕