ការ​ឆ្លង​រីក​រាល​ដាល​​កូវីដ ​១៩ រលក​ទី​៤​ នៅ​ប្រទេស​វៀតណាម​​​ ធ្វើ​ឱ្យ​​ប្រជាជន​មួយ​ចំនួន​ជួប​ការ​លំបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​ ខណៈ​​បម្រាម​គោចរ​នៅ​តែ​បន្ត​នៅ​ក្នុង​ទី​ក្រុង​​។ កាល​ពី​ថ្ងៃ​ទី ៧​​ កញ្ញា​ អាជ្ញាធរ​​ក្រុង​ហូជីមិញ​ បាន​សម្រេច​ពន្យារ​​យន្តការ​នេះ​ ​រហូត​ដល់​ថ្ងៃ​ទី​ ១៥ ​កញ្ញា​។ ចំពោះ​រដ្ឋធានី​​ហាណូយ​វិញ​ វិធានការ​រឹត​ត្បិត​នៅ​តែ​បន្តយ៉ាង​តឹង​រ៉ឹង​នៅ​ក្នុង​តំបន់​ចំនួន​​ ១០​ ចាប់​ពី​ថ្ងៃ​ទី​ ៦ ​កញ្ញាមក​ម្ល៉េះ​​​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ VNExpress​ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក​ Pham Minh Chinh​បាន​និយាយ​ថា​ វៀតណាម​គួរ​តែ​ព្យាយាម​ និង​គ្រប់​គ្រង​ស្ថានការណ៍​កូវីដ ១៩ ត្រឹម​ចុង​ខែ​នេះ​ បន្ទាប់​មក​ស្តារវិស័យ​​ឱស្សហកម្ម​​ និង​អាជីវកម្ម​​ឡើង​វិញ​។

លោក​បាន​បន្ត​និយាយ​ថា​ ស្ថានភាព​សេដ្ឋកិច្ច​សង្គម​វៀតណាម​ក្នុង​រយៈ​ពេល​ ៨​ ខែ​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ប្រភេទ​បំប្លែង​ថ្មី​នេះ​។

ទី​ក្រុង​ហូជីមិញ​បាន​ស្ថិត​នៅ​ក្រោម​ការ​បិទ​ខ្ទប់​​ទាំង​ស្រុង​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២៣​ សីហា​ ដោយ​ប្រជាជន​មិន​អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ សូម្បី​តែ​ដើរ​ទិញ​ម្ហូប​អាហារ​។ ជា​មួយ​នឹង​ការ​រឹត​ត្បិត​ដែល​បាន​កំណត់​រហូត​ដល់​ថ្ងៃ​ទី​ ១៥​ កញ្ញា ​នាយក​រដ្ឋ​មន្រ្តី​ទើប​ជាប់​ឆ្នោត​ថ្មី​លោក​ Pham Minh Chinh ​បាន​បញ្ជា​ឱ្យ​​មាន​ការ​ធ្វើ​តេស្តរក​កូវីដ ១៩ ​ទ្រង់ទ្រា​យ​ធំ​មួយ​សម្រាប់​ប្រជាជន​ក្នុង​ទី​ក្រុង​និង​បាន​ដាក់​ពង្រាយ​ទាហាន​ ដើម្បី​ពង្រឹង​ការ​ស្នាក់​នៅ​តាម​ផ្ទះ​របស់​ប្រជាជន​​ និង​ជួយ​ក្នុង​ការ​ផ្តល់​ជា​ស្បៀងអាហារ​។

ទីក្រុងហូជីមិញ ជាទីក្រុងធំបំផុតរបស់វៀតណាម ហើយទីក្រុងនេះទទួលរងផលប៉ះពាល់ដោយសារកូវីដ ១៩ ខ្លាំងជាងគេ។ លោក Doung ដែលធំដឹងក្តីនៅទីក្រុងហូជីមិញ ប៉ុន្តែបច្ចុប្បន្នរស់នៅរដ្ឋកា លីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក តែងតែទទួលបានដំណឹងមិនសូវល្អរាល់ពេលលោកធ្វើការទំនាក់ទំនង ទៅស្រុកកំណើតរបស់លោកក្នុងអំឡុងពេលកូវីដ ១៩ នេះ។

