អង្ករ​ ១ ​បាវ​ ​ត្រីខ ​១ ​កេស​ ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​របស់​សហគមន៍​ជំនួយ​បាង​កក​ អាច​ជួយ​ប្រជា​ជន​ក្រីក្រ​ជា​ច្រើន​ ជា​ពិសេស​ពលករ​ចំណាក​ស្រុក​ដែល​ត្រដ​រខ្យល់​រស់​ ព្រោះ​គ្មាន​ការងារ​ធ្វើ​ គ្មាន​លុយ​ទិញ​ម្ហូប​ និង​រង​ផល​ប៉ះពាល់​ផ្សេងៗ​ដោយ​សារ​តែ​វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​ថៃ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ ១៩​ ដែល​កំពុង​រាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរក្នុង​​ប្រទេស​នេះ​។​

លោក​ Tun​ Nye​ អាយុ ​៣១ ​ពលករ​ចំណាក​ស្រុក​ពី​មី​យ៉ាន់ម៉ា​ដែល​កំពុង​ជាប់​គាំង​នៅ​ក្រុង​បាងកក​​និយាយ​ថា​៖​ «​រយៈពេ​ល ​៣-៤​ ខែ​ហើយ​ ដែល​យើង​គ្មាន​លុយ​ និង​គ្មាន​អ្វី​បរិភោគ​គ្រប់​គ្រាន់​ ហើយ​ក៏​គ្មាន​ផ្លូវ​ទៅ​មីយ៉ាន់ម៉ា​ដែរ​ ព្រោះ​នៅទី​​នោះ​ ពិបាក​ជាង​នៅ​ទី​នេះ​ទៀត​»​។​ ​​

ជំនួយ​របស់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ អាច​ធ្វើ​ឱ្យ​លោក​ Nye​ និង​ប្រពន្ធ​ ក៏​ដូច​ជា​ពលករ​ដែល​រស់​ក្នុង​ជំរំ​ក្រីក្រ​ជុំវិញ​ក្រុង​បាង​កក​ជាង​ ៦០០ នាក់​ទៀត​ ដោះ​ស្រាយ​បញ្ហា​ស្រេក​​ឃ្លាន​ បាន​ជា​បណ្ដោះ​អាសន្ន​សិន​។​ជំរំ​ដែល​លោក​រស់​នៅ​ ត្រូវ​បាន​បិទ​កាល​ពី​ខែ​ចុង​មិថុនា​ បន្ទាប់​ពី​រក​ឃើញ​មាន​ការ​ឆ្លង​ជា​ចង្កោម​នៃ​វ៉ារ្យ៉ង់​ដែលតា​ (Delta) ក្នុង​ចំណោម​កម្មករ​ដែល​រស់​ក្បែរ​គ្នា​។​

ប៉ុន្តែ​កង្វះ​ស្បៀង​មិន​មែន​ជា​បញ្ហាមួ​យប៉ុ​ណ្ណោះ​ទេ ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ក៏​ត្រូវជួ​យ​ជំនួយ​ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា​ការ​ផ្ដល់​ខ្យល់​អុក​ស៊ីហ្ស៊ែន​ជាដើម​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ឆ្លង​កូវីដ​ធ្ងន់ធ្ងរ​នៅ​ជំរំ​ជនក្រី​ក្រ​នេះ​មិន​អាច​បញ្ជូន​ទៅ​បន្ទប់​សង្រ្គោះ​បន្ទាន់​ទាន់​ពេល​ ​ដោយ​សារ​អ្នក​ជំងឺ​កក​កុញ​នៅ​មន្ទីរពេទ្យ​។​

លោក ​Friso Poldervaart ​ជន​ជាតិ​ដាណឺម៉ាក​ដែល​ជា​សហស្ថាបនិក​នៃ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​និយាយ​ថា​៖​ «​​ភាគ​ច្រើន​ យើង​​ដោះ​ស្រាយ​​តម្រូវ​ការ​ស្បៀង​អាហារ​តាម​រយៈ​ការ​ផ្គត់​ផ្គង់​ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ យើង​កំពុង​ដោះ​ស្រាយ​ជីវិត​មនុស្ស​ដែល​កំពុង​ស្លាប់​នៅ​ក្នុង​ដៃ​យើង​»​។​

មក​ទល់​ពេល​នេះ​ ​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ ប្រចាំ​ថ្ងៃ​ប្រហែល​ ១៥ ០០០​​ ករណី​ ​អ្នក​ឆ្លង​សរុប​​ ១, ២ ​លាន​​ករណី​​ និង​ស្លាប់​ ១២ ៨០០ ​ករណី​។​ ត្រឹម​តែ​ ១២ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​ចំនួន​​ ៧០ លាន​នាក់​ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ ២ ​ដូស​៕