ក្រោយ​ទទួ​ល​រង​វិបត្តិ​កូវីដ ១៩ មួយ​រយៈ​ពេល​ធំ ការ​មូល​មតិគ្នា​ក្នុង​ការ​បើក​ដំណើរ​ការ​​​សាលា​​​ឡើង​វិញ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំនេះ ប៉ុន្តែ​នៅតម្រូវ​ឱ្យ​អនុវត្ត​តាម​វិធានការសុវត្ថិភាពជានិច្ច ខណៈ​ពេល​ភាព​ភ័យ​ខ្លាច​នៅតែ​មាន​ ដោយសារភាព​កាច​សាហាវ​នៃ​វ៉ារ៉្យង់​ដែល​តា។

កាលពី​ខែមីនាកន្លង​ទៅ​នាយកដ្ឋាន​អប់រំ​អាមេរិក​​ បាន​ប្រកាស​ពីកញ្ចប់​ថវិកា​សម្រាប់​ចែក​ចាយ​ទៅ​ឱ្យ​ទីភ្នាក់ងារ​អប់រំ​រ​​ដ្ឋ​នី​មួ​យៗ ក្រោម​មូ​ល​និធិ​ស​​ង្គ្រោះ​បន្ទា​​ន់​បឋមសិក្សា និងអនុវិទ្យាល័យ​ ARP ដែល​មាន​ទឹក​ប្រាក់​សរុ​ប​ចំនួន ១២២​ ពាន់លាន​ដុល្លារ សម្រា​ប់​ជួ​យ​ដល់សាលារៀន​ចាប់​ពីថ្នាក់ទី​១​ ​ដល់​ទី​​១២ ទូទាំង​ប្រទេស​។

​មូ​ល​និ​ធិដដែលនេះបាន​ណែនាំ​ឱ្យ​ប្រើប្រាស់ទឹក​ប្រាក់​យ៉ា​ងហោចណាស់ ២០ ភាគរយ​នៃ​មូល​និធិ​ ដើម្បី​ដោះស្រា​យ​ផ​ល​ប៉ះពា​​ល់​ដល់​​សិស្សានុសិស្ស ដែល​ទទួល​រង​ផល​ប៉ះពាល់ពីវិបត្តិ​​ជំងឺ​កូវីដ​ និង​ការ​ផ្អាក​វិស័យ​នេះ​មួយ​រយៈ​។ ថវិកានេះ​នឹង​ធានា​ប្រើប្រាស់ក្នុង​គោល​បំណង​ ជួយ​បង្កើន​ទំនុកចិ​ត្ត​ជាមួយ​គ្រួសារនិង​គាំទ្រ​ដល់​ការ​រៀ​ន​សូ​ត្រ​ផ្ទា​ល់ដោយ​សុវត្ថិភាពគាំទ្រដ​ល់​តម្រូវការ​សុខភាព​ផ្លូវចិត្ត និងសុខភាព​ផ្លូវ​កាយ​របស់​សិស្ស​ ការប្រើ​វិ​ធី​សាស្រ្ត​ស​ម្រា​ប់​កា​រ​ព​ន្លឿ​ន​កា​រ​រៀ​ន​សូ​ត្រ​រួ​ម​ទាំ​ង​កា​រប​​ង្រៀ​នដែលមានគុណភាពខ្ពស់​ជា​ដើម​​។

រដ្ឋមន្រ្តី​ក្រសួ​​ងអប់​រំ​អា​មេរិក លោក Miguel Cardona បាននិយាយថា៖ «សិស្សានុសិស្ស​យើងជាពិសេស​សិស្ស​មក​ពី​គ្រប់​ជាតិសាសន៍​ដែល​មាន​ជីវភាព​​មធ្យម ​និង​ក្រី​ក្រ​ សិស្សដែលជួប​បញ្ហា​គ្មាន​ផ្ទះសំបែង សិស្សពិការ និង​អ្នករៀ​នច្រើន​ភាសាបាន​ប្រ​ឈ​ម​មុ​ខនឹ​ង​ប​ញ្ហា​​ធំៗក្នុង​អំឡុងពេល​មាន​ជំងឺ​រាត​ត្បាត​ជា​ពិសេស​ទាក់​ទ​ងនឹង​កា​រ​បា​ត់​ប​ង់​ពេ​ល​វេលា​ប​ង្រៀ​ន​ផងដែរ​»​។

