ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​ជុំវិញ​ពិភព​លោក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រុង​ហ្ស៊ឺណែវ​ កាល​ពី​ថ្ងៃ​ចន្ទ ទី​ ១៣ កញ្ញា​ ដើម្បី​ពិភាក្សា​ការ​ផ្ដល់​ជំនួយ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោម​ការ​គ្រប់គ្រង​របស់​តាលីបង់​ ប្រទេស​ជិត​ខាង​ចិន​ និង​ប៉ាគីស្ថាន​ បាន​ចាប់​​ផ្ដើម​ផ្ដល់​ជំនួយ​រួច​ទៅ​ហើយ​ និង​បាន​​ពិភាក្សា​ការ​ផ្ដល់​បន្ថែម​ទៀត​នៅ​ពេល​អនាគត​។

ប្រទេស​ដែល​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​​ទសវត្សរ៍​នេះ​ គឺ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ និង​មនុស្សធម៌​ដ៏​រ៉ាំរ៉ៃ​ ហើយ​កំពុង​​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ​យ៉ាង​ខ្លាំង។

ប៉ុន្តែ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ​និង​ធនាគារ​ពិភព​លោក​បាន​ដក​ជំនួយ​ទាំង​អស់​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​លើកលែង​តែ​ជំនួយ​មនុស្ស​ធម៌។ ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​ក្រុម​តាលីបង់​រហូត​ដល់​ចលនា​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​នេះ​ គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា​ការ​ធានា​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​ស្ត្រី​។

ទុន​បម្រុង​ជាតិ​របស់​អាហ្វហ្គានីស្ថាន​ប្រមាណ​ ១០ ពាន់​លាន​ដុល្លារ​ ដែល​ទំនង​​ជា​ផ្ញើ​នៅ​សាខា​ធនាគារ​ជាតិ​អាមេរិក​ប្រចាំ​​ទីក្រុង​ញូវយ៉ក​ ក៏​ត្រូវ​បាន​បង្កក​ផង​ដែរ​។

កាល​ពី​សប្ដាហ៍​មុន តំណាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​អាហ្វហ្គានីស្ថាន​ លោកស្រី​ ដេបូរ៉ា ​លីយ៉ុង​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា​៖ «គោល​បំណង​ដែល​អាច​យល់​បាន​ គឺ​ការ​បដិសេធ​មិន​ឱ្យ​ប្រាក់​ទាំង​នេះ​ ដល់​រដ្ឋបាល​តាលីបង់​»​ ប៉ុន្តែ​ «ឥទ្ធិពល​ដែល​ចៀស​មិន​រួច ​គឺ​ជា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​អាច​បណ្ដាល​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ទៀត​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ និង​ភាព​អត់​ឃ្លាន អាច​បង្ក​ឱ្យ​មាន​រលក​ជនភៀស​ខ្លួន​ដ៏​ធំ​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​ពិត​ជា​ធ្វើ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន ​ដើរ​ថយ​ក្រោយ​ជា​ច្រើន​ជំនាន់​»​។

អាហ្វហ្គានីស្ថាន គឺ​ក្នុង​ចំណោម​ប្រទេស​​ដែល​ពឹង​ផ្អែក​លើ​ជំនួយ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​។ ជំនួយ​ពី​បរទេស​ គឺ​ស្មើ​នឹង​​ ៤០ ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​​សរុប​​របស់​អាហ្វហ្គានីស្ថាន​ និង​ផ្គត់ផ្គង់​ ៣ ​ភាគ​ ​៤ នៃ​ចំណាយ​សរុប​របស់​រដ្ឋាភិបាល។

អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​ ការ​ស្ទាក់ស្ទើរ​ ឬ​ការ​ឈប់​ផ្ដល់​ជំនួយ​ដោយសារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​កាន់​អំណាច​របស់​តាលីបង់ ​គឺ​សម​ហេតុផល។ ផ្ទុយ​ពី​ការ​សន្យា​ថា ​ពួក​គេ​នឹង​បង្កើត​រដ្ឋាភិបាល​ដែល​រួម​បញ្ចូល​គ្រប់​ភាគី​គណៈរដ្ឋមន្ត្រី​ស្ដីទី​ គឺ​ផ្សំ​ឡើង​ពី​សមាជិក​ជើង​ចាស់​នៃ​ក្រុម​តាលីបង់​ទាំង​ស្រុង​ដែល​ភាគ​​ច្រើន​មាន​ជំហរ​អភិរក្ស​និយម​ជ្រុល​ហើយ​ទំនង​នឹង​​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​ផ្ដាច់​ការ។​

