ចាប់​តាំង​ពី​ការ​ប្រារព្ធ​ខួប​ទី១០០ នៃ​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ទី ១ ខែ​កក្កដា ​ឆ្នាំ​នេះ​ បទ​បញ្ជា​នយោបាយ​ជា​ច្រើន​បាន​ហូរ​ចេញ​ពី​ទីក្រុង​ប៉េកាំង​។ លោក​ប្រធានាធិបតី ​ស៊ី ជីនភីង​ បាន​ប្ដេជ្ញា​ថា ​ឥឡូវ​នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ នឹង​ដំណើរ​ការ​ដើម្បី​ផ្ដល់ «វិបុលភាព​រួម»សម្រាប់​ប្រជាជន​ចិន​ទាំង​អស់​។

អ្នក​វិភាគ​មួយ​ចំនួន​​បាន​យល់​ឃើញ​ថា ​ពាក្យ​ស្លោក​របស់​លោក ​ស៊ី ​គឺ​ជា​ការ​រិះគន់​ក្រុម​មហាសេដ្ឋី​ និង​បុគ្គល​សាធារណៈ​ដទៃ​ទៀត​ ដែល​មាន​ទម្លាប់​បង្អួត​ទ្រព្យ​សម្បត្តិ​ និង​ប្រកួត​ប្រជែង​ឥទ្ធិពល​ជា​មួយ​គណបក្ស​កុម្មុយនី​ស្ត​។

ក្នុង​ការ​ស្វែង​រក​កំណើន​សេដ្ឋកិច្ច ប្រទេស​ចិន​ បាន​បង្កើត​មហាសេដ្ឋី​ច្រើន​ជាង​អាមេរិក​ទៅ​ទៀត ហើយ​បាន​ជួយ​ប្រជាជន ៨០០ លាន​នាក់​ចេញ​ពី​ភាព​ក្រីក្រ ប៉ុន្តែ​បន្សល់​ទុក​ប្រជាជន​ ៦០០ លាន​នាក់​ទៀត​ឱ្យ​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​។

ឥឡូវ​នេះ បទ​បញ្ជា​ដែល​កំពុង​ចេញ​ពី​ទីក្រុង​ប៉េកាំង​បង្ហាញ​ថា​ លោក​ ស៊ី គឺ​កំពុង​គ្រោង​រៀប​ចំ​រចនា សម្ព័ន្ធ​សង្គម​ចិន​ឡើង​វិញ ដោយ​ពង្រឹង​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនីស្ត​ទៅ​លើ​វិស័យ​ឯកជន​និង​សង្គម​គ្រួសារ ហើយ​ធ្វើ​ការ​បង្ក្រាប​ក្រុម​មហាសេដ្ឋី​ដែល​ទើប​នឹង​បង្កើត​ថ្មី​ដើម្បី​ចែកចាយ​ទ្រព្យសម្បត្តិ​ឱ្យ​ស្មើ​ៗ​គ្នា ក្នុង​ចំណោម​ប្រជាជន ១,៤ ពាន់​លាន​នាក់​។

បក្ស​កុម្មុយនី​ស្ត​ចិន​ បាន​ប្រកាស​ថា​ខ្លួន​នឹង​ «ត្រួតត្រា​ចំណូល​ខ្ពស់​ហួស​ប្រមាណ និង​ជំរុញ​ឱ្យ​ក្រុម​ បុគ្គល និង​សហគ្រាស​ចំណូល​ខ្ពស់​ឱ្យ​បរិច្ចាគ​មក​សង្គម​វិញ​ឱ្យ​ច្រើន​ជាង​មុន​»។

ការ​បង្ក្រាប​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ធំ​ៗ​ មហាសេដ្ឋី និង​តារា​ល្បី​ៗ​ក្នុង​វិស័យ​កម្សាន្ត​ បាន​ធ្វើ​ឱ្យ​បុគ្គល​សាធារណ​:ជា​ច្រើន​បាត់​ខ្លួន​ ហើយ​ខ្លះ​ទៀត​បាន​ប្រញាប់​ប្រញាល់​ប្រកាស​ភាព​ស្មោះត្រង់​របស់​ពួកគេ​ចំពោះ​បក្ស​កុម្មុយនី​ស្ត និង​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ចូល​សង្គម​វិញ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​អាជ្ញាធរ​ចិន​ព្យាយាម​កាត់​បន្ថយ​ឥទ្ធិពល​របស់​ក្រុម​តារា​លើ​សង្គម​ចិន​។ និយតករ​សោតទស្សន៍​បាន​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​ការ​លើក​តម្កើង​តារា «ប្រុស​ចេក» ដែល​ពួកគេ​និយាយ​ថា​ នេះ​គឺ​ជា​កត្តា​បំពុល​សង្គម​ដ៏​ធំ​។