លោក​បាន​បន្តថា៖ «ថ្នាក់​ជាតិយើង កំពុង​ដោះស្រាយ​បញ្ហា​​ភាព​មិន​ស្មើគ្នា​នៃ​ការ​ទទួ​ល​បា​ន​ឱ​កា​សអ​​ប់​រំរួម​ទាំ​ងការ​ទទួល​បាន​នូវ​ប​ទពិ​សោ​ធ​សិ​ក្សា​ដ៏​សម្បូរ​បែប ឬគ្រូ​ដែ​ល​មា​ន​ទេ​ពកោ​សល្យ ភាព​ទទួល​បាន​អ្នក​ប្រឹក្សា​សាលា និង​កា​រគាំទ្រផ្នែកអារម្មណ៍-សង្គម ដែ​លមានគុណភាពខ្ពស់ និងសុវត្ថិភាព​នៅ​សាលារៀន​ ដែល​សុទ្ធសឹង​តែ​ជាប​ញ្ហា​ដែល​មាន​មុន​វិបត្តិ​កូវីដ​ឯណោះ​។ អ្វីដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ​គឺ​លុប​បំ​បា​ត់​ភាព​មិ​ន​ស្មើគ្នាទាំង​នេះ​ ដើម្បី​ជួយ​ពន្លឿន​ការរៀន​សូត្រជាពិសេស​សម្រាប់​និស្សិត​ ដែល​ត្រូវ​ការ​ជំនួយ​បំផុត​»​។

យ៉ាងណាមិញ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ សារព័ត៌មាន The New York Times​ អ្នកស្រី​ Meira Levinson សាស្ត្រាចារ្យ​ខាង​វិស័យ​អប់រំ​ និង​ជា​អតីត​គ្រូ​ប​​ង្រៀ​ន​ម​ធ្យ​ម​សិ​ក្សានៅសាលាសាធារណៈ​អាត្លង់តា​ និងបូស្តុន ក៏​បាន​យល់​ស្រប​នឹង​អ្វី​ ដែល​ថ្នាក់​ជាតិ​កំពុង​លើក​ឡើង​ដែរ​។

អ្នកស្រី​បាន​មានប្រសាសន៍​ថា៖​ «​កុមា​រដែល​ម​ក​ពី​ស​ហគម​ន៍​ដោយឡែក​ពីគ្នា​ រួមមាន​សិស្ស​ក្រីក្រសិស្ស​ជន​ជាតិ​ស្បែកខ្មៅជនជាតិ​ឡាទីន និង​ជនជា​តិដើម​អាមេរិក​ និង​និស្សិត​ពិការត្រូវ​ប្រឈម​នឹង​គម្លាតនៃ​ការ​ទទួល​បាន​ការ​អប់​រំ​ប្លែក​គ្នា​ជា​ខ្លាំង​ បើ​ធៀប​ក្មេងៗ​ ដែល​មក​ពី​គ្រួ​សា​រអ្នកមានឬអ្នកស្បែក​ស ឬសិស្ស​សាលា​ឯកជន​ ជាពិសេស​ក្នុង​អំឡុង​ពេល​កូវីដ​»។

