
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ធ្វើសន្និសីទកាសែតនៅក្នុងទីក្រុង Wellington កាលពីថ្ងៃទី ៣ កញ្ញា។ AFP
ប្រទេសនូវែលសេឡង់ កាលពីថ្ងៃសៅរ៍កន្លងទៅ បានរកឃើញករណីស្លាប់ដំបូង ដោយសារវ៉ា រ៉្យង់ដែលតា និងករណីឆ្លងថ្មី ២០ ករណីទៀត ក្នុង ១ ថ្ងៃ ដែលសុទ្ធតែរកឃើញនៅក្នុងរដ្ឋអូកឡិន។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានCNA។
មន្រ្តីសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រីដែលបានស្លាប់ គឺមានអាយុ ៩០ ឆ្នាំ ហើយមានជំងឺប្រចាំកាយមួយចំនួន ដែលករណីនេះ គឺជាករណីស្លាប់ដំបូងគេហើយ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។
នាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ គឺលោកស្រី Jacinda Ardern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «រាល់ការស្លាប់ គឺជាការរំឭកពីការខូចខាតដែលបណ្ដាលមកពីរោគកូវីដកើតឡើងក្នុងសហគមន៍របស់យើង»។
លោកស្រីបានបន្ថែមថា៖ «ប្រជាជនចាស់ៗ យើងនិងអ្នកដែលមានបញ្ហាសុខភាពមូលដ្ឋានគឺ ត្រូវប្រឈមនឹងហានិភ័យខ្ពស់បំផុតពីវីរុស ហេតុដូចនេះហើយទើបយើងបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលរបស់វា»។
ប្រទេសនូវែលសេឡង់ ហាក់ដូចជាកំពុងប្រឈមនឹងតួលេខនៃការឆ្លងខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ កន្លងទៅ។ ប្រជាជនប្រហែល ១,៧ លាននាក់ នៅទីក្រុងអូកឡិន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ កំពុងស្ថិតនៅក្រោមការរឹតបន្តឹងកម្រិត ៤ ចាប់តាំងពីពាក់កណ្តាលខែសីហាមក។
ករណីឆ្លងពីការផ្ទុះក្នុងសហគមន៍លើកនេះមានចំនួន ៧៨២ ករណី ដោយ ៧៦៥ ករណី មកពីរដ្ឋអូកឡិននិង ១៧ ករណីមកពីរដ្ឋធានីវ៉េលីងតុន។
ប្រទេសនូវែលសេឡង់ ដែលជាប្រទេសមានប្រជាជនចំនួន ៥ លាននាក់ បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ ៣៩២ នាក់ និងមានអ្នកស្លាប់ចំនួន ២៧ នាក់ទៀត ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម៕