បន្ទាប់​ពី​ក្រុម​តាលីបង់ ​បាន​វាយ​ដណ្តើម​ការ​គ្រប់​គ្រង​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្រេច ​ប្រជាជន​អាហ្វហ្គានីស្ថាន​ មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​​ និង​សេរីភាព​របស់​ពួក​គេ។​ ប្រជាជន​អាហ្វហ្គានីស្ថាន​ ជាពិសេស​ក្មេង​ស្រី​ អាច​នឹង​វិល​ត្រឡប់​ទៅ​ទំនៀម​ទម្លាប់​ដែល​ពួក​គេ​ត្រូវ​ស្លៀក​ពាក់​ជា​មនុស្ស​ប្រុស ​ដើម្បី​ទទួល​បាន​សេរីភាព​។​យោង​តាម​របាយការណ៍​ពី​ការ​ស្រាវជ្រាវ​​សភា​ក្រុម​តាលីបង់​ហាម​ស្ត្រី​មិនឱ្យ​​សិក្សា​បន្ទាប់​ពីពួក​គេ​​អាយុ​៨​ឆ្នាំ​ ហើយ​ហាម​មិន​ឱ្យ​​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ បើ​សិន​ជា​​មិន​មាន​សាច់​ញាតិ​ជា​មនុស្ស​ប្រុស​នៅ​ក្បែរ​។

ទោះ​យ៉ាង​ណា​ របាយការណ៍​អង្គការ​ UNICEF កាល​ពី​ឆ្នាំ​២០១៨​លើក​ឡើង​​ថា​ ក្មេង​ស្រី​អាហ្វ- ហ្គានីស្ថាន​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​រៀប​ការ​មុន​អាយុ​ ១៨​ឆ្នាំ​។ ក្មេង​ស្រី​តែ​១៩​ភាគ​រយ​ប៉ុណ្ណោះ​ដែល​អាយុ​ក្រោម​ ១៥​ ឆ្នាំ​ចេះ​អក្សរ​ ហើយ​ ៦០ ភាគ​រយ​នៃ​កុមារ​ចំនួន​ ៣,៧​ លាន​នាក់​ មិន​បាន​ទទួល​ការ​អប់រំ​ពី​សាលា​រៀន​ឡើយ​។

ចំពោះ​គ្រួសារ​ខ្លះ​ដែល​មិន​មាន​មនុស្ស​ប្រុស​ជា​សមាជិក​ក្នុង​គ្រួសារ​ ក្មេង​ស្រី​ខ្លះ​ត្រូវ​រស់​នៅ​ជា​មនុស្ស​ប្រុស​មុន​ពេល​ពួក​គេ​ពេញ​វ័យ​។ ក្មេង​ស្រី​ដែល​តែង​ខ្លួន​ជា​ប្រុស​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ «Bacha posh» ដែល​នៅ​ក្នុង​ភាសា​ដារី​មាន​ន័យ​ថា​​ ក្មេង​ស្រី​ស្លៀក​ពាក់​ជា​ក្មេង​ប្រុស​នេះ​ គឺ​ជា​ប្រពៃណី​បុរាណ​មួយ​ដែលគ្រួសារ​កំណត់​អោយ​ក្មេង​ស្រី​រស់​នៅ​ជា​ក្មេង​ប្រុស​ដើម្បី​ធ្វើ​ការ​រក​ប្រាក់​ចំណូល​។

ទំនៀម​ទម្លាប់​នេះ ​អាច​អនុញ្ញាត​អោយ​ក្មេង​ស្រី​នោះ​ មាន​សេរីភាព​ដូច​ក្មេង​ប្រុស​ដែរ​ដូច​ជា​ការ​ទទួល​បាន​ការ​អប់រំ​ អត្តពលកម្ម​និង​សិទ្ធិ​នៅ​ខាង​ក្រៅ​តែ​ម្នាក់​ឯង​ ឬអាច​បម្រើ​ការ​ដើម្បី​រក​ប្រាក់​ចំណូល​បាន​។កាល​ពី​ឆ្នាំ​២០១៨​ ទី​ភ្នាក់​ងារ​សារព័ត៌​មាន AFP​ បាន​រាយការណ៍​ពី​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ Sitara Wafadar ដែលត្រូវរស់នៅដូចក្មេងប្រុសហើយមើលថែរក្សាគ្រួសាររបស់នាងនៅអាហ្វហ្គានីស្ថាន។

