កាល​ពី​ថ្ងៃ​ពុធ​​ រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក​លោកស្រី​ ជេណេត យ៉ែលេន ​​​​រំឭក​​​​​ថា​​​​រដ្ឋាភិបាល​​​អាមេរិក ​នឹង​មិន​អាច​ទូទាត់​សង​បំណុល​នៅ​ចំណុច​ណា​មួយ​ក្នុង​ខែ​តុលា ប្រសិន​បើ​សភា​អាមេរិក ​មិន​ចាត់​វិធានការ ​ដើម្បី​បង្កើន​ ឬ​ព្យួរ​ដែន​កំណត់​ខ្ចី​បំណុល​។

ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​សមាជិក​សភា ​លោក​ស្រី​យ៉ែលេន​ បាន​និយាយ​ថា៖​ «វិធានការ​វិសាមញ្ញ​» ដែល​ក្រសួង​បាន​ប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន​ចាប់​តាំង​ពី​ដើម​ខែ​សីហា ​ដើម្បី​ជួយ​ទ្រទ្រង់​ចំណាយ​សំខាន់​ៗ​របស់​រដ្ឋាភិបាល​ក្នុង​អវត្តមាន​នៃ​វិធានការ​របស់​សភា ​នឹង​មិន​អាច​បន្ត​ជួយ​បាន​ទៀត​ទេ​នៅ​ខែ​ក្រោយ​។

លោក​ស្រី​បន្ថែម​ទៀត​ថា ពេល​វេលា​ជាក់​ស្ដែង​នៅ​មិន​ច្បាស់​ឡើយ​ប៉ុន្តែ​ពេល​វេលា​បញ្ចៀស​គ្រោះ​មហន្តរាយ​សេដ្ឋកិច្ច​គឺ​ជិត​អស់​ហើយ​។ ​កាល​ពី​ខែ​មុន​ដើម្បី​ពន្យារ​មិន​ឱ្យ​រឿង​នេះ​ កើត​ឡើង​ក្រសួង​រតនាគារ​អាមេរិក ​បាន​ផ្អាក​ការ​វិនិយោគ​ចូល​ក្នុង​មូលនិធិ​ចូល​និវត្តន៍​របស់​មន្ត្រី​មុខងារ​សាធារណៈ​និង​បុគ្គលិក​សេវា​ប្រៃសណីយ៍​ជាតិ​។

អ្នក​ស្រី​និយាយ​ថា​៖«នៅ​ពេល​ដែល​គ្រប់​វិធានការ និង​សាច់​ប្រាក់​នៅ​ក្នុង​ដៃ​អស់​ទាំង​ស្រុង​សហរដ្ឋអាមេរិក​នឹង​មិន​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​»​។​ អ្នក​​​ស្រី​​​បន្ត​​ទៀត​ថា​​ ប្រសិន​​បើ​​អាមេរិក ​​មិន​អាច​​សង​​បំណុល​​បាន​ទេ​ សេដ្ឋកិច្ច​​អាមេរិក​ និង​​ពិភពលោក​ ​នឹង​​រង​​ផល​ប៉ះពាល់​​យ៉ាង​ខ្លាំង​។

ការ​ចំណាយ​ដ៏​ធំ​លើ​ប្រាក់​គាំពារ​ប្រជាជន​ក្នុងអំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ និង​ភាព​មិន​ច្បាស់​លាស់​នៃ​ចំណូល​សារពើពន្ធ​នៅ​ឆ្នាំ​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីងស្ងួត​នៃ​ថវិកា​ជាតិ​អាមេរិក​ប្រសិន​បើ​សភា​មិន​អនុម័ត​ការ​បង្កើន​ ឬ​ការ​ព្យួរ​ដែន​កំណត់​ខ្ចី​បំណុល​។

មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ បាន​ទទូច​គណបក្ស​សាធារណរដ្ឋ​ឱ្យ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​បង្កើន​ដែន​កំណត់​ខ្ចី​បំណុល​ ហើយ​បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​ឈាន​ដល់​ដែន​កំណត់​លើក​មុន​ដោយ​សារ​ការ​កាត់​អត្រា​ពន្ធដារ​របស់​គណបក្ស​សាធារណរដ្ឋ​ និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ ប៉ុន្តែ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​បាន​មិន​ធ្វើ​ការ​ជា​មួយ​គណបក្ស​ប្រជាធិបតេយ្យ​លើ​រឿង​នេះ​ទេ៕