ក្រុមហ៊ុនវ៉ាក់សាំងចិន Sinopharmកំពុងផលិតវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA ក្នុងស្រុកខ្លួនឯង ដើម្បីបង្កើនប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ៉្យង់ដែលតា ដែលជំហាននេះបានធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនឱសថចិនធំដំបូងគេដែលអភិវឌ្ឍបច្ចេកវិទ្យាបន្ថែម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Financial Times។

ជំហានថ្មីរបស់ក្រុមឱសថស្ថានដែលគ្រប់គ្រងដោយរដ្ឋនេះ ធ្វើឡើងក្រោយមានការព្រួយបារម្ភទាក់ទិននឹងប្រសិទ្ធភាពនៃវ៉ាក់សាំងការពារមេរោគអសកម្មធម្មតាដែលលក់ចេញនៅទូទាំងប្រទេសចិន។ ការសិក្សាមួយចំនួន បានបង្ហាញថា វ៉ាក់សាំងទាំងនេះនឹងបង្កើតអង្គបដិបក្ខប្រាណតិចជាងបើប្រៀបធៀបជាមួយនឹងវ៉ាក់សាំង mRNA ។បច្ចប្បន្ននេះ វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA មាននៅក្នុងវ៉ាក់សាំង Pfizer ឬ Moderna របស់សហរដ្ឋអាមេរិក ។

វ៉ាក់សាំងមានមេរោគអសកម្មធម្មតា ដូចនៅក្នុងវ៉ាក់សាំង Sinopharm ស្រាប់ បានប្រើភាគល្អិតមេរោគដែលស្លាប់ ដើម្បីបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខណៈដែលវ៉ាក់សាំង mRNA បានប្រើប្រាស់ហ្ស៊ែនឱ្យផ្ស៊ាំនឹងកោសិកា ដើម្បីបង្កើតប្រូតេអ៊ីនមេរោគ បង្កើតជាប្រព័ន្ធការពាររាងកាយរឹងមាំ។

ទោះយ៉ាងណាក្ដី ក្រុមហ៊ុនវ៉ាក់សាំង Sinopharm មិនមែនជាក្រុមហ៊ុនចិនតែ១គត់ដែលកំពុងអភិវឌ្ឍ វ៉ាក់សាំង mRNA ដោយខ្លួនឯងនោះទេ។ ក្រុមហ៊ុនផលិតឱសថតូច ដូចជា ក្រុមហ៊ុន Walvax Biotechnology ក៏កំពុងធ្វើការសាកល្បងលើការផលិតរួចហើយដែរ។ ប៉ុន្តែក្រុមហ៊ុនផលិតឱសថយក្សដូច Sinopharm ដែលសម្រេចផលិតវ៉ាក់សាំង mRNA នេះអាចជំរុញដល់បច្ចេកវិទ្យានៃការផលិតវ៉ាក់សាំងនេះកាន់តែខ្លាំងថែមទៀតនៅក្នុងប្រទេសចិន។

លោក Jin Dong-yan អ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យហុងកុង បាននិយាយថា៖«ពួកគេកំពុងព្យាយាមអភិវឌ្ឍវ៉ាក់សាំងទាំងនេះ ជាវ៉ាក់សាំងជំនាន់ក្រោយ ពីព្រោះរួមបញ្ជូលជាមួយនឹងវ៉ាក់សាំងជំនាន់ទី១ វ៉ាក់សាំងជំនាន់ក្រោយ នឹងអាចប្រើប្រាស់ជាដូសជំនួយ ហើយ វ៉ាក់សាំង mRNA នេះមានប្រសិទ្ធភាពជាងវ៉ាក់សាំងអសកម្មទៅទៀត»។