បើ​ក្រឡេក​មើល​ដំបូង​ ការ​បង្ក្រាប​លើ​មហា​សេដ្ឋី និង​ការ​បង្ក្រាប​លើ​តារា​ «ប្រុស​ចេក» គឺ​មិន​មាន​អ្វី​ទាក់​ទង​គ្នា​ទេ​ ប៉ុន្តែ​យុទ្ធនាការ​ទាំង​២​នេះ ​មាន​ការ​ទាក់ទង​គ្នា​ជុំវិញ​បំណង​របស់​បក្ស​កុម្មុយនី​ស្ត​ក្នុង​ការ​បំបាត់​ភាព​ខុស​ទាំង​អស់​ក្នុង​សង្គម​ ដោយ​មាន​ជំនឿ​ថា​ «វិបុលភាព​រួម»ត្រូវ​ដើរ​ជា​មួយ​វប្បធម៌​រួម។

ក្រៅ​ពី​បញ្ហា​យេនឌ័រ គេ​អាច​មើល​ឃើញ​ការ​បង្កើត ​«វប្បធម៌​រួម» របស់​បក្ស​កុម្មុយនី​ស្ត​ចិន​ក្នុង​ការ​បំបាត់​អត្តសញ្ញាណ​ជនជាតិ​ភាគ​តិច​ ដូចជា​ជនជាតិ​មូស្លីម​អ៊ុយហ្គ័រ​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង និង​ជនជាតិ​ម៉ុងហ្គោលី​នៅ​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង​។

សកម្មភាព​នយោបាយ​ទាំង​នេះ​ ដែល​ភាគ​ច្រើន​ជា​គោល​នយោបាយ​ប្រជាភិថុតិ​និយម​ បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​គិត​ថា​ប្រទេស​ចិន​កំពុង​ឆ្លង​ចូល​យុគ​សម័យ​នយោបាយ​ថ្មី​ ដែល​រួម​បញ្ចូល​ធាតុ​ផ្សំ​ពី​លទ្ធិ​ម៉ៅ​និយម​។ អ្នក​ខ្លះ​ទៀត​ថែម​ទាំង​លើក​ឡើង​ថា ​នេះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ភាព​ចលាចល​សង្គម​ថ្មី ស្រដៀង​នឹង​បដិវត្ត​ន៍​វប្បធម៌​ចាប់​ផ្ដើម​ដោយ​លោក​ម៉ៅ សេទុង​កាល​ឆ្នាំ​ ១៩៦៦ ដែល​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​ និង​សេដ្ឋកិច្ច​របស់​ចិន​កក​ស្ទះ​។

លោក ​ស៊ី ជីនភី​ង​ បាន​បង្ហាញ​ការ​ប្រឆាំង​ចំពោះ​បដិវត្ត​ន៍​វប្បធម៌​របស់​លោក ​ម៉ៅ សេទុង ដោយសារ​គ្រួសារ​របស់​លោក​គឺ​ជា​ជន​រង​គ្រោះ​មួយ​របស់​បដិវត្ត​ន៍​នេះ​ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​លើ​បក្ស​កុម្មុយ​​នី​ស្ត​ និង​សង្គម​ជាតិ​ គេ​មើល​ថា​ លោក ​ស៊ី​ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​នៃ​ជំនាន់​លោក​ម៉ៅ​។

លោក ​ស៊ី​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​គណបក្ស​កាន់​អំណាច​កុម្មុយនី​ស្តចិន​​មិន​ត្រូវ​បោះបង់​ចោល​ឧត្ដមគតិ​បដិវត្តន៍​របស់​ខ្លួន​ឡើយពោល​គឺ​មាន​កាតព្វកិច្ច​ផ្ដល់ «វិបុលភាព​រួម» និង​ឈរ​រួម​គ្នា​ប្រឆាំង​លោក​ខាង​លិច​ជា​ពិសេស​សហរដ្ឋអាមេរិក​៕