ការ​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ដោយ​មិន​មាន​ការ​ផ្ដល់​សញ្ញា​ជា​មុន​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​យ៉ូស៊ីហ៊ីដេ ស៊ូហ្គា​ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ប្រជែង​ដើម្បី​ស្នង​តំណែង​ពី​លោក​រវាង​ក្រុម​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​កក​ស្ទះ​ក្នុង​នយោ បាយ​ជប៉ុន​ និង​ក្រុម​អ្នក​នយោបាយ​ឆ្មាំ​ចាស់​ ដែល​ចង់​រក្សា​ស្ថានភាព​ដូច​បច្ចុប្បន្ន​។

លោក​ស៊ូហ្គា​បាន​បន្សល់​ទុក​វិបត្តិ​ដ៏​ធំ​បំផុត​ក្នុង​រយៈ​ពេល​ ១ ទសវត្ស​រ៍ចុង​ក្រោយ​នេះ ​សម្រាប់គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់​លោក​។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ជប៉ុន​មាន​លក្ខណៈ​យឺតយ៉ាវ ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​រីក​រាលដាល ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ក្ដៅអ៊ុនៗ ហើយ​រដ្ឋាភិបាល ​បាន​បរាជ័យ​ក្នុង​ការ​បង្ហាញ​ផ្លូវ​ច្បាស់​លាស់​ទៅ​មុខ​។

បើ​ទោះ​បី​ជា​មាន​ឱកាស​តិច​តួច​ដែល​គណបក្ស ​LDP ធ្លាក់​ពី​អំណាច​ក៏​ដោយ​ ក៏​កំហឹង​សាធារណជន​ចំពោះ​ការ​គ្រប់​គ្រង​វិបត្តិ​កូវីដ ១៩​ នៅ​អាច​បង្ក​ឱ្យ​សំឡេង​ភាគច្រើន​របស់​ពួកគេ​ក្នុង​សភា​ជប៉ុន​ធ្លាក់​ចុះ​។ ដោយ​សារ​សមាជិក​សភា​មក​ពី​ LDP មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច​ថា​ពួកគេ​នឹង​មិន​ជាប់​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ចុង​ឆ្នាំ​នេះ​ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា ពួកគេ​នឹង​ឆ្លៀត​ឱកាស​នេះ​ដើម្បី​កែលម្អ​រូបភាព​របស់​បក្ស​ LDP​។

អ្នក​វិភាគ ​បាន​និយាយ​ថា​ការ​ប្រកួត​ប្រជែង​ថ្នាក់​ដឹកនាំ LDP អាច​នឹង​ក្លាយ​ជា​ចំណុច​របត់​នៃ​នយោបាយ​ជប៉ុន ​ប្រសិន​បើ​វិបត្តិ​កូវីដ១៩ និង​ការ​គំរាម​កំហែង​ដល់​ការ​កាន់​អំណាច​ដ៏​យូរ​អង្វែង​របស់ ​LDP បង្ក​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដែល​មិន​ត្រូវ​បាន​សម្រេច​ដោយ​នយោបាយ​បក្ស​ពួក​និយម​ដូច​មុន​ៗ​។

គណបក្ស​ LDP នឹង​ធ្វើ​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ថ្មី​នៅ​ថ្ងៃ​ទី២៩ កញ្ញា​ខាង​មុខ​នេះ​ ហើយ​អ្នក​ដែល​ឈ្នះ​នឹង​ដឹកនាំ​គណបក្ស​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​វិច្ឆិកា​។

មក​ដល់​ពេល​នេះ​មាន​អតីត​រដ្ឋមន្ត្រី​ការបរទេស​២​រូប​គឺ​លោក​ តារ៉ូ កូណូ​ និង​ហ្វូមីអូ ​គីស៊ីដា​បាន​លេច​ចេញ​ជា​បេក្ខជន​ឈាន​មុខ​គេ​។​លោក​​កូណូ​ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​នាំមក​ក្រុម​អ្នក​នយោបាយ​វ័យ​ក្មេង​ដែល​ជា​ធម្មតា​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​គណៈ​រដ្ឋមន្ត្រី​​ខណៈ​ពេល​ដែល​លោក​គីស៊ីដា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​បេក្ខជន​ដែល​នឹង​បន្ត​នយោបាយ​ឆ្មាំ​ចាស់​។

លោក​កូណូ ដែល​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កំណែ​ទម្រង់​រដ្ឋបាល​ និង​គោល​នយោបាយ​វ៉ាក់សាំង​ ហើយ​ជា​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ក្រោម​លោក​នាយករដ្ឋមន្ត្រី​ស៊ីនហ្សូ អាបេ​ នៅ​មិន​ទាន់​ប្រកាស​បេក្ខភាព​របស់លោក​​នៅ​ឡើយ​ទេ​ ប៉ុន្តែ​លោក​និយាយ​ថា ​លោក​កំពុង​ពិចារណា​ និង​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ដទៃ​ទៀត​នៃ​បក្ស​ LDP​។

លោក​កូណូ​ គឺ​ជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ ហើយ​មាន​វត្តមាន​ដ៏​ធំ​ក្នុង​បណ្ដាញ​សង្គម​ ដោយ​លោក​មាន​អ្នក​គាំទ្រ​ជាង​ ២,៣ លាន​នាក់​លើ​ Twitter​។ ប៉ុន្តែ​លោក​មិន​សូវ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ជើង​ចាស់​ ដោយ​សារ​ចរិត​ឆេវឆាវ​ ​និង​របៀប​ធ្វើ​ការ​ឯករាជ្យ​របស់​លោក​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ លោក ​កូណូ​ អាច​រង​ការ​ចោទ​ប្រកាន់​អំពី​ភាព​យឺតយ៉ាវ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ដោយ​សារ​លោក​ទទួល​បន្ទុក​រៀប​ចំ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​លោក​ស៊ូហ្គា​។