ក្រុមហ៊ុន BioNTech ដែលជាក្រុមហ៊ុនផលិតថ្នាំរបស់អាល្លឺម៉ង់កំពុងសហការជាមួយដៃគូចែកចាយ Pfizer និងក្រុមហ៊ុន Fosun Pharma របស់ចិនដើម្បីចែកចាយវ៉ាក់សាំង mRNA របស់ខ្លួនទៅក្នុងទីផ្សារប្រទេសចិន ហើយកំពុងរង់ចាំការយល់ព្រមជាផ្លូវការពីទីក្រុងប៉េកាំង។

លោក Zhu Jingjin លេខាបក្សកុម្មុយនីស្តចិននៃក្រុមហ៊ុន China National Biotec Group ដែលជាអង្គភាពមួយក្រុមហ៊ុន Sinopharm បាននិយាយថា ខ្លួនកំពុងបង្កើតវ៉ាក់សាំង mRNA ក៏ដូចជា វ៉ាក់សាំងប្រូតេអ៊ីនដែលមានវិសាលគមន៍ទូលំទូលាយ ប៉ុន្តែដំណើរការនេះកំពុងស្ថិតនៅក្នុងការសាកល្បងនៅឡើយ។

លោក Zhu បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅឯពិព័រណ៍ អន្តរជាតិចិនសម្រាប់ពាណិជ្ជកម្មសេវាកម្មនៅទីក្រុងប៉េកាំងថា៖ «យើងបានបង្កើតវ៉ាក់សាំងប្រឆាំងនឹងវ៉ារ៉្យង់ដែលតា និងបែតា»។ លោកបានបន្ថែមថាការសាកល្បងវ៉ាក់សាំងដំណាក់កាលទី១ និងដំណាក់កាលទី២ ត្រូវបានបញ្ចប់ សម្រាប់ការបាញ់ប្រូតេអ៊ីនឡើងវិញ។

ប្រទេសចិន បានចែកចាយវ៉ាក់សាំងជាង ២ ប៊ីលានដូស ដែលភាគច្រើនជាវ៉ាក់សាំងអសកម្មដែលបង្កើតឡើងដោយក្រុមហ៊ុន Sinopharm និងក្រុមហ៊ុនឯកជនមួយទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sinovac។

វ៉ាក់សាំងទាំងនេះ អាចរក្សាទុកនៅសីតុណ្ហភាពខ្ពស់ជាងវ៉ាក់សាំង mRNA ដែលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់គ្រាអាសន្នហើយត្រូវបានចែកចាយទៅកាន់ប្រទេសជាង ១០០ នៅទូទាំងពិភពលោក។

យ៉ាងណាមិញ ប្រទេសមួយចំនួនកំពុងសិក្សាថា តើការបញ្ចូលគ្នារវាងវ៉ាក់សាំងអសកម្ម និងវ៉ាក់សាំងមួយផ្សេងទៀត ដែលមានអត្រាការពារប្រសិទ្ធភាពខ្ពស់ ដូចជាការប្រើប្រាស់បច្ចេកវិទ្យា mRNA អាចប្រឆាំងនឹងការឆ្លងមេរោគធ្ងន់ធ្ងរដែរឬយ៉ាងណា?

ការសាកល្បងវ៉ាក់សាំង Sinopharm ដំណាក់កាលទី៣ បានបង្ហាញពីប្រសិទ្ធភាព ៧៩ ភាគរយ ប្រឆាំងនឹងការឆ្លងមេរោគកូវីដ ដែលមានរោគសញ្ញា ប្រសិនបើការចាក់វ៉ាក់សាំងត្រូវបានអនុវត្តរយៈពេល ៣ សប្តាហ៍។ សម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech មានអត្រាប្រសិទ្ធភាពដល់ទៅ ៩៥ ភាគរយ។

នៅប្រទេសកម្ពុជា ទៀតសោត ក៏កំពុងផ្តល់ជូនកម្មករជួរមុខ ដែលទទួលវ៉ាក់សាំង Sinopharm ឬ Sinovac ឱ្យទទួលបានវ៉ាក់សាំងអាស្រ្តាហ្សេនីកា (AstraZeneca) ជាដូសជំនួយ៕