កាល​ពី​ថ្ងៃ​ពុធ ​ ប្រទេស​ចិន ​បាន​និយាយ​ថា​ ខ្លួន​ស្វាគមន៍​ការ​បញ្ចប់​ «​ភាព​អនាធិបតេយ្យ​ជាង​៣​សប្ដាហ៍​» នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ការ​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន ហើយ​បាន​ជំរុញ​ឱ្យ​ក្រុម​តាលីបង់​ស្ដារ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ប្រទេស​ឡើង​វិញ​។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក ​វ៉ាង វិនប៊ីន ​និយាយ​ថា​៖ «ប្រទេស​ចិន ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកាស​របស់​តាលីបង់​អំពី​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន និង​ការ​រៀប​ចំ​បុគ្គលិក​សំខាន់​ៗ​មួយ​ចំនួន​»​។

លោក​បន្ត​ទៀត​ថា​៖ «នេះ​បាន​បញ្ចប់​ភាព​អនាធិបតេយ្យ​ជាង ​៣ ​សប្ដាហ៍​ នៅ​អាហ្វហ្គានីស្ថាន និង​ជា​ជំហាន​ចាំបាច់​ដើម្បី​ស្ដារ​សណ្ដាប់​ធ្នាប់ និង​កសាង​ប្រទេស​ឡើង​វិញ​»។

ខណៈ​ពេល​ដែល​ប្រទេស​ភាគ​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​នៅ​ប្រកាន់​ជំហរ «រង់ចាំ​មើល​សិន» មុន​ការ​កសាង​ទំនាក់​ទំនង​ជា​មួយ​តាលីបង់ ប្រទេស​ចិន​ បាន​និយាយ​រួច​ហើយ​ថា ​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​បង្កើត​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​ក្រុម​នេះ​។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​រដ្ឋបាល​ដែល​មាន​ស្ថិរភាព និង​ងាយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​កាប៊ុល នឹង​បើក​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន ហើយ​អនុញ្ញាត​ឱ្យ​មាន​ការ​ពង្រីក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ «ក្រវាត់​ និង​ផ្លូវ»​។

ក្រុម​តាលីបង់​ក៏​អាច​មើល​ឃើញ​ថា​ ចិន​ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​មាន​សក្ដានុពល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ការ​ចូល​កាន់​អំណាច​របស់​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ក៏​អាច​នៅ​បង្ក​ហានិភ័យ​ដល់​ប្រទេស​ចិន ​ផង​ដែរ ដោយ​ក្រុម​អាច​នៅ​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ឧទ្ទាម​ជនជាតិ​អ៊ុយហ្គ័រ​ ដែល​មាន​សកម្មភាព​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​នៅ​ប្រទេស​ចិន​៕