អស់​រយៈពេល​ជិត​ ១៨ ​ខែ​ចាប់​តាំង​ពី​ជំងឺ​កូវីដ ១៩ ​ចាប់​ផ្ដើម​រាត​ត្បាត​ទូទាំង​ពិភព​លោក​មក​ដោយ​​បង្ខំ​​ក្រុមហ៊ុន​នានា​តម្រូវ​ឱ្យ​បុគ្គលិក​របស់​ខ្លួន​​​ធ្វើ​ការ​ពី​ផ្ទះ​។​​ ​ខណៈ​ដែល​ការ​ឆ្លង​រាលដាល​ចេះ​តែ​បន្ត ​កាល​បរិច្ឆេទ​​គ្រោង​​បើក​ការងារ​ដោយ​ផ្ទាល់​​ ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​ដំបូង​ឡើយ​កំណត់​នៅ​​ខែ​មករា​ រួច​ក៏​បន្ត​មក​ដល់​ខែ​​កក្កដា​ ខណៈ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​​​តម្រង់​​ជួរ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​អាមេរិក​​​។ ​

តែ​​ទោះ​ជា​យ៉ាងណា​ក្ដី​ ដោយសារ​ការ​ឆ្លង​ដ៏​រហ័ស​របស់​វ៉ារ្យ៉ង់​ដែលតា​ (Delta) និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដូស​ទី​២ ​ខែ​​កញ្ញា ​​​ក៏​ត្រឡប់​​ទៅ​ជា​ខែ​កក្កដា ​សាជា​ថ្មី​​សម្រាប់​ក្រុមហ៊ុន​ជាច្រើន​នៅ​សហរដ្ឋ​អាមេរិក​។​ នេះ​មាន​ន័យ​ថា​ ការ​ចាប់​ផ្ដើម​ធ្វើ​ការងារ​​នៅ​ការិយាល័យ​ដោយ​ផ្ទាល់​ត្រូវ​លើក​ម្ដង​ទៀត​។​ ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន​នានា​ក៏​ត្រូវ​មាន​វិធានការ​ថ្មី​ដើម្បី​ពិចារណា​រួម​ទាំង​ការ​ដាក់​បញ្ជា​កាតព្វកិច្ច​ឱ្យ​​ពាក់ម៉ាស់​​ និង​ការ​ជំរុញ​ឱ្យ​បុគ្គលិក​ដែល​​ទទួល​បាន​វ៉ាក់សាំង​ ២ ដូស ​ឱ្យ​ចាក់​ដូស​ជំរុញ​ទី​៣ ​ក្នុង​អត្រា​ផ្សេងៗ​​គ្នា​។ ​

យោង​តាម​ការ​​ចុះ​ផ្សាយ​របស់​កាសែត​ញូវយ៉កថែមស៍​ក្រុមហ៊ុន​ផ្សេងៗ​ដូច​ជា​ Uber​, Google​, Amazon​, Apple ​និង ​Starbucks ជាដើម​​និយាយ​ថា ​ខ្លួន​​នឹង​ពន្យារពេល​កាលបរិច្ឆេទ​​ធ្វើ​ការ​ទៅ​ឆ្នាំ​ក្រោយ​។ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទាំង​នេះ​ និយាយ​ថា​ មាន​​មូល​ហេតុ​​ដែល​ទាមទារ​ឱ្យ​ខ្លួន​ពន្យារពេល​ ពោល​គឺ​ដើម្បី​បន្ថែម​​ការ​ការពារ​បុគ្គលិក​កុំ​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​ និង​ម្យ៉ាង​ ​ពេល​វេលា​ស័ក្តិសម​ ដើម្បី​ចាប់​ផ្តើម​ពេល​នេះ​ធ្វើ​ឱ្យ​បុគ្គលិក​ពិបាក​ក្នុង​ការ​រៀបចំ​ផែនការ ​ដូច្នេះ​​គម្រោង​បើក​ឆ្នាំ​ក្រោយ​នឹង​មិន​ចាំបាច់​សម្រួល​ម្ដង​ហើយ​ម្ដង​ទៀត​ទេ​។

