ប្រជាជនអាហ្វហ្គានីស្ថាននៅក្រុងកាប៊ុលបានសម្ដែងកំហឹង និងអារម្មណ៍ថា អាមេរិកបានក្បត់ ខណៈពេលនៃការប្រារព្ធខួបទី២០ នៃការវាយប្រហារភេរវកម្មថ្ងៃ ១១ កញ្ញា ដែលជំរុញឱ្យអាមេរិកឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន និងទម្លាក់ក្រុមតាលីបង់ចេញពីអំណាច។

បន្ទាប់ពីការកាន់កាប់អស់រយៈពេល ២ ទសវត្សរ៍ បេសកកម្មយោធាអាមេរិក ដែលជាញឹកញាប់មិនបានបំពេញគោលដៅតាមពេលកំណត់ និងតែងតែអះអាងថា ការផ្លាស់ប្ដូរទៅមុខកាន់តែខិតជិត បានដកចេញភ្លាមៗពីអាហ្វហ្គានីស្ថានកាលពីខែមុន ដែលបង្កឱ្យមានការដួលរលំយ៉ាងឆាប់រហ័សនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច និងការវិលត្រឡប់មកកាន់អំណាចវិញរបស់តាលីបង់។

ការដកចេញដ៏ចលាចលនេះចាប់ផ្ដើមការព្យាករខុសអំពីសមត្ថភាពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលអាមេរិកព្យាករថា អាចទប់ទល់នឹងការវាយប្រហាររបស់ក្រុមតាលីបង់ បានយ៉ាងហោចណាស់១ឆ្នាំកន្លះ។ បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាល អាមេរិកបានរំពឹងលើការការពាររបស់សត្រូវខ្លួនដើម្បីបន្តការជម្លៀស ហើយបញ្ចប់ដោយការវាយប្រហារអាកាសមួយដែលបានបណ្តាលឱ្យជនស៊ីវិលជាង១០នាក់ស្លាប់ រួមទាំងកុមារផងដែរ។

បុរសវ័យក្មេងម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា៖ «សំណាងអាក្រក់ដែលយើងកំពុងជួបប្រទះនាពេលនេះ គឺដោយសារតែអាមេរិក»។

«បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ១១ ខែកញ្ញា បានកើតឡើង ជនជាតិអាមេរិកបាននៅក្នុងប្រទេសរបស់យើងអស់រយៈពេល ២០ ឆ្នាំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន» ប្រជាជនក្រុងកាប៊ុលម្នាក់ ទៀតនិយាយបែបនេះ ហើយបន្តទៀតថា៖ «ពួកគេបានយកផលប្រយោជន៍ដែលពួកគេមាននៅក្នុងចិត្តអស់រយៈពេល ២០ ឆ្នាំមកហើយ ខណៈដែលយើងមិនទទួលបានអត្ថប្រយោជន៍អ្វីពីពួកគេ។ ពួកគេបានបន្សល់ប្រទេសក្នុងស្ថានភាពច្របូកច្របល់»។

ចាប់តាំងពីការចាកចេញរបស់អាមេរិក ការព្រួយបារម្ភជាច្រើនបានលេចឡើងអំពីអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន។

ប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមជាមួយបញ្ហាជាច្រើនដូចជាការធ្លាក់តម្លៃនៃរូបិយប័ណ្ណ ការឡើងតម្លៃម្ហូបអាហារ និងឥន្ធនៈ និងកង្វះសាច់ប្រាក់តាមបណ្ដាធនាគារឯកជន។ បន្ថែមពីលើនេះទៅទៀត ទ្រព្យសម្បត្តិធនាគារកណ្ដាលអាហ្វហ្គានីស្ថានជិត ១០ ពាន់លានដុល្លារ បច្ចុប្បន្នត្រូវបានបង្កកនៅក្រៅប្រទេស ហើយត្រូវបានគេចាត់ទុកថា ជាឧបករណ៍ដ៏សំខាន់ក្នុងការចរចាជាមួយរដ្ឋបាលថ្មីនេះ។

កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រមាណ ៩៧ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានអាចធ្លាក់ក្រោមខ្សែបន្ទាត់នៃភាពក្រីក្រប្រសិនបើវិបត្តិនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសនេះមិនត្រូវបានដោះស្រាយ។

