កាល​ពី​ថ្ងៃ​ចន្ទ​ ប្រទេស​រុស្ស៊ី​ ​បាន​ទាមទារ​យោធា​ហ្គីណេ​ឱ្យ​ដោះលែង​លោក​ប្រធានាធិបតី​ អាល់ហ្វា ខនដេ​ (Alpha Conde )​ ខណៈ​ពេល​ដែល​ពួកគេ​ចូល​រួម​ជា​មួយ​សមាគម​អន្តរជាតិ​ក្នុង​ការ​ថ្កោល​ទោស​រដ្ឋ ប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​។

«ទីក្រុង​ម៉ូស្គូ​ជំទាស់​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ដែល​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​» ក្រសួង​ការ​បរទេស​រុស្ស៊ី ​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ហើយ​បន្ត​ទៀត​ថា​៖ «យើង​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក​ខនដេ​និង​ការ​ធានា​អភ័យឯកសិទ្ធិ​របស់​គាត់​។ យើង​ចាត់​ទុក​ថា​វា​ចាំ​បាច់ ​ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​នៅ​ហ្គីណេ​វិល​ទៅ​រក​បទដ្ឋាន​រដ្ឋធម្មនុញ្ញ​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​លោក​ខនដេ​និង​អ្នក​នយោបាយ​ជាន់​ខ្ពស់​ ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​ ឬ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ គឺ​ជា​រដ្ឋប្រហារ​លើកទី៣ ចាប់​តាំង​ពី​ខែ​មេសា​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច និង​កណ្ដាល ដែល​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​វិល​ត្រឡប់​ទៅ​រក​ការ​គ្រប់គ្រង​ដោយ​របប​យោធា​នៅ​ក្នុង​តំបន់​នេះ ដែល​បាន​ធ្វើ​ការ​កែ​ប្រែ​មក​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​កាល​ពី​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។

យ៉ាង​ណា​មិញ​ ប្រទេស​រុស្ស៊ី​​ មាន​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ជា​មួយ​ប្រទេស​ហ្គីណេ​ ដែល​កសាង ​ចាប់​តាំង​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ដំបូង​ក្នុង​សម័យ​សហភាព​សូវៀត ហើយ​ឥឡូវ​នេះ​បាន​មក​ផ្ដោត​លើ​អាជីវកម្ម​លោហៈ​ធាតុ​។

ប្រទេស​ហ្គីណេ​ស្ថិត​​នៅ​​អាហ្វ្រិក​ខាងលិច​ មាន​កំណប់​រ៉ែ​អាលុយមីញ៉ូម​ (រ៉ែ​បុកស៊ីត) ធំ​ជាង​គេ​ក្នុង​ពិភពលោក​ ហើយ​រដ្ឋប្រហារ​បាន​ធ្វើ​ឱ្យ​តម្លៃ​លោហៈ​អាលុយមីញ៉ូម​ កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​ទោះ​បី​ជា​មិន​មាន​សញ្ញា​ថា​ ការ​ផលិត​ និង​ផ្គត់ផ្គង់​ត្រូវ​បាន​រារាំង​។

ក្រុម​ហ៊ុន​ផលិត​អាលុយមីញ៉ូម​រុស្ស៊ី​ Rusal បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ពួកគេ​មាន​បំណង​បន្ត​ប្រតិបត្តិការ​អណ្ដូង​រ៉ែ​បុកស៊ីត​ចំនួន ​៣ និង​រោងចក្រ​ចម្រាញ់​ចំនួន​មួយ​នៅ​ហ្គីណេ​ ប៉ុន្តែ​អាច​ជម្លៀស​បុគ្គលិក​រុស្ស៊ី ទាំង​អស់​ប្រសិន​បើ​ស្ថានការណ៍​កាន់​តែ​យ៉ាប់យ៉ឺន​។ ក្រុម​ហ៊ុន​ផលិត​មាស​រុស្ស៊ី Nordgold ក៏​បាន​និយាយ​ថា​ ពួកគេ​នឹង​បន្ត​ប្រតិបត្តិការ​អណ្ដូង​រ៉ែ​មាស​នៅ​ប្រទេស​ហ្គីណេ​ផង​ដែរ​៕