អ្នកស្រី​ Laura​ Faith​ នាយិកា​ជាន់​ខ្ពស់​ផ្នែក​បទពិសោធ​ប្រជាជន ​និង​ប្រតិបត្តិការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា Uber ​និយាយ​ថា​៖ «​យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​កំពុង​ផ្តល់​ឱ្យ​បុគ្គលិក​នូវ​ការ​សម្រេច​ចិត្ត​មួយ​ដែល​អាច​​​ឱ្យ​វេលា​ដល់​ពួក​គេ​​គ្រប់​គ្រាន់​ ដើម្បី​រៀបចំ​ផែនការ​ជីវិត​​​»​។​​

ក្រុមហ៊ុន​សឺម៉ីកុងឌុចទ័រ​ Intel​ បាន​កំណត់​ថ្ងៃទី ១ ​ខែ​កញ្ញា ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ឱ្យ​ចូល​ធ្វើ​ការ​វិញ​នៅ​តំបន់​មួយ​ចំនួន​។​ ភាគ​ច្រើន​នៃ​បុគ្គលិក​ជាង​ ១ សែន​នាក់​របស់​ក្រុមហ៊ុន​នេះ​ កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​​ផលិត​សឺម៉ីកុងឌុចទ័រ​នៅ​ជុំវិញ​ពិភព​លោក​ ប៉ុន្តែ​សម្រាប់​បុគ្គលិក​ការិយាល័យ​ ប្រហែល​ជា​រង់ចាំ​មើល​ពី​អត្រា​វ៉ាក់សាំង​ និង​ចំនួន​នៃ​ការ​ឆ្លង​របស់​វីរុស​តាម​តំបន់​ដែល​បុគ្គលិក​ធ្វើ​ការ​​​។

លោក​ Todd​ Brady​ នាយក​ផ្នែក​កិច្ចការ​សាធារណៈ​ពិភព​លោក​របស់​ Intel​ ប្រាប់​កាសែត​ញូវយ៉កថែមស៍​ថា​​ ក្រុមហ៊ុន​​ពឹង​ផ្អែក​លើ​ទិន្នន័យ​នៃ​ករណី​ឆ្លង​កូវីដ​ ដើម្បី​សម្រេច​ចិត្ត​ថា​ តើ​ពេល​ណា​ដែល​ត្រូវ​ហៅ​បុគ្គលិក​ឱ្យ​ត្រឡប់​ចូល​ការិយាល័យ​​វិញ?​ ប៉ុន្តែ​មិន​មែន​ជា​ការ​ងាយ​​ស្រួល​នោះ​ទេ​​។​

ការ​ស្ទង់​មតិ​នាពេល​ថ្មី​ៗ​លើ​និយោជក​ ១ ៦០០ នាក់ ​របស់​ក្រុមហ៊ុន​​ការងារ​ និង​ច្បាប់​​ Littler​ បង្ហាញ​ថា​ ៤០ ​ភាគរយ​នៃ​អ្នក​ឆ្លើយ​សំណួរ​​និយាយ​ថា ​ពួក​គេ​បាន​ពន្យារពេល​ផែនការ​ឱ្យ​បុគ្គលិក​​ធ្វើ​ការ​ដោយ​ផ្ទាល់​។ ​ក្រុមហ៊ុន​ដែល​នាំ​មុខ​គេ​ក្នុង​ការ​ពន្យារពេល​ គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​​បុគ្គលិក​សំខាន់​​អាច​ធ្វើ​ការងារ​ពី​ផ្ទះ​បាន​។

