ប្រទេស​ចិន ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា ​ខ្លួន​បាន​ចូល​កាន់កាប់​អតីត​មូលដ្ឋាន​យោធា​អាមេរិក​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ៧ កញ្ញា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក ​វ៉ាង វិនប៊ីន​ បាន​និយាយ​ថា ​ផ្ទុយ​ពី​ការ​រាយការណ៍​របស់​សារព័ត៌មាន​ជា​ច្រើន ទីក្រុង​ប៉េកាំង​មិន​បាន​ពិភាក្សា​ជា​មួយ​តាលីបង់​ ដើម្បី​ផ្ទេរ​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​អាកាស​​បាហ្គ្រាម​ទេ​។

លោក​និយាយ​ថា​៖ «អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​រាល់​គ្នា​បាន​នោះ​ គឺ​ថា ​វា​ជា​បំណែក​នៃ​ព័ត៌មាន​មិន​ពិត​សុទ្ធសាធ​»​។

កាល​ពី​សប្ដាហ៍​មុន​ អតីត​ឯកអគ្គរដ្ឋទូត​របស់​លោក ​ដូណាល់ ត្រាំ ​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ស្រី​នីកគី ហេលី ​បាន​ប្រាប់​ទូរទស្សន៍​ Fox News ថា​រដ្ឋាភិបាល​អាមេរិក​គួរ​តែ​ឃ្លាំមើល​ប្រទេស​ចិន​ បន្ទាប់​ពី​អាមេរិក​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។

«យើង​ត្រូវ​មើល​ប្រទេស​ចិន​ ព្រោះ​ខ្ញុំ​គិត​ថា​ អ្នក​នឹង​ឃើញ​ចិន​ឆ្លៀត​ឱកាស​យក​មូលដ្ឋាន​ទ័ព​អាកាស​បាហ្គ្រាម​» លោក​ស្រី​ ហេលី​ និយាយ​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «ហើយ​ខ្ញុំ​គិត​ថា​ចិន​ក៏​កំពុង​ធ្វើ​សកម្មភាព​នៅ​អាហ្វហ្គានីស្ថាន​ និង​ប្រើប្រាស់​ប៉ាគីស្ថាន​ ដើម្បី​ធ្វើ​ឱ្យ​ខ្លួន​កាន់​តែ​រឹងមាំ ដើម្បី​ប្រឆាំង​ឥណ្ឌា​»​។

កង​កម្លាំង​យោធា​អាមេរិក​បាន​ផ្ទេរ​ការ​គ្រប់​គ្រង​មូលដ្ឋាន​ទ័ព​អាកាស​បាហ្គ្រាម​ ដែល​ជា​មជ្ឈមណ្ឌល​នៃ​បេសកកម្ម​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ ទៅ​ឱ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី​ ២ កក្កដា​ ប៉ុន្តែ​ជាង ​១​ ខែ​ក្រោយ​មក​ មូលដ្ឋាន​នេះ ​បាន​ធ្លាក់​ក្នុង​ដៃ​របស់​តាលីបង់​។

យ៉ាង​ណា​មិញ​ តាលីបង់​បាន​រក្សា​ទំនាក់​ទំនង​យ៉ាង​កក់​ក្ដៅ​ជាមួយ​ទីក្រុង​ប៉េកាំង ​ចាប់​តាំង​ពី​ការ​ដណ្ដើម​អំណាច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​មក​ ហើយ​ពួកគេ​បាន​ស្វាគមន៍​ការ​ចូល​រួម​របស់​ចិន​ក្នុង​ការ​សាងសង់​ និង​អភិវឌ្ឍ​​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើង​វិញ​៕