លោកស្រី Jenny Radesky អ្នកស្រាវជ្រាវ​មក​ពី សាកលវិទ្យាល័យ University of Michigan បាន​លើក​ឡើង​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​សិស្សានុសិស្ស​ ក្រោយ​រង​វិបត្តិ​កូវីដ​។ លោកស្រី​បាន​ឱ្យដឹងថា​៖ មិនថា​សិស្ស​មាន​លទ្ធភាពរៀន​អនឡាញ​ ឬដោយផ្ទាល់​នោះ​ទេ ក្មេងៗ​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ប្រឈម​នឹង​ផល​ប៉ះ​ពាល់​នៃ​​បញ្ហា​ផ្លូ​វ​ចិត្ត»។

លោកស្រី​បាន​បន្តថា៖ «យើង​បានធ្វើ​កា​រ​ស្ទ​ង់​មតិពី​ឪពុ​កម្តាយប្រហែល ៣០០ នាក់ នៃ​សិស្ស​សាលាបឋម​សិក្សា​នៅ Michigan ហើយ​ក៏​បាន​រកឃើញថា សិស្ស​សិក្សា​ពី​ចម្ងាយ​ មានបញ្ហា​​​ផ្ចង់​អារម្មណ៍​ ​បញ្ហា​មិត្តភាព​ លំបាក​ក្នុង​ការ​ស្ដាប់​បង្គាប់ បញ្ហា​គេង​មិន​លក់​ បើប្រៀប​ធៀ​ប​ជា​មួយកុមារដែល​ចូល​សាលា​ផ្ទាល់​»​។

លោក Brian Coleman ប្រ​​ធា​ន​នាយ​ក​ដ្ឋា​ន​ប្រឹ​ក្សានៅ​ឯវិទ្យាល័យសាធារណៈ​ Jones College Prep នៅទី​ក្រុ​ង​ឈីកា​ហ្គោ បាន​ឱ្យដឹងថា៖ «​​ផ្ទុយ​ពី​អ្វីដែល​ Jenny បាន​រក​ឃើញ សម្រាប់​សិស្ស​របស់​ខ្ញុំ​ ខ្ញុំ​សង្កេត​ឃើញ​ពួក​គេ​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ពិបាក​ចូល​សង្គម​ និង​ទំនាក់​ទំនង​ជាមួយ​សង្គម​ ចាប់តាំងពី​ពេល​មាន​ជំងឺ​រាត​ត្បាត​មក។ អ្នកខ្លះ​ត្រូវ​រង​សម្ពាធនិង​ភា​​ព​តា​ន​តឹង​ ហើយ​ចំពោះ​សិស្ស​ចម្រុះ​ជាតិ​សាសន៍​ត្រូវ​ប្រឈម​នឹង​​ការ​​រើ​ស​អើ​ង​ជា​តិ​សា​សន៍​នៅ​ពេល​ចេញ​ទៅ​​បរិយាកាស​ខាង​ក្រៅ​»។

ទោះ​ជាយ៉ាង​ណាក្ដី សាស្ត្រាចារ្យ​​ និងអ្នក​ជំនាញ​ក្នុង​វិស័យ​សុទ្ធ​តែ​មាន​សុទិដ្ឋិនិយម​ថា ការ​ស្ដារឡើង​វិញ​នូវ​វិស័យ​អប់​រំ​តាម​គោល​ការណ៍​ថ្នាក់​ជាតិ បាន​ដាក់ចេញ​កាលពី​ខែ​មីនា ក្នុង​ការ​ដោះ​ស្រាយ​នូវ​វិបត្តិ​ ដែល​បាន​លើក​ឡើង​ខាង​លើ អាច​នឹង​ជួយបង្កើន​ប្រសិទ្ធភាពនៃ​ការ​សិក្សា​អប់​រំក្នុង​ស្រុក​​ ក៏ដូចជា​ពង្រឹង​វិស័យ​អប់​រំឡើង​វិញ​ ក្រោយ​រង​ផល​ប៉ះពាល់​មួយ​រយៈ​ធំ​ដោយសារ​វិបត្តិកូវីដ​ ១៩​៕