កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១២ កញ្ញា​ ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​ បាន​ស្វាគមន៍​កិច្ចព្រមព្រៀង​ជា​មួយ​អ៊ីរ៉ង់ ​ដើម្បី​ថែ​ទាំ​ឧបករណ៍​ឃ្លាំមើល​នៅ​រោងចក្រ​នុយក្លេអ៊ែរ ​ដោយ​សាទរហើយ​និយាយ​ថា ​កិច្ចព្រមព្រៀង​នេះ​ នឹង​ផ្ដល់​ពេលវេលា​ដល់​ការ​ចរចា​ការ​ទូត​។

កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង​ទីភ្នាក់ងារ​ថាមពល​អាតូមិច​អន្តរជាតិ​ (IAEA) បាន​ជួយ​បន្ធូរបន្ថយ​ចំណុច​តាន​តឹង​ក្នុង​ការ​ចរចា​ជាប់​គាំង​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ២០១៥ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​JCPOA​។​

ខណៈ​ពេល​ដែល​សង្កត់​ធ្ងន់​ថា​កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​ «ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​» អគ្គនាយក​ IAEA លោក​ រ៉ាហ្វាអែល ហ្គ្រូស៊ី​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​វិល​ត្រឡប់​ពី​ទីក្រុង​តេអេ​រ៉ង់​ថា«បញ្ហា​បន្ទាន់​បំផុត​» ត្រូវ​បាន​កែ​តម្រូវ​ដោយ​កិច្ចព្រមព្រៀង​នេះ​ ដែល​នឹង​«ទុក​ពេល​វេលា​សម្រាប់​ការទូត​»​។

ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​ ដក​អាមេរិក​ចេញ​ពី JCPOA ហើយ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ប្រទេស​អ៊ីរ៉ង់​ ក្រុង​តេអេ​រ៉ង់ ​បាន​ឈប់​អនុលោម​តាម​លក្ខខណ្ឌ​ជា​ច្រើន​នៃ​ JCPOA ដោយ​ចាប់​ផ្ដើម​ការ​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​​ដល់​កម្រិត​ខ្ពស់​។

អ្នក​ស្នង​តំណែង​ពី​លោក​ត្រាំ គឺ​លោក​ចូ បៃដិន ​បាន​បង្ហាញ​ឆន្ទៈ​ស្ដារ​ JCPOA ឡើង​វិញ​ ប៉ុន្តែ​រដ្ឋបាល​របស់​លោក​បាន​បង្ហាញ​ភាព​មិន​អត់​ធ្មត់​ចំពោះ​ការ​ជាប់​គាំង​នៃ​ការ​ចរចា​។

កាល​ពី​ដើម​ឆ្នាំ​នេះ​ អ៊ីរ៉ង់ ​បាន​ដាក់​កម្រិត​លើ​សមត្ថភាព​របស់​ IAEA ក្នុង​ការ​តាម​ដាន​សកម្មភាព​របស់​កម្មវិធី​នុយក្លេអ៊ែរ ដែល​ជា​ចំណុច​កកិត​ដ៏​ធំ​មួយ​ក្នុង​ការ​ចរចា​ស្ដារ ​JCPOA​។

ក្នុង​កិច្ចព្រមព្រៀង​ខាង​លើ​នេះ​ អ៊ីរ៉ង់​នឹង​អនុញ្ញាត​ឱ្យ​ IAEA ចូល​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​នានា​ដើម្បី​ថែទាំ​ឧបករណ៍​ឃ្លាំមើល​ ដូចជា​កាមេរ៉ា​ជា​ដើម​ ប៉ុន្តែ​ទិន្នន័យ ​បាន​ពី​ឧបករណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​ថែរក្សា​ដោយ​អ៊ីរ៉ង់​ ហើយ​នឹង​មិន​ត្រូវ​លុប​ចោល​ដរាបណា​កិច្ចព្រមព្រៀង​នេះ​នៅ​មាន​៕