យោង​តាមអ​ង្គ​ការ​យូនីសេហ្វ (UNICEF) ប្រទេសអ៊ី​រ៉ាក់ បា​ន​ទ​ទួ​ល​វ៉ាក់​សាំង​ AstraZeneca ចំនួនជាង ១០ ម៉ឺន​ដូស​ពី​ប្រទេ​ស​អ៊ី​តា​លី​ តាមរយៈ​​គម្រោងចែ​ក​ចា​យ​វ៉ាក់​សាំ​ងកូវីដ ១៩ ជាសកល (COVAX)។

បើ​យោងតាម​សារព័ត៌មាន AFP ក្នុង​ចំណោម​មនុស្ស​​ជាង​​ ៤ លាន​នាក់ នៅ​អ៊ីរ៉ាក់ប្រជាជន​ប្រមាណ ១០ ភាគ​រយ​ បានទ​ទួលដូសទី១ រួច​ហើយ។

យោងតាម​សេ​ច​​ក្តី​ថ្លែ​ង​កា​រ​ណ៍​របស់យូនីសេហ្វ (UNICEF​) ដែល​សហការ​ជាមួយអ​ង្គការសុ​ខភាព​ពិភពលោក​ (WHO) នៅថ្ងៃ​អាទិត្យ ប្រទេ​ស​អ៊ី​រ៉ាក់ បានទទួលវ៉ាក់សាំង AstraZeneca ចំនួន ១០០ ៨០០ ដូស​ ជា​កា​រ​ចែ​ក​ចា​យ​លើកដំ​បូ​ង ដែល​ប្រទេសអ៊ីតាលី​​សន្យាថា​​នឹង​​បរិច្ចាគ​​វ៉ាក់សាំង​ប្រមាណ​ ១៥ លានដូស​ទៅឱ្យ​គម្រោង​ Covax។

យ៉ាង​ណាមិញ នៅ​មាន​មន្ទិល​ជាច្រើន​កើត​ឡើង​ជុំ​វិញការបរិច្ចាគ​​​វ៉ាក់​សាំង ដែល​ជាលទ្ធផល​នៃកា​រ​ផ្តល់​ព័ត៌មា​ន​មិន​ត្រឹមត្រូវ​ និ​ង​កា​រ​មិ​ន​​ទុ​ក​ចិ​ត្ត​ជា​សា​ធា​រ​ណៈ​​នៅ​ក្នុងរ​ដ្ឋ បាន​រា​រាំង​ដល់ការ​ប្រតិបត្តិការ​របស់​បុគ្គលិក​សុខាភិបាល។

គម្រោង​ Covax ត្រូវ​​បា​នគាំ​​ទ្រ ដោយ​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​ភ​ព​លោក​​ ដោយ​សម្ព័ន្ធភាពវ៉ាក់សាំង Gavi និងសម្ព័ន្ធ​ ដើ​ម្បី​កា​រ​ច្នៃ​ប្រ​ឌិ​តកា​រ​ត្រៀម​​​បង្ការការរាតត្បាត (CEPI) ដែល​មាន​គោល​បំណង​ធា​នា​ឱ្យ​ការ​ចែកចាយ​វ៉ាក់សាំងកូវីដ​ ប្រកបដោយសម​ធ​ម៌ ជាពិ​​សេ​ស​ដ​ល់​ប្រ​ទេ​ស ដែល​មា​​ន​ប្រា​ក់​ចំ​ណូល​ទាប៕