
គ្រូពេទ្យយកសំណាកស្រ្តីម្នាក់ នាពេលកន្លងទៅ។ រូបថត AFP
ទីក្រុងស៊ីដនីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដ៏ធំបំផុតរបស់អូស្រ្តាលី ត្រូវបានគេរំពឹងថា នឹងមានការឆ្លងរាលដាលខ្លាំងជារៀងរាល់ថ្ងៃនៅសប្តាហ៍ក្រោយ ខណៈពួកគេកំពុងបង្កើនការចាក់វ៉ាក់សាំងឱ្យបានច្រើន ដើម្បីបន្ធូរបន្ថយការបិទខ្ទប់។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរកាលពីថ្ងៃចន្ទ។
ប្រទេសអូស្រ្តាលី កំពុងព្យាយាមទប់ទល់នឹងរលកទី៣ ដែលបណ្ដាលឱ្យមានការបិទទីក្រុងធំៗ ២ របស់ខ្លួន គឺស៊ីដនី និងមែលប៊ន និងរដ្ឋធានីកង់បេរ៉ារបស់ខ្លួន ដោយបង្ខំឱ្យប្រជាជនជាងពាក់កណ្ដាលនៃចំនួនប្រជាជន ២៥ លាននាក់របស់ប្រទេសនេះត្រូវស្នាក់នៅក្នុងផ្ទះ។
នាយករដ្ឋមន្ត្រី New South Wales លោកស្រី Gladys Berejiklian បាននិយាយថា ការធ្វើគំរូរបស់រដ្ឋាភិបាលបានបង្ហាញថា រដ្ឋនេះនឹងត្រូវការគ្រែថែទាំ ដែលមានចំនួនខ្ពស់បំផុត នៅដើមខែតុលា ដោយបាននិងកំពុងដាក់សម្ពាធបន្ថែមលើប្រព័ន្ធនេះនៅប៉ុន្មានសប្តាហ៍ខាងមុខ។
ករណីប្រចាំថ្ងៃនៅជាយក្រុង ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅស៊ីដនី ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២ពាន់ករណី រហូតដល់ពាក់កណ្តាលខែនេះ។
លោកស្រី Berejiklian បាននិយាយអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនីថា៖ «ប្រសិនបើ យើងមិនប្រព្រឹត្តតាមវិធានការសុវត្ថិភាពទេ នោះយើងអាចឃើញតួលេខទាំងនោះខ្ពស់ជាងនេះ»៕