ចៅក្រម​អាមេរិក​ ដែល​ជំនុំ​ជម្រះ​រឿង​ក្ដី​រវាង​ក្រុមហ៊ុន​អេផល (Apple Inc.) និង​ក្រុមហ៊ុន​វីដេអូ​ហ្គេម​អេពីក​ហ្គេម​ (Epic Games, Inc.) បាន​បដិសេធ​មិន​បាន​ផ្ដល់​ឱ្យ​ភាគី​ទាំង ២ ​នូវ​ជ័យ​ជម្នះ​ពេញ​លេញ​។

លោកស្រី​ ខេត អាដាម​ ប្រធាន​ក្រុម​មេធាវី​តំណាង​ក្រុមហ៊ុន​អេផល​បាន​និយាយ​ថា ​សាលក្រម​នេះ​ គឺ​ «ជ័យ​ជម្នះ​ដ៏​ធំ ​១​» ដោយ​ចង្អុល​ទៅ​សេចក្ដី​សម្រេច​របស់​តុលាការ​ថា «អេផល​មិន​មែន​ជា​អាជីវកម្ម​រក​ស៊ី​ផ្ដាច់​មុខ ក្រោម​ច្បាប់​ស្ដី​ពី​ការ​ប្រកួតប្រជែង​របស់​សហព័ន្ធ​ ឬ​រដ្ឋ​ទេ​»​។

ប៉ុន្តែ​តុលាការ​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​អេផល​បាន​ប្រព្រឹត្ត​អំពើ​ប្រឆាំង​ការ​ប្រកួត​ប្រជែង​ ហើយ​បាន​រារាំង​ជម្រើស​របស់​អតិថិជន​ដោយ​ខុស​ច្បាប់​។

​តុលាការ​បាន​បង្ខំ​ក្រុមហ៊ុន​អេផល​ឱ្យ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផលិត​កម្មវិធី​នៅ​អាមេរិក​ចៀស​វាង​ឧបករណ៍​ទូទាត់​ប្រាក់​របស់​អេប​ស្ទរ​ (App Store) ដើម្បី​ប្រើប្រាស់​ឧបករណ៍​ទូទាត់​ប្រាក់​នៅ​ខាង​ក្រៅ​កម្មវិធី​វិញ​។ ការ​សម្រេច​នេះ​មាន​ន័យ​ថា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ចំនួន ៦០ ពាន់​លាន​ដុល្លារ​ ក្នុង ១​ ឆ្នាំ​របស់​អេប​ស្ទរ​នឹង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​មាន​ន័យ​ថា​ ក្រុមហ៊ុន​អេផល​នឹង​បាត់បង់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ពី​ថ្លៃ​សេវា​ ៣០ ភាគរយ​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំង​នេះ​។

ក្រុម​ហ៊ុន​អេផល​ នៅ​មិន​ទាន់​បញ្ជាក់​ថា​ពួកគេ​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍​ដែរ​ ឬ​ទេ​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ក្រុម​ហ៊ុន​អេពីក​នៅ​មាន​ភាព​មិន​ពេញ​ចិត្ត​ ហើយ​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​ឧទ្ធរណ៍ ពី​ព្រោះ​គោលដៅ​របស់​ពួកគេ​គឺ​ការ​រក្សា​ទុក​ឧបករណ៍​ទូទាត់​ប្រាក់​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ ដោយ​លុប​បំបាត់​ថ្លៃ​សេវា​របស់​អេផល​ ជាជាង​ការ​រំពឹង​ទៅ​លើ​ការ​ទូទាត់​ប្រាក់​នៅ​ខាង​ក្រៅ​កម្មវិធី​។

បន្ថែម​ពី​លើ​នេះ​ ក្រុមហ៊ុន​អេពីក​ចង់​មាន​សមត្ថភាព​ចែក​ចាយ​កម្មវិធី​របស់​ខ្លួន​ដោយ​ផ្ទាល់​ ដោយ​មិន​ចាំបាច់​រំពឹង​លើ​ក្រុមហ៊ុន​អេផល​ ហើយ​ពួកគេ​ក៏​ចង់​ឱ្យ​តុលាការ​ប្រកាស​ថា ​ក្រុមហ៊ុន​អេផល​ គឺ​ជា​អាជីវកម្ម​រក​ស៊ី​ផ្ដាច់​មុខ ដែល​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​៕