កាល​ថ្ងៃ​អាទិត្យ​ ទី​ ១២ កញ្ញា​ អាកាសយានិក​កង​ទ័ព​អាកាស​អាហ្វហ្គានីស្ថាន​ ដែល​ភៀស​ខ្លួន​ទៅ​ជំរំ​មួយ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន ​ជិត ​១​ ខែ​មក​ហើយ​ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​អេមីរ៉ាត​អារ៉ាប់​រួម​ ក្រោម​កិច្ចព្រមព្រៀង​មួយ​ជា​មួយ​អាមេរិក​ បើ​ទោះ​បី​ជា​មាន​សម្ពាធ​ពី​ក្រុម​តាលីបង់​ក៏​ដោយ ដែល​បាន​ទាមទារ​ឱ្យ​ពួកគេ​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​យន្តហោះ​ពួកគេ​យក​ទៅ​តាម​។

ភ្នាក់ងារ​សារព័ត៌មាន​ Reuters គឺ​ជា​អ្នក​រាយការណ៍​ដំបូង​អំពី​ការ​ចាកចេញ​របស់​អាកាសយានិក​ទាំង​នេះ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ខាង​មុខ​នេះ​។ សហរដ្ឋអាមេរិក និង​ អ៊ូបេគីស្ថាន​មិន​អត្ថាធិប្បាយ​អំពី​ការ​រាយការណ៍​នេះ​ទេ​។

ភាព​តានតឹង​ បាន​កើន​ឡើង​នៅ​ក្នុង​ជំរំ​នេះ​បាន​កើន​ឡើង​ ខណៈ​ពេល​ដែល​អាកាសយានិក​មាន​ការ​ភ័យ​ខ្លាច​ថា​ ពួកគេ​នឹង​ត្រូវ​បាន​គេ​និរទេស​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ ហើយ​អាច​រង​ការ​សងសឹក​ពី​ក្រុម​តាលីបង់​។ ក្រុម​តាលីបង់​បាន​សន្យា​ថា ​នឹង​មិន​ធ្វើ​ការ​សម្លាប់​សងសឹក​ទៅ​លើ​អតីត​សមាជិក​នៃ​កង​កម្លាំង​សន្តិសុខ​របប​មុន​ទេ​ ប៉ុន្តែ​មាន​ការ​រាយការណ៍​ថា ​ក្រុម​តាលីបង់​ បាន​ធ្វើ​ឃាត​អាកាសយានិក​ជា​ច្រើន​នៅ​ខាង​ក្រៅ​បន្ទាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​។

ក្រុម​តាលីបង់​ មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ការ​រាយការណ៍​ទេ ប៉ុន្តែ​មាន​ការ​រាយការណ៍​ថា​ពួកគេ​បាន​ដាក់​សម្ពាធ​លើ​អ៊ូសបេគីស្ថាន​ឱ្យ​បញ្ជូន​អាកាសយានិក​ និង​យន្តហោះ​យោធា​មក​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ​អ្វី​នឹង​កើត​ឡើង​ចំពោះ​យន្តហោះ​យោធា​ទាំង​ ៤៦ គ្រឿង​ ដែល​អាកាសយានិក​ទាំង​នេះ បាន​ប្រើ​ដើម្បី​ហោះ​ទៅ​ប្រទេស​អ៊ូសបេគីស្ថាន​ ខណៈ​ពេល​ដែល​កង​កម្លាំង​ជើង​គោក​ដួល​រលំ​៕