ក្រុម​អ្នក​ឃោសនា​នៅ​អូស្ត្រាលី​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​​ក្នុង​មណ្ឌល​អន្តោប្រវេសន៍​បន្ទាប់​ពី​រក​​ឃើញ​ករណី​កូវីដ​យ៉ាង​ហោច ១ ​ករណី ក្នុង​មណ្ឌល​ ១ ​នៅ​មែលប៊ន។​ នេះ​បើ​តាម​​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ Al Jazeera។

ទីក្រុង​មែលប៊ន ដែល​ជា​ទីក្រុង​ធំទី​ ២ ​របស់​អូស្ត្រាលី​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​បិទ​ខ្ទប់​ជា​លើក​ទី៦ ​ហើយ ក្រោយ​មាន​កា​រ​​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​ដែល​បណ្តាល​មក​ពី​វ៉ារ៉្យង់​ដែលតា ដោយ​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅរដ្ឋ Victoria បាន​រាយការណ៍​ពី​​ករណី​ថ្មី​ចំនួន ​៤៥០ ​ករណី​។​ ដោយ​ឡែក ​រដ្ឋធានី​មែលប៊ន​ និង​តំបន់​ជុំវិញ​ បាន​រក​ឃើញ​ករណី​យ៉ាង​ហោច​ណាស់ ​២៩៩ ​ករណី ​ក្នុង​ចំណោម ​៣៣៤ ករណី​ ដែល​រក​ឃើញ​សរុប​កាល​ពី​ថ្ងៃ​សុក្រ​។

អ្នក​ធ្វើ​យុទ្ធនាការ​ និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជាច្រើន​បាន​ប្រាប់​សារព័ត៌មាន Al Jazeera​ ថា ​ឆ្មាំ​យ៉ាង​ហោច​ណាស់​ ២ ​នាក់ បាន​ធ្វើ​តេស្ត​វិជ្ជមាន​ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​ ត្រូវ​បាន​គេ​សន្មត​ថា​ ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​​ពី​គេ។

ទោះ​យ៉ាង​ណា​កងកម្លាំង​ព្រំដែន​អូស្ត្រាលី​ (ABF) ​និយាយ​ថា​ មាន​តែ​បុគ្គលិក​​ម្នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​​ជំងឺ​នេះ។ ​កង​កម្លាំង ​ABF ​បាន​ប្រាប់​សារព័ត៌​មាន​ដដែល​ថា៖ «បុគ្គលនេះ​ គឺ​ជា​អ្នក​ផ្តល់​​សេវាកម្ម​កិច្ច​សន្យា​នៅ​ឯ​កន្លែង​ស្នាក់​នៅ​អន្តោប្រវេសន៍​មែលប៊ន​ (MITA) ហើយ​បុគ្គល​នេះ​មិន​មាន​តួនាទី​អ្វី​ត្រូវ​ទំនាក់ទំនង​ជាមួយ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​ឡើយ»។

អ្នក​ជាប់​ឃុំឃាំង​កន្លែង​ស្នាក់នៅ​ MITA​ ម្នាក់​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ខាង​​លើ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា ខ្លួន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​សុខភាព​ និង​សុវត្ថិភាព​របស់​ខ្លួន​ដោយសារ​មនុស្ស​រហូត​ដល់​ ៥ នាក់​ កំពុង​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​ខ្លះ​នៅ​ក្នុង​កន្លែង​ដែល​ត្រូវ​បាន​បែងចែក​ជា​តំបន់​ផ្សេងៗ​គ្នា​។

យូនីត​នៅ​ក្នុង​មណ្ឌល​ BRP ដែល​មាន​​បន្ទប់​គេង​រហូត​ដល់​ ៤ ​ដែល​ភ្ជាប់​ទៅ​នឹង​​ផ្ទះ​បាយ​តូច​មួយ​មាន​ទំហំ​ធំ​ទូលាយ​គួរ​សម​។ ផ្ទុយ​ទៅ​វិញ​បន្ទប់​នៅ Avon ដែល​ជា​បរិវេណ​មួយ​ផ្សេង​ទៀត​ក្នុង​មណ្ឌល ​មាន​មនុស្ស​ស្នាក់​នៅ​រហូត​ដល់​ ៦ នាក់ ​នៅ​លើ​គ្រែ​ ២ ​ជាន់​ ក្នុង​ ១ ​យូនីត​។

