កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍មុន​ ​ក្រុមហ៊ុន​សារព័ត៌មាន​ហុងកុង​ Next Digital ដែល​បោះពុម្ព​ផ្សាយ​ការ​រិះគន់​រដ្ឋាភិបាល​ចិន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ បាន​ប្រកាស​ថា ​ពួកគេ​នឹង​ចាត់​វិធានការ​បិទ​ទ្វារ​ក្រុមហ៊ុន បន្ទាប់ពី ​ការ​បង្ក្រាប​របស់​អាជ្ញាធរ បាន​ធ្វើ​ឱ្យ​គ្មាន​មធ្យោបាយ​សម្រាប់​ដំណើរការ​បន្ត​ទៅ​មុខ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Next Digital បាន​ណែនាំ​ឱ្យ​មាន​ការ​រំសាយ​ក្រុមហ៊ុន និង​ទូទាត់​ទ្រព្យ​សម្បត្តិ​ ហើយ​ក៏​បាន​និយាយ​ថា​ពួកគេ​បាន​លាលែង​ពី​តំណែង​។

សេចក្ដីថ្លែងការណ៍​នេះ​សរសេរ​ថា​៖ «យើង​បាន​សន្និដ្ឋាន​ថា​ផល​ប្រយោជន៍​ល្អ​បំផុត​របស់​ម្ចាស់​ភាគហ៊ុន ម្ចាស់​បំណុល និយោជិត ​និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នឹង​ត្រូវ​បាន​បំពេញ​ដោយ​ការ​ទូទាត់​ទ្រព្យ​សម្បត្តិ​តាម​លំដាប់​លំដោយ​»​។

ស្ថាបនិក​ និង​ជា​ម្ចាស់​ភាគហ៊ុន​ភាគ​ច្រើន​នៃ​ Next Digital លោក​ជីមមី ឡៃ​គឺ​កំពុង​ជាប់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ ដែល​រួមមាន​ការ​រំលោភ​លើ​ច្បាប់​សន្តិសុខ​ជាតិ​។ គណនី​ធនាគារ​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ហុងកុង​បង្កក​ ដែល​ធ្វើ​ឱ្យ​មាន​ការ​បិទ​កាសែត​ Apple Daily របស់​ក្រុមហ៊ុន​នេះ​។ ក្រៅ​ពី​លោក​ឡៃ និពន្ធ​នាយក​មួយ​ចំនួន និង​នាយក​ប្រតិបត្តិ​របស់​ Next Digital ​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​ដូច​ខាង​លើ​ផង​ដែរ​។

ដោយ​សារ​គណនី​ធនាគារ​ត្រូវ​បាន​បង្កក​ ក្រុម​ហ៊ុន​ Next Digital នៅ​ជំពាក់​ប្រាក់​ឈ្នួល​សម្រាប់​និយោជិត​ជាង​ ៧០០​ នាក់​។ និយោជិត ​ខ្លះ​បាន​រក​ការងារ​ថ្មី ហើយ​ខ្លះ​ទៀត​បាន​បើក​ក្រុមហ៊ុន​សារព័ត៌មាន​ខ្លួន​ឯង ប៉ុន្តែ​ភាគ​ច្រើន​នៅ​គ្មាន​ការងារ​ធ្វើ​។ គេ​រំពឹង​ថា ​ការ​រំសាយ​ក្រុមហ៊ុន​ និង​ទូទាត់​ទ្រព្យសម្បត្តិ​អាច​ទទួល​បាន​ប្រាក់​ខ្លះ​ ដែល​ក្រុមហ៊ុន​ជំពាក់​៕