ប៉ុន្តែ​សកម្មជន​ជា​ច្រើន​បាន​រិះគន់​ប្រទេស​ទាំង​នេះ​ថា​ មិន​បាន​រក​មធ្យោបាយ​ផ្សេង​សម្រាប់​ការ​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន​។ ​ពួក​គេ​បាន​លើក​ឡើង​ថា ​ប្រទេស​ទាំង​នេះ​គួរ​តែ​ចម្លង​គំរូ​ផ្ដល់​ជំនួយ​នៅ​ប្រទេស​យេម៉ែន ដែល​សមាគម​អន្តរជាតិ​ធ្វើ​ការ​ផ្ដល់​ជំនួយ​តាមរយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​មិន​ចាំបាច់​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​គ្រប់គ្រង​ប្រទេស។

យ៉ាង​ណា​មិញ ​កង្វះ​ជំនួយ​ពី​លោក​ខាង​​លិច​ គឺ​កំពុង​ជំរុញ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​ ឱ្យ​ខិត​ទៅ​ជិត​ប្រទេស​ចិន​ និង​​ប្រទេស​ប៉ាគីស្ថាន​ ដែល​បាន​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ជា​ម្ហូប​អាហារ​ ឱសថ និង​​ឧបករណ៍​សុខាភិបាល​រាប់​លាន​ដុល្លារ​ទៅ​ហើយ។

ប៉ាគីស្ថាន​មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​ក្រុម​តាលីបង់​ ហើយ​បាន​រង​ចោទ​ប្រកាន់​ថា ​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​នេះ​ ក្នុង​ប្រយុទ្ធ​ជាមួយ​អាមេរិក​ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​។

ចិន​ដែល​មាន​សម្ព័ន្ធភាព​រឹងមាំ​ជាមួយ​ប៉ាគីស្ថាន​ គឺ​បាន​កសាង​ទំនាក់ទំនង​ជាមួយ​ក្រុម​តាលីបង់​ផង​ដែរ​។ អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ ចិន​ត្រូវ​បាន​ទាក់ទាញ​ដោយ​កំណប់ ​រ៉ែ​ដ៏​ធំ​របស់​អាហ្វហ្គានីស្ថាន​ រួម​ទាំង​រ៉ែ​លោហៈ​លីចូម​ផង​ដែរ​ ដែល​មាន​តម្រូវ​ការ​ដ៏​ខ្ពស់​ក្នុង​វិស័យ​ផលិត​ថ្ម​សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន​ និង​យានយន្ត​អគ្គិសនី​។

បន្ថែម​ពី​នេះ ​ចិន​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​សាយ​ភាយ​អំពើ​ភេរវកម្ម​ចេញ​ពី​​អាហ្វហ្គានីស្ថាន​ឆ្លង​ដែន​ចូល​ទឹក​ដី​របស់​ខ្លួន​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​ជំរុញ​តាលីបង់​យ៉ាង​​ខ្លាំង​ឱ្យ​ជួយ​ទប់ទល់​ការ​សាយភាយ​។

អ្នក​ជំនាញ​មួយ​ចំនួន​ក៏​គិត​ថា ​ចិន​អាច​នឹង​រួម​បញ្ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្នុង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រវាត់​ និង​ផ្លូវ (Belt and Road Iniativeឬ​ BRI)​។ គេ​គិត​ថា​ អាហ្វហ្គានីស្ថាន​អាច​ចូលរួម​ក្នុង​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន-​ប៉ាគីស្ថាន​ (CPEC) ដែល​ជា​ស្នូល​មួយ​នៃ​ BRI​។

រដ្ឋាភិបាល​ចិន​មិន​ទាន់​បាន​អត្ថាធិប្បាយ​​​នៅ​ឡើយ​ទេ​ ចំពោះ​ការ​ចូល​រួម​របស់​អាហ្វហ្គានីស្ថាន​ក្រោម​ការ​គ្រប់គ្រង​របស់​តាលីបង់​ក្នុង​គម្រោង​ទាំង​នេះ​ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ វ៉ាង យី ​បាន​និយាយ​ថា​ ​ប្រទេស​ចិន​ នឹង​បន្ត​គម្រោង​សាងសង់​ខ្សែ​រថភ្លើង​ដឹក​ទំនិញ​រវាង​ប្រទេស​ទាំង​ ២៕