ក្មេង​ស្រី​ Sitara ​អាយុ​ ១៨​ ឆ្នាំ​ ធ្វើ​ការ​ជា​កម្មករ​ជាមួយឪពុក​វ័យ​ចំណាស់​របស់​នាង​នៅ​ឡ​ឥដ្ឋ​រយៈ​ពេល​ ៦ ​ថ្ងៃ​ក្នុង​១​សប្តាហ៍​ដើម្បី​រក​ប្រាក់​សង​ម្ចាស់​បំណុល​របស់​គ្រួសារ​នាង​ ហើយ​និង​ចិញ្ចឹម​គ្រួសារ​។នាង​បាន​ប្រាប់​ AFP ​ថា​៖«ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​ជា​ក្មេង​ស្រី​ទេ​។ ពេល​ខ្លះ​ខ្ញុំ​ចូល​រួម​ពិធី​បុណ្យ​សព​ក្នុង​នាម​ជា​កូន​ប្រុស​ច្បង​របស់​គ្រួសារ​ខ្ញុំ​» ។

ខណៈ​ពេល​ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​ឈប់​ស្លៀក​ពាក់​ជា​បុរស​ បន្ទាប់​ពី​ពួក​គេ​ពេញ​វ័យ​ ក្មេង​ស្រី​ Sitara​​ រូប​នោះ​បាន​និយាយ​ថា​ នាង​នៅ​តែ​ពាក់​អាវ​បុរស​ដើម្បី​ការពារ​ខ្លួន​ឯង​។ នាង​បាន​និយាយ​ថា​​៖«នៅ​ពេល​ខ្ញុំ​ទៅ​ធ្វើ​ការ​មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​ ខ្ញុំ​ជា​មនុស្ស​ស្រី​ទេ​ ​ប្រសិន​បើ​ពួក​គេ​ដឹង​ថា​ ខ្ញុំ​ជា​ក្មេង​ស្រី​វ័យ​ ១៨​ ឆ្នាំ​ធ្វើ​ការ​ពី​ព្រឹក​ដល់​ល្ងាច​នៅ​រោង​ចក្រ​ផលិត​ឥដ្ឋ​នោះ​ ខ្ញុំ​អាច​នឹង​ជួប​បញ្ហា​ជា​ច្រើន​ហើយ​ខ្ញុំ​ថែម​ទាំង​អាច​ត្រូវ​គេ​ចាប់​ជំរិត​ទៀត​ផង​»។

នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​គេ​ឱ្យតម្លៃ​ទៅ​លើ​មនុស្ស​ប្រុស​ជាង​មនុស្ស​ស្រី​ដោយសារ​កូន​ប្រុស​អាច​ទទួល​មរតក​ទ្រព្យសម្បត្តិ​របស់​ឪពុក​ និងអាច​បន្ត​នាម​ត្រកូល​បាន​។ការ​ក្លាយ​ជា​Bacha​ posh ​គឺ​ជា​ការ​លះ​បង់​មួយ​របស់​ក្មេង​ស្រី​ដើម្បី​ទទួល​បាន​សេរីភាព​ដូច​ជា​ការ​ទទួល​បាន​ការ​អប់​រំ​ និង​ការ​ជ្រើស​រើស​គូរ​ស្រករ​របស់​ខ្លួនជាដើម​​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​សេរីភាព​ក៏​ពួក​គេ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ដែល​អត្តសញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​លាត​ត្រដាង៕

​​