លោក Doung បានបាត់បង់ពូរបស់គាត់ដោយសារជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៣ កញ្ញា បន្ទាប់ពីពូរបស់លោកត្រូវបានសម្រាកព្យាបាលនៅបន្ទប់សង្រ្គោះអ្នកជំ​ងឺកូវីដ ១៩ កម្រិតធ្ងន់។ លោកបាននិយាយថា៖ «អត្រាស្លាប់ពេលនោះគឺមាន ៩៤ ភាគរយ»។

លោកបានបាត់បង់សមាជិកគ្រួសារចំនួន ៤ នាក់ ដោយសារកូវីដ ១៩ ចាប់តាំងពីមានរលកទី៤ នៃការឆ្លងសហគមន៍នៅប្រទេសវៀតណាម។ លោក Doung បាននិយាយថា៖ «មនុស្សគ្រប់គ្នាកំពុងតស៊ូដើម្បីរស់ ប្រសិនបើពួកគេមិនមានផ្ទុកវីរុសកូរ៉ូណាទេ ក៏ពួកគេខ្វះអាហារសម្រាប់បរិភោគដែរ»។

ទោះ​បី​ជា​មាន​ការ​ផ្តល់​ជា​ស្បៀង​អាហារ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​អំឡុង​ពេល​មាន​ការ​រឹត​ត្បិត​នេះ​ក៏​ដោយ​ ប្រជាជន​វៀតណាម​មួយ​ចំនួន​មិន​អាច​រស់​អាស្រ័យនឹង​ជំនួយ​ពី​រដ្ឋាភិបាល​តែ​មួយ​មុខ​ផង​ដែរ។ ចំពោះ​ប្រជាជន​ខ្លះ​បាន​បញ្ចាក់​ថា​ ពួក​គេ​មិន​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​នោះ​ទេ។​

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Aljazeera​ លោក​ស្រី​ Ngo ThiBichHuyen ដែល​ជា​អ្នក​ដឹក​ជញ្ជូន​អាហារ​ទៅ​ពលករ​ចំណាក​ស្រុក​ដែល​កំពុង​រស់​នៅ​ក្នុង​បន្ទប់​ជួល​ក្នុង​ស្រុក​ Go Vap បាន​មើល​ឃើញថា​ មនុស្ស​ជា​ច្រើន​មិន​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ទេ​ ហើយ​សម្រាប់​អ្នក​ដែល​ទទួល​បាន​ជំនួយ​នោះ​វិញ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​គេ​ទេ​។​

លោក​ស្រី​ Huyen​ បាន​និយាយ​ថា​៖ «គ្រួសារ​ខ្លះ​មិន​បាន​ទទួល​កញ្ចប់​ជំនួយ​ពី​រដ្ឋាភិបាល​ទេ​។ ថ្ងៃ​ខ្លះ​ពួក​គេ​មិន​មាន​បាយ​សម្រាប់​បរិភោគទេ​ ហើយ​ពួក​គេ​ត្រូវ​ទៅ​សុំមី​កញ្ចប់​ពី​​អ្នក​ខាង​ក្រៅ​សម្រាប់​ទទួល​ទាន​ទៀត​ផង​»។

រលក​ទី​៤​ នៃ​ការឆ្លង​ក្នុង​សហគមន៍​នៅ​ប្រទេស​វៀតណាម​ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​ ២៧​ មេសា ដែល​ពេល​នោះ​មាន​មនុស្ស​តែ​ ៣៥​ នាក់​ប៉ុណ្ណោះ ​បាន​ទទួល​មរណភាព​ដោយជម្ងឺ​កូវីដ ១៩​ ហើយចំនួន​អ្នក​ឆ្លង​សរុប​ពេល​នោះ​មាន​ប្រហែល​ត្រឹម​តែ​ជាង​ ៤ ពាន់​នាក់​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ជាង​ ១ ម៉ឺន​នាក់​ ខណៈ​ចំនួន​អ្នក​ឆ្លង​សរុប​មាន​លើស​ពី​ ៥២​ ម៉ឺន​នាក់។ ប្រហែល​ ៨០​ ភាគ​រយ​នៃ​អ្នក​ស្លាប់​ និង​អ្នក​ឆ្លង​ពាក់​បាន​កើត​ឡើង​នៅ​ទី​ក្រុង​ហូជីមិញ​៕