ឥឡូវនេះ ៧២ ភាគរយនៃប្រជាជនអាហ្វហ្គានីស្ថានគឺស្ថិតក្រោមខ្សែបន្ទាត់នេះរួចទៅហើយ។ ជាងពាក់កណ្ដាលនៃប្រជាជនអាហ្វហ្គានីស្ថានគឺរំពឹងទៅលើជំនួយមនុស្សធម៌ពីសមាគមអន្តរជាតិ ដែលត្រូវបានកាត់បន្ថយ បន្ទាប់ពីការចាកចេញរបស់អាមេរិក។

ជាធម្មតាប្រទេសដែលស្ថិតក្នុងស្ថានភាពបែបនេះអាចរំពឹងលើមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងស្ថាប័នអន្តជាតិដទៃទៀត ដើម្បីជួយកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែអ្នកវិភាគមួយចំនួនបានគិតថា រឿងនេះ អាចនឹងមិនកើតឡើងក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់តាលីបង់នោះទេ។

អង្គការសហប្រជាជាតិបានអំពាវនាវសុំជំនួយបន្ថែមទៀតជិត ២០០ លានដុល្លារ សម្រាប់ជំនួយសង្គ្រោះជីវិតនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការចូលកាន់អំណាចរបស់តាលីបង់ ដែលបង្កឱ្យមានការជម្លៀសបុគ្គលិកផ្ដល់ជំនួយ និងការកាត់បន្ថយថវិកាជាបន្តបន្ទាប់។

ចាប់តាំងពីវិលត្រឡប់មកកាន់អំណាចវិញកាលពីខែមុនក្រុមតាលីបង់ បានតែងតាំងគណៈរដ្ឋ មន្ត្រីស្តីទី១ដែលរួមមានសមាជិកស្ថិតក្នុងបញ្ជីខ្មៅភេរវកម្មរបស់អង្គការសហប្រជាជាតិ។ បើទោះបីជាមានការសន្យាអភ័យឯកសិទ្ធិចំពោះអតីតសមាជិកនៃកងកម្លាំងសន្តិសុខរបបមុន មានការរាយការណ៍ជាច្រើនអំពីការសម្លាប់សងសឹកទៅលើបុគ្គលទាំងនេះ។ ស្របពេលជាមួយគ្នានេះមានសេចក្តីរាយការណ៍អំពីការព្យាបាទបុគ្គលិកអង្គការសហប្រជាជាតិដែលជាជនជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែនៅតែគោរពទីស្នាក់ការរបស់ស្ថាប័នអន្តរជាតិនេះ។

តាលីបង់បានសន្យាថា ពួកគេនឹងគោរពសិទ្ធិស្ត្រីតាមច្បាប់របស់សាសនាអ៊ិស្លាម។ សមាជិកតាលីបង់បានធ្វើការបង្ក្រាបដោយហិង្សាទៅលើបាតុកម្មជាច្រើន ដែលដឹកនាំដោយស្ត្រី ហើយបានចាប់ខ្លួនបាតុករជាច្រើន និងធ្វើការវាយដុំក្នុងការឃុំឃាំង។ មេដឹកនាំតាលីបង់ បានសន្យាថានឹងស៊ើបអង្កេតលើការចោទប្រកាន់ទាំងនេះ។

ក្នុងការកាន់អំណាចដំបូងរបស់ពួកគេកាលពីឆ្នាំ ១៩៩៦ ដល់ ២០០១ ក្រុមតាលីបង់ បានបិទសិទ្ធិស្ត្រីជាទូទៅ ដែលរួមមានការចូលរៀនក្នុងសាលា និងការចូលធ្វើការជាដើម។

កាលពីឆ្នាំ ២០០១ អាមេរិកបានទម្លាក់តាលីបង់ចេញពីអំណាច ពីព្រោះក្រុមនេះបានផ្ដល់ជម្រកឱ្យមេដឹកនាំក្រុមភេរវកម្មអាល់កៃដាលោក អូសាម៉ា ប៊ីនឡាដិន ដែលបានរៀបចំការវាយប្រហារលើគោលដៅអាមេរិកក្នុងការវាយប្រហារថ្ងៃ ១១ កញ្ញា៕