ប្រភព​ដដែល​បាន​និយាយ​ថា ​បើ​ទោះ​ជា​កងកម្លាំង ​ABF ​បាន​ផ្តល់​ម៉ាស់​ និង​ឧបករណ៍​សម្អាត​ដល់​អ្នក​ជាប់​ឃុំ​ក៏​ដោយ ​ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ការ​អនុវត្ត​ការ​ធ្វើ​តេស្ត​​រក​មេ​រោគ​ត្រឹមត្រូវ​នោះ​ទេ​។​ អ្នក​ជាប់​​ឃុំឃាំង​រូប​នេះ​បាន​និ​យាយ​ថា៖ «ពួក​​គេ​មិន​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ទេ​ លុះត្រា​តែ​យើង​មាន​រោគ​សញ្ញា។ នេះ​មាន​​ន័យ​ថា ពួក​គេ​ពិត​​ជា​មិន​ដឹង​ថា​ តើ​វា​រីក​រាលដាល​ ឬ​យ៉ាងណា​នោះ​ទេ លុះត្រា​មាន​​មនុស្ស​ឈឺ​ច្រើន​។ វា​អាច​រីករាល​ដាល​​លឿន​​ដោយ​សារ​ឆ្មាំ​ត្រូវ​ចល័ត​គ្រប់​កន្លែង​»។

កងកម្លាំង ABF បាន​និយាយ​ថា ​សុខភាព ​និង​សុវត្ថិភាព​របស់​អ្នក​ជាប់ឃុំ​ និង​បុគ្គលិក​ គឺ​ជា​អាទិភាព​របស់​ខ្លួន​ហើយ​​វា​បាន​ធ្វើ​ការ​ជាមួយ​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ​ស្តីពី​វិធានការ​ការពារ​កូវីដ ១៩ ​យ៉ាង​ដិត​ដល់​ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​មក​ម្ល៉េះ។

កងកម្លាំង ABF បាន​និយាយ​ថា៖ «វា​​មិន​​ពិត​ទេ ដែល​វិធានការ​ការពារ​ការ​ឆ្លង​មេរោគ​មាន​ភាព​ធូរ​រលុង​ ឬ​អនុវត្ត​តិចតួច​បំផុត​នៅ​ក្នុង​កន្លែង​ឃុំឃាំង​អន្តោប្រវេសន៍»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ពន្ធនាគារ​ និង​មណ្ឌល​​ឃុំឃាំង​នៅ​ជុំវិញ​ពិភព​លោក​បាន​​ក្លាយ​ជា​កន្លែង​ល្បីល្បាញ​សម្រាប់​ការ​ឆ្លង​​​មេរោគ​កូវីដ​ ១៩ ​ដោយ​ប្រទេស​ខ្លះ​បាន​​ដោះលែង​អ្នក​ដែល​ជាប់ឃុំ​ខ្លះ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង។

ជាមួយ​គ្នា​នេះ​ គណៈកម្មការ​សិទ្ធិ​មនុស្ស​​​អូស្រ្តាលី ​(AHRC) ​បាន​ពណ៌នា​កូវីដ​ ១៩​ ​ថា៖ ​«ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ» សម្រាប់​មនុស្ស​ចំនួន ១​ ៤៩២ នាក់ ដែល​​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​បណ្តាញ​ឃុំឃាំង​អន្តោប្រវេសន៍​របស់​អូស្ត្រាលី​។

យ៉ាងណាមិញ​មនុស្ស​ចំនួន ​២៣៩ នាក់ ​​​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មណ្ឌល​ MITA ​ក្នុង​អ្វី​ដែល​អ្នក​ធ្វើ​យុទ្ធនាការ​បាន​​ពិពណ៌នា​​ថា​ ជា​លក្ខខណ្ឌ «ហ្វូង​មនុស្ស​កកកុញ»។ ​

គណៈកម្មការ​ AHRC ​បាន​បន្ថែម​ថា អ្នក​​​​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជាច្រើន​ដែល​រស់នៅ​​ទីនោះ​សុទ្ធ​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព។

ប្រភព​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​នេះ​បាន​ប្រាប់​សារព័ត៌មាន​ដដែល​ថា​ មាន​តែ​មនុស្ស​ជាង​ពាក់​កណ្តាល​ប៉ុណ្ណោះ​ ដែល​បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​១ នៅ​ក្នុង​មណ្ឌល​​នេះ កាល​ពី​សប្តាហ៍​មុន​។ ​

លោក Sadaf Ismail​ អ្នក​គ្រប់គ្រង​កម្មវិធី​តស៊ូ​មតិ​សិទ្ធិ​ឃុំឃាំង​នៅ​មជ្ឈមណ្ឌល​ធនធាន ​Asylum ​Seeker បាន​​និយាយ​ថា ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​​​គួរ​តែ​ត្រូវ​បាន​ដោះលែង​ជា​បន្ទាន់​ ព្រោះ​ការ​រក្សា​គម្លាត​សង្គម​នៅ​ក្នុង​មណ្ឌល​នេះ​ពិបាក​អនុវត្ត​ណាស់៕