ក្នុង​សៀវភៅ​មួយ​របស់​លោក​ លោក​កូណូ​បាន​លើក​ឡើង​ថា ជប៉ុន​ត្រូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន​ មិន​ត្រឹម​តែ​តាម​រយៈ​ការ​ពង្រឹង​សម្ព័ន្ធភាព​របស់​ខ្លួន​ជា​មួយ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​ក្របខ័ណ្ឌ​ក្នុង​តំបន់​កាន់​តែ​រឹង​មាំ​ជាង​មុន​ក្នុង​ការ​ទំនាក់​ទំនង​សន្តិសុខ​និង​សេដ្ឋកិច្ច​។

លោក​ស៊ូហ្គា​ទំនង​នឹង​ផ្ដល់​ការ​គាំទ្រ​របស់​លោក​ចំពោះ​លោក ​កូណូ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក ​តារ៉ូ អាសូ​ ដែល​ជា​ប្រធាន​ក្រុម​សមាជិក​សភា​ ៥៣ រូប ​របស់​លោក​កូណូ នៅ​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​នៅ​ឡើយ​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ ភាព​ស្ទាក់​ស្ទើរ​របស់​រដ្ឋមន្ត្រី​អាយុ​ ៨០ ឆ្នាំ​នេះ​ គឺ​ដោយ​សារ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ​នៅ​ពេល​លោក​កូណូ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី លោក​នឹង​ត្រូវ​បង្ខំ​ឱ្យ​ចូល​និវត្ត​ន៍​ ខណៈ​ពេល​ដែល​គេ​រំពឹង​ថា​ លោក​កូណូ​នឹង​តែងតាំង​អ្នក​នយោបាយ​វ័យ​ក្មេង​ឱ្យ​កាន់​តំណែង​នេះ​វិញ​។

រីឯ​លោក​គីស៊ីដា​វិញ​ គឺ​ជា​នយោបាយ​ទន់ភ្លន់​ មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ជើង​ចាស់ ប៉ុន្តែ​មិន​សូវ​មាន​ការ​គាំទ្រ​ពី​សាធារណជន​។ លោក​គឺ​ជា​បេក្ខជន​តែ​មួយ​គត់​ដែល​បាន​ប្រកាស​បេក្ខភាព​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​បក្ស​ LDP​។

លោក​ គីស៊ីដា បាន​ធ្វើ​ឱ្យ​សមាជិក​ដទៃ​ទៀត​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​លោក​ប្រកាស​ថា​ ប្រសិន​បើ​លោក​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​ លោក​នឹង​ធ្វើ​កំណែ​ទម្រង់​បទ​បញ្ជា​ផ្ទៃ​ក្នុង​បក្ស​ ដើម្បី​ដក​អំណាច​របស់​អគ្គ​លេខា​បក្ស​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ លោក​ គីស៊ីដា​ ​ធ្វើ​បែប​នេះ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​មនុស្ស​វ័យ​ក្មេង​ ខណៈ​ពេល​ដែល​គេ​នៅ​រំពឹង​ថា​ នឹង​បន្ត​តែង​តាំង​អ្នក​នយោបាយ​ជើង​ចាស់​ឱ្យ​កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​គណៈរដ្ឋ មន្ត្រី​។

កាល​ពី​ឆ្នាំ​មុន​លោក​ គីស៊ីដា​ បាន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​​ថ្នាក់​ដឹកនាំ​បក្ស​ បន្ទាប់​ពីលោក ​ស៊ីនហ្សូ អាបេ​ លាលែង​ពី​តំណែង​។ ក្រុម​ដទៃ​ទៀត​បាន​ប្រឆាំង​បេក្ខភាព​របស់​លោក​ ហើយ​លោក​ស៊ូហ្គា​បាន​ឈ្នះ​ការ​បោះឆ្នោត​នេះ​។

បើ​ទោះ​បី​ជា​លាលែង​ពី​តំណែង​អស់​រយៈ​ពេល​១ឆ្នាំ​រួច​ហើយ​ក៏​ដោយ​ អតីត​នាយករដ្ឋមន្ត្រី​ស៊ីនហ្សូ អាបេ​នៅ​មាន​ឥទ្ធិពល​ខ្លាំង​​ក្នុង​គណបក្ស​ LDP​។ លោក​បាន​ផ្ដល់​សញ្ញា​ថា​លោក​នឹង​គាំទ្រ​អ្នក​នយោបាយ​អភិរក្ស​និយម​លោកស្រី​ សាណាអេ​ តាកាអ៊ីឈី​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​កិច្ចការ​ផ្ទៃក្នុង​។ លោកស្រី ​តាកាអ៊ីឈី ​មិន​ចូល​រួម​ក្រុម​បក្ស​ពួក​ណា​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចែក​រំលែក​ទស្សនៈ​របស់​លោក​អាបេ លើ​ប្រវត្តិសាស្ត្រនិង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ជប៉ុន​ដើម្បី​ពង្រីក​តួនាទី​យោធា​របស់​ជប៉ុន​៕