កាល​ពី​ថ្ងៃ​សៅរ៍​ទី​ ១១ កញ្ញា ​ប៉ូលិស​អ៊ីស្រាអែល​ បាន​ចាប់​ខ្លួន​ជនជាតិ​ប៉ាឡេស្ទីន ​៤​ នាក់ ​ក្នុង​ចំណោម ៦ ​នាក់​ ដែល​បាន​រត់​ចេញ​ពន្ធនាគារ​សន្តិសុខ​កម្រិត​ខ្ពស់​ ដោយ​ក្នុង​នោះ​មាន​មេដឹកនាំ​ក្រុម​ឧទ្ទាម​ដ៏​ល្បី​ឈ្មោះ​ ១ ​រូប ​សម្រាប់​ការ​ដឹកនាំ​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីស្រាអែល​។

ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ ​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ខិត​ជិត​ទៅ​ការ​បិទ​រឿង​ដ៏​អាម៉ាស់​នេះ ដែល​បង្ហាញ​ពី​គុណ​វិបត្តិ​ដ៏​ជ្រៅ​របស់​ប្រព័ន្ធ​ពន្ធនាគារ​របស់​ខ្លួន ហើយ​ធ្វើ​ទណ្ឌិត​ទាំង​នេះ ​ក្លាយ​ជា​ឥស្សរជន​របស់​ក្រុម​ឧទ្ទាម​ប៉ាឡេស្ទីន​។ កាល​ពី​ថ្ងៃ​សុក្រ​ ក្រុម​ឧទ្ទាម​នៅ​តំបន់​ហ្គាហ្សា​ បាន​បាញ់​រ៉ុក្កែត​ចូល​ដែន​ដី​អ៊ីស្រាអែល​ ដោយ​ហាក់​បី​ដូចជា​ជា​សញ្ញា​គាំទ្រ​ដល់​ការ​រត់​គេច​ខ្លួន​នេះ​ ដែល​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ឆ្លើយ​តប​វិញ​ ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​។

ទណ្ឌិត​ទាំង ​៤ ​រូប ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីស្រាអែល​ ដែល​សារព័ត៌មាន​ក្នុង​ស្រុក​អ៊ីស្រាអែល​រាយការណ៍​ថា​ ការ​ចាប់​ខ្លួន​ទាំងនោះ​​ធ្វើ​ឡើង​ដោយ​មាន​តម្រុយ​ពី​ប្រជាជន​នៅ​តាម​មូលដ្ឋាន​។​ក្នុង​ចំណោម​ទណ្ឌិត​ទាំង ​៤ មាន​លោក​ ហ្សាការីយ៉ា ហ្សូប៊ីឌី​ ដែល​ជា​មេដឹកនាំ​ក្រុម​ឧទ្ទាម​ក្នុង​អំឡុង​ពេល​ការ​បះបោរ​ប៉ាឡេស្ទីន​លើក​ទី​២​កាល​ពី​ដើម​ទសវត្ស​រ៍ឆ្នាំ​ ២០០០​។

វីដេអូ​មួយ​ដែល​កំពុង​សាយភាយ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ប៉ូលិស​អ៊ីស្រាអែល​ បាន​ចាប់​អ្នកទោស​ម្នាក់​យ៉ាកគូ កាដារី​ ចូល​ក្នុង​រថយន្ត​ប៉ូលិស​។ លោក​ កាដារី ​គឺ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ​ជីវិត​ចំនួន ២​ លើក ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត និង​ការ​ដាក់​គ្រាប់​បែក​។

ទណ្ឌិត​ទាំង​ ៦ រូប​ ដែល​ភាគ​ច្រើន​ត្រូវ​ជាប់​ពន្ធនាគារ​១​ជីវិត បាន​ជីក​ផ្លូវ​រូង​ក្រោម​ដី​ចេញ​ពី​ពន្ធនាគារ​ហ្គីលបូអា​កាល​ពី​ថ្ងៃ​ចន្ទ ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ប្រព័ន្ធ​ពន្ធនាគារ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដែល​ប្រជាជន​ប៉ាឡេស្ទីន​មាន​ភាព​សប្បាយ​អបអរ​ចំពោះ​ការ​គេច​ខ្លួន​របស់​ទណ្ឌិត​ទាំង​នេះ​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ណាហ្វតាលី បេននិ​ត​ បាន​កោត​សរសើរ​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ចំពោះ​ការ​ចាប់​ខ្លួន​ទណ្ឌិត​ទាំង​៤​រូប​។ លោក​និយាយ​ថា​៖ «យើង​ត្រូវ​រក្សា​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ខ្ពស់ និង​បន្ត​រហូត​ដល់​បេសកកម្ម​ត្រូវ​បាន​បញ្ចប់​»​។

រីឯ​ក្រុម​ហាម៉ាស​វិញ​ បាន​ប្ដេជ្ញា​ផ្ដល់​អាទិភាព​ដល់ ​«ឥស្សរជន​» ទាំង​ ៦ ​រូប​នេះ​ ក្នុង​ការ​ដោះដូរ​ចំណាប់​ខ្មាំង​ណា​មួយ​នៅ​ពេល​អនាគត​។ គេ​ជឿជាក់​ថា ​ហាម៉ាស​មាន​ចំណាប់​ខ្មាំង​ជា​ជនស៊ីវិល​អ៊ីស្រាអែល​ចំនួន​ ២ រូប ​និង​សាកសព​ទាហាន​អ៊ីស្រាអែល​ ២ រូប​ ដែល​ស្លាប់​ក្នុង​សង្គ្រាម ​៥០​ ថ្ងៃ​ កាល​ពី​ឆ្នាំ ២០១៤​។ មក​ដល់​ពេល​នេះ​ការ​ចរចា​ដោះដូរ​ចំណាប់​ខ្មាំង​ទាំង​នេះ​ មិន​បាន​ដើរ​ទៅ​មុខ​ទេ​។ កាល​ពី​ឆ្នាំ​ ២០១១ ​អ៊ីស្រាអែល​បាន​ដោះដូរ​ទណ្ឌិត​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន​ ១ ០០០ នាក់ ​ជា​មួយ​នឹង​ចំណាប់​ខ្មាំង​ជា​ទាហាន​អ៊ីស្រាអែល ​១​ រូប​៕