កាល​ពី​ថ្ងៃ​អង្គារ​ ទី ​៧ កញ្ញា ​ក្រុម​តាលីបង់ ​បាន​ប្រកាស​សមាសធាតុ​នៃ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​មួយ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ប្រកាស​ថា ​ប្រទេស​នេះ​បាន​ក្លាយ​ជា​ «អេមីរ៉ាត​អ៊ិស្លាម»។

បើ​ទោះ​បី​ជា​មាន​ការ​សន្យា​ថា​ ពួកគេ​នឹង​បង្កើត​រដ្ឋាភិបាលមួយ ​ដោយ​​រួម​បញ្ចូល​គ្រប់​ភាគី​ គណៈរដ្ឋមន្ត្រី​ស្ដីទី​មាន​តែ​សមាជិក​បុរស និង​គ្មាន​ស្ត្រីសោះ​ ហើយ​ផ្សំ​ឡើង​ពី​សមាជិក​តាលីបង់​ជាន់​ខ្ពស់​ទាំង​ស្រុង​ ដែល​ខ្លះ​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​ដឹកនាំ​ការ​វាយ​ប្រហារ​លើ​កង​កម្លាំង​អាមេរិក​ក្នុង​រយៈ​ពេល​២​ទសវត្ស​រ៍​ចុង​ក្រោយ​នេះ​។

មេដឹកនាំ​តាលីបង់​មាន​អាយុ​ច្រើន​ជាង​គេ​ និង​ទីប្រឹក្សា​ជិត​ស្និទ្ធ​​របស់​ស្ថាបនិក​តាលីបង់​ លោក​ ម៉ូហាម៉ាត់​ ហាស្សាន អាខុន ​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ស្ដីទី​។ លោក​ គឺ​ជា​អតីត​អនុ​រដ្ឋមន្ត្រី​ការបរទេស​របស់​តាលីបង់​កាល​ពី​ពួកគេ​ចូល​កាន់​អំណាច​ដំបូង​នៅ​ឆ្នាំ​ ១៩៩៦ ដល់​ ២០០១។ ឈ្មោះ​របស់​លោក​ គឺ​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​។

មេដឹកនាំ​ការិយាល័យ​នយោបាយ​ និង​សហ​ស្ថាបនិក​ក្រុម​តាលីបង់​លោក​អាប់ឌុល ហ្គានី បារ៉ាដារ ​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ស្ដីទី​។ លោក​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ​ ២០១៨ តាម​សំណើ​របស់​អាមេរិក​ ក្នុង​បំណង​បើក​ការ​ចរចា​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

លោក​ ស៊ីរ៉ាជុដឌីន ហាកកានី​ កូន​ប្រុស​របស់​ស្ថាបនិក​បណ្ដាញ​ហាកកានី​ ដែល​ជា​ក្រុម​ជ្រុល​និយម​ក្នុង​ចំណោម​ក្រុម​តាលីបង់​ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​មហា​ផ្ទៃ​។ កាល​ពី​ឆ្នាំ​ ២០០៨ ​ភ្នាក់ងារ​ស៊ើប​អង្កេត ​FBI​ របស់​អាមេរិក​ បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ហាកកានី​ ក្រោម​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ហើយ​ផ្ដល់​ប្រាក់​រង្វាន់​ ១០ លាន​ដុល្លារ​ សម្រាប់​ព័ត៌មាន​ដែល​អាច​ជួយ​ដល់​ការ​ចាប់​ខ្លួន​លោក​។ ផ្ទុយ​ពី​ក្រុម​តាលីបង់​ទាំង​មូល​ បណ្ដាញ​ហាកកានី​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ថា​ជា​អង្គការ​ភេរវកម្ម​។

ម៉ូហាម៉ាត់ យ៉ាកូប​ កូនប្រុស​របស់​ស្ថាបនិក​ក្រុម​តាលីបង់​លោក​ មូលឡា អូម៉ា ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​ការពារ​ជាតិ​៕