អ្នក​ប្រឹក្សា​យោបល់​និយាយ​ថា​ ហេតុផល​មួយ​ដែល​ក្រុមហ៊ុន​ខ្លះ​ពន្យារកាល​បរិច្ឆេទ​ត្រឡប់​​ទៅ​ការិយាល័យ​វិញ គឺ​ត្រូវ​គិត​គូរ​ពី​ការ​ពិចារណា​ថ្មី​នៅ​ពេល​ដែល​ការ​ចាក់​វ៉ាក់សាំង​ក្លាយ​ជា​រឿង​ធម្មតា​។ ​យោងតាម​​​ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​ក្រុមហ៊ុន ​Willis Towers Watson ​ទៅ​លើ​ក្រុមហ៊ុន​​ជិត​ ១ ០០០ ​ដែល​មាន​បុគ្គលិក​សរុប​ជិត​ ១០ ​លាន​នាក់​ ៥២ ភាគរយ ​នៃ​អ្នក​ឆ្លើយ​តប​​និយាយ​ថា​ ពួក​គេ​មាន​គម្រោង​​ដាក់​យុទ្ធសាស្រ្ត​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​នេះ​ ​ធៀប​ទៅ​នឹង​ ២១ ភាគរយ ​ដែល​​​ថា ​ពួក​គេ​មាន​តម្រូវ​ការ​វ៉ាក់សាំង​រួច​ហើយ​។​

ការ​ពន្យារពេល​ផ្តល់​ឱ្យ​កម្មករ​និយោជិត​ដែល​កំពុង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថ្មី​មាន​ពេល​វេលា​គ្រប់​គ្រាន់​ ដើម្បី​ទទួល​​វ៉ាក់សាំង​ពេញ​លេញ​។​ លើស​ពី​នេះ​វា​ក៏​ផ្តល់​​ឱ្យ​ក្រុមហ៊ុន​នូវ​ពេល​វេលា​បន្ថែម​ទៀត​ ដើម្បី​រៀបចំ​ភ័ស្តុភារ​ដែល​អម​ជាមួយ​យុទ្ធសាស្រ្ត​​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ដូច​ជា​ដំណើរ​ការ​តាមដាន​ស្ថានភាព​របស់​បុគ្គលិក​​​ថា ​នរណា​ខ្លះ​បាន​ទទួល​ដូស​ជំរុញ​រួច​ហើយ​។

សម្រាប់​អង្គភាព​ខ្លះ​ការ​ចរចា​ជាមួយ​សហជីព​ក៏​ជា​កត្តា​មួយ​ដែរ​។​ អ្នក​នាំពាក្យ​របស់​វិទ្យុជាតិ​សហរដ្ឋអាមេរិក ​NPR​ ដែល​មិន​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការ​វិល​ត្រឡប់​មក​ការិយាល័យ​វិញ​​និយាយ​ថា​ បណ្តាញ​វិទ្យុ​សាធារណៈ​កំពុង​ធ្វើ​ការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​​រួម​ទាំង​សហជីព​ ​ដើម្បី​វាយ​តម្លៃ​ពី​វិធីសាស្រ្ត​ល្អ​បំផុត​ក្នុង​ការ​រក្សា​បុគ្គលិក​​​ឱ្យ​មាន​សុវត្ថិភាព​ និង​ដើម្បី​រក្សា​ប្រតិបត្តិ​ការ​​របស់​ខ្លួន​​។

លោកស្រី Kate Bullinger ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ United Minds ​​និយាយ​ថា​ វា​ក៏​មាន​ហានិភ័យ​​ផង​ដែរ​ បើ​ទុក​បុគ្គលិក​ឱ្យ​នៅ​ផ្ទះ​យូរ​ពេក​ ​ជា​ពិសេស​ទាក់ទង​នឹង​សុខភាព​ផ្លូវ​ចិត្ត​របស់​កម្មករ​។ ​ជា​ឧទាហរណ៍​ ការ​ស្រាវជ្រាវ​ខ្លះ​​ភ្ជាប់​ទំនាក់ទំនង​​រវាង​ការងារ​ពី​ចម្ងាយ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ភាព​ឯកោ​ក្នុងសង្គម​ និង​ការងារ​ហួស​កម្លាំង​៕