ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ RIA Novosti បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា រដ្ឋមន្ត្រី​ក្រសួង​សង្គ្រោះ​បន្ទាន់​រុស្ស៊ី​លោក Yevgeny Zinichev ស្លាប់​ដោយ​ឧបទ្ទវហេតុ​អំឡុង​ពេល​ហ្វឹកហាត់​នៅ​តំបន់​អាក់ទិក។

លោក Zinichev អាយុ ៥៥ ឆ្នាំ កំពុង​ព្យាយាម​ជួយ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ម្នាក់​នៅ​ពេល​ដែល​ហេតុការណ៍​នៅ​ទីក្រុង Norilsk របស់​រុស្ស៊ី​បាន​កើត​ឡើង។ ក្រសួង​ដដែល​បាន​និយាយ​ថា៖ «ក្រសួង​សង្គ្រោះ​បន្ទាន់​រុស្ស៊ី​សូម​ជូន​ដំណឹង​ដ៏​គួរ​ឱ្យ​សោកស្តាយ ស្ដីអំពី​ការ​ស្លាប់​របស់​​លោក Yevgeny Zinichev ដែល​បាន​ស្លាប់​យ៉ាង​អាណោច​​អាធ័ម​ក្នុង​កាតព្វកិច្ច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​ ខណៈ​ពេល​កំពុង​​ចូលរួម​សមយុទ្ធ​អន្តរ​ក្រសួង​ ដើម្បី​ការពារ​តំបន់​អាកទិក»​។

យ៉ាងណា​មិញ​ មិន​មាន​ព័ត៌មាន​លម្អិត​​ផ្សេង​ទៀត​អំពី​ហេតុការណ៍​​ជុំវិញ​ការ​ស្លាប់​របស់​លោក​ Zinichev ដែល​​បាន​ផ្តល់​ដោយ​ក្រសួង​​ភ្លាម​ៗទេ។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍​​ផ្លូវ​ការ​របស់​ក្រសួង​ដែល​បាន​ចេញ​ផ្សាយ​មុន​ពេល​គាត់​ស្លាប់​លោក​ Zinichev ស្ថិត​នៅ​ក្នុង​តំបន់​អាក់ទិក ដើម្បី​ត្រួតពិនិត្យ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ។​

ជាផ្នែក​មួយ​នៃ​​ដំណើរ​ទស្សនកិច្ច​នេះ លោក​ Zinichev បាន​ចូលរួម​ជាមួយ​មន្រ្តី​ក្នុង​តំបន់ ដើម្បី​ពិនិត្យ​មើល​ការ​វិវឌ្ឍ​​នៃ​ការ​សាងសង់​ស្ថានីយ​ពន្លត់​អគ្គិភ័យ​ថ្មី​មួយ​នៅ​តំបន់​ Norilsk ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​។

វិមាន​ក្រឹម​ឡាំង​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​លោក